Ad Code

បង្ក្រាប​ទីតាំង​អន​ឡាញ​ ក្បែរ​សាលារៀន ឯ​អ្នកលេង​ គឺជា​សិស្ស​អាយុ​ក្រោម​១៥​ឆ្នាំ​



បាត់ដំបង ៖ ទីតាំង​ល្បែង​តាម​អន​ឡាញ ដែល​ជ្រក​ក្រោម​ស្លាក​អ៊ីនធឺណិត​ស្របច្បាប់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន នគរបាល​ក្រុង​បាត់ដំបង ធ្វើការ​បង្ក្រាប​ក្នុងករណី​ជាក់ស្តែង រួម​ជាមួយនឹង​សិស្សសាលា​អាយុ​ក្រោម​១៥​ឆ្នាំ ជាច្រើន​នាក់​ផងដែរ។​

​នៅ​ថ្ងៃទី១៤ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​ថ្ងៃត្រង់ លោក​វរសេនីយ៍ឯក​ ឆាង វណ្ណ​ឆៃ អធិការ​នគរបាល ក្រុង​បាត់ដំបង បាន​ដឹកនាំ​កម្លាំង​ចេញ​ប្រតិបត្តិការ​ទៅកាន់​ចំណុច​ក្បែរ​សាលា​វិទ្យាល័យ​ព្រះមុនីវង្ស ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព​ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បន្ទាប់ពី​មានការ​សំណូមពរ​ពី​សំណាក់​អាណាព្យាបាល​សិស្ស​ជ​ច្រើន​នាក់​រួចមក។

កិច្ចប្រតិបត្តិការ​នេះ​ គឺ​បាន​ធ្វើឡើង​ត្រង់​ផ្ទះ​បើក​អ៊ីនធឺណិត​មួយកន្លែង យីហោ​៩៩៩៩ NET ដោយ​ស្ត្រី​ដែល​ជា​ម្ចាស់​ទីតាំង​មាន ឈ្មោះ សយ នី មានមុខ​របរ​ ជា​អាជីវក​របើក​អ៊ីនធឺណិត ដោយមាន​ប័ណ្ណ​អាជីវកម្ម​ត្រឹមត្រូវ​ផងដែរ ដែល​ចេញពី​មន្ទីរ​ប្រៃសណីយ៍ ឯ​ស្វាមី​មានឈ្មោះ យ៉ង់ ផាត អាយុ ៦០ឆ្នាំ។​

ការបង្ក្រាប​នេះ​ គឺ​ដោយសារតែ​ម្ចាស់​អាជីវកម្ម​មិនបាន​គោរព​តាម​លក្ខខ័ណ្ឌ​ នៃ​ច្បាប់​អនុញ្ញាត ដោយ​ទី១-គឺមាន​ចម្ងាយ​ពី​សាលារៀន​មិន​ដល់១០០ម៉ែត្រ​ផង​ នេះ​បើ​យោងតាម​ផ្លូវច្បាប់​ត្រូវ​មាន​ចម្ងាយ​ចាប់ពី​៥០០​ម៉ែត្រ ​ឡើងទៅ។ ទី២-គឺ​នៅក្នុង​ទីតាំង​សុទ្ធសឹងតែ​ជា​ក្មេង​សិស្សសាលា ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ​ទាំងអស់។​

នៅក្នុង​កិច្ចប្រតិបត្តិការ​នោះ គឺមាន​សិស្ស​ប្រមាណ​ជិត៣០នាក់ ប៉ុន្តែ​ដោយសារ​ ម្ចាស់​ទីតាំង​បាន​រៀប​ផែន​ការ​បើក​ចំហទ្វារ​ខាងក្រោយ​ជាស្រេច ទើប​ធ្វើឲ្យ​សិស្ស​ទាំង​នោះ​រត់គេចខ្លួន​អស់ ដោយ​ឃាត់​ខ្លួន​បានតែ​៦​នាក់​ប៉ុណ្ណោះ ដើម្បី​យកទៅ​អប់រំ ព្រោះ​ពួកគេ​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ទាំងអស់។​

ឯ​សម្ភារៈ​ដែល​ដកហូត​បាន​រួមមាន ម៉ូ​លី​ទ័​រ ២០​គ្រឿង ឃីបត១៧ ស៊ីស្ទ័​រ ១៩ កង្ហារ១៥ កៅអី​ជ័រ១៨ និង​កៅអី​ត្រងោល​ជ័រ ចំនួន១៨ បច្ចុប្បន្ន​ដោយមាន​ការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា នួន សាន ផង​នោះ កម្លាំង​បាន​ប្រមូល​វត្ថុតាង ពាក់ព័ន្ធ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu