កាលពីថ្ងៃពុធ ស្ត្រីអារ៉ាប៊ីសាអ៊ូឌីតចំនួន១០នាក់ បានបង្ហាញខ្លួននៅតុលាការជាលើកដំបូងចាប់តាំងពីត្រូវបានឃុំខ្លួនកាលពីឆ្នាំមុនក្នុងការបង្ក្រាបយ៉ាងពេញទំហឹងមួយលើក្រុមសកម្មជន។
ការជំនុំជម្រះក្តីលើស្ត្រីទាំងនេះដែលត្រូវបានឃុំខ្លួនអស់រយៈពេលជិតមួយឆ្នាំដោយគ្មានការចោទប្រកាន់គឺបានកើតឡើងខណៈដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងព្យាយាមបន្ធូរបន្ថយការរិះគន់ជាអន្តរជាតិលើការធ្វើឃាតអ្នករិះគន់ Jamal Khashoggi កាលពីឆ្នាំមុន។
លោក Ibrahim al-Sayari ប្រធានតុលាការបាននិយាយថា សកម្មជនលេចធ្លោឈ្មោះ Loujain al-Hathloul, Hatoon al-Fassi, Aziza al-Yousef និង Eman al-Nafjan គឺស្ថិតក្នុងចំណោមអ្នកដែលបានចូលក្នុងតុលាការព្រហ្មទណ្ឌក្រុងរីយ៉ាដដែលជាកន្លែងពួកគេស្តាប់ការចោទប្រកាន់លើពួកគេ។
សមាជិកក្រុមគ្រួសាររបស់ស្ត្រីដែលមានមួយចំនួនត្រូវបានគេសង្ស័យថាត្រូវប្រឈមនឹងការធ្វើទារុណកម្មនិងការយាយីផ្លូវភេទអំឡុងពេលសួរចម្លើយនោះគឺត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងសវនាការប៉ុន្តែអ្នកកាសែតបរទេសនិងអ្នកការទូតលោកខាងលិចមួយក្រុមត្រូវបានរារាំង។
ការចោទប្រកាន់ប្រឆាំងនឹងស្ត្រីទាំងនេះមិនត្រូវបានគេបង្ហាញដល់សាធារណៈជនទេ។
ប៉ុន្តែអង្គការសិទ្ធិមនុស្ស ALQST ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយថា ពួកគេត្រូវបានឃុំឃាំងក្រោមច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិតរបស់ប្រទេសនេះដែលត្រូវជាប់ពន្ធនាគាររហូតដល់១០ឆ្នាំដោយផ្អែកលើទំនាក់ទំនងរបស់ពួកគេជាមួយ “អង្គភាពសត្រូវ” រួមទាំងអង្គការសិទ្ធិមនុស្សផងដែរ។
លោក Sayari បាននិយាយថា ស្ត្រីទាំងនោះនឹងមានសិទ្ធិទទួលបានមេធាវីឯករាជ្យសម្រាប់ការជំនុំជម្រះនេះ។
សកម្មជនជាច្រើននាក់ដែលភាគច្រើនបានធ្វើយុទ្ធនាការអស់រយៈពេលជាច្រើនឆ្នាំសម្រាប់សិទ្ធិក្នុងការបើកបរគឺត្រូវបានចាប់ខ្លួនកាលពីខែឧសភាឆ្នាំមុនពោលគឺត្រឹមតែមួយខែប៉ុណ្ណោះមុនពេលប្រទេសនេះបញ្ចប់ការហាមឃាត់ដ៏យូរអង្វែងរបស់ខ្លួនលើអ្នកបើកបរភេទស្រី។ មនុស្សមួយចំនួនត្រូវបានគេដោះលែងជាបន្តបន្ទាប់។
នៅពេលនោះ សកម្មជនត្រូវបានរងការចោទប្រកាន់ពីសំណាក់មន្ត្រីរដ្ឋាភិបាលមួយចំនួនពីបទធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិនិងជួយសត្រូវរបស់រដ្ឋខណៈប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយរដ្ឋបានចាត់ទុកពួកគេថាជាជនក្បត់ជាតិនិង “ភ្នាក់ងារស្ថានទូត”៕ AFP
Source: Kampuchea Thmey Daily
0 Comments