ភ្នំពេញ ៖ មជ្ឈមណ្ឌលធ្វើតេស្តផ្លូវការសម្រាប់ការធ្វើតេស្ត IELTS នៅកម្ពុជានៃស្ថាប័ន IDP Educationកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយជាមួយសាលាអន្តរជាតិ អេស អាយ អេស(SIS)សម្រាប់ធ្វើតេស្ត IELTS នៅកម្ពុជា។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IELTS Cambodia បានមានប្រសាសន៍ថា “យើងពិតជាមានក្តីសប្បាយរីករាយទទួលស្វាគមន៍សាលាអន្តរជាតិ អេស អាយ អេស ឲ្យធ្វើជាកន្លែងសម្រាប់ធ្វើតេស្ត IELTS នេះ។ អនុស្សារណៈនេះ ឆ្លុះបញ្ចាំងពីការកើនឡើងនូវការយល់ដឹងអំពីសារៈសំខាន់នៃពិន្ទុគោលសម្រាប់សមត្ថភាពភាសាអង់គ្លេសសម្រាប់គោលបំណងនៃការសិក្សា និងការលើកកម្ពស់អាជីពការងារនៅតាមស្ថាប័នឈានមុខគេនានានៅក្នុងប្រទេសកម្ពុជា។ យើងរីករាយ នឹងសហការជាមួយសាលាអន្តរជាតិ អេស អាយ អេស ដើម្បីបង្កើនចំនួនសិស្សធ្វើតេស្ត IELTS ឲ្យបានច្រើនបន្ថែមទៀត។”
លោកស្រី ងឿន ផល្លីនពោធីតា នាយិកាសាលាអន្តរជាតិ អេស អាយ អេស បានមានប្រសាសន៍ថា“សា លាអន្តរជាតិ អេស អាយ អេស គឺជាស្ថាប័នឈានមុនគេមួយក្នុងការបណ្តុះបណ្តាលថ្នាក់ភាសាអង់គ្លេស និងការអប់រំចំណេះទូទៅខ្មែរ អស់រយៈពេលជិត ១៧ ឆ្នាំមកហើយ។ សិស្សបញ្ចប់ការសិក្សាពីកម្មវិធីអប់រំចំណេះទូទៅ និងថ្នាក់វិទ្យាល័យ បានទៅបន្តការសិក្សា នៅតាមសាកលវិទ្យាល័យល្បីៗទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស” ។ “ហេតុនេះ ដើម្បីឆ្លើយតបនឹងកំណើនចំនួនសិស្សដែលចង់ទៅបន្តការសិក្សារបស់ពួកគេនៅក្រៅប្រទេស និងនៅតាមសាលាអន្តរជាតិនានា យើងបានសម្រេចចិត្តផ្តល់ការបណ្តុះបណ្តាលនិងការធ្វើតេស្ត IELTS នៅសាលាអន្តរជាតិ អេស អាយ អេស។ តាមរយៈពិន្ទុ IELTS ដែលទទួលបានពីការធ្វើតេស្តនៅសាលាអន្តរជាតិ អេស អាយ អេស សិស្សអាចចុះឈ្មោះបានដោយផ្ទាល់នៅសាលារៀនណាមួយ ឬដាក់ពាក្យសុំទិដ្ឋការ ឬការងារបានទាំងនៅក្នុងស្រុកនិងនៅក្រៅប្រទេស។”
IELTS គឺជាតេស្តភាសាអង់គ្លេស ដែលពេញនិយមជាងគេបំផុតនៅក្នុងពិភពលោក ដែលមានអ្នកធ្វើតេស្តច្រើនជាង 3 លាននាក់ជារៀងរាល់ឆ្នាំ និងមានស្ថាប័នជាង 10,000 កន្លែងទទួលស្តាល់នៅទូទាំងពិភពលោក – រួមទាំងសាកលវិទ្យាល័យ សាលារៀន ក្រុមហ៊ុន អាជ្ញាធរអន្តោប្រវេសន៍ និងស្ថាប័នជំនាញដទៃផ្សេងទៀតជាច្រើន – ដោយទទួលស្គាល់ថាតេស្ត IELTS គឺជាការកំណត់ពិន្ទុគោលលើសមត្ថភាពភាសាអង់គ្លេស។ IELTS គឺជាកម្មសិទ្ធិរួមរបស់ស្ថាប័ន British Council, IDP IELTS Australia និងCambridge Assessment English៕
Source: Kampuchea Thmey Daily
0 Comments