ភ្នំពេញ ៖ កុមារកំព្រាស្នាក់នៅអង្គការម៉ែកណា ដែលមានទីតាំងស្ថិតនៅភូមិទួលឆុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទទួលអំណោយជាអង្ករ និងសម្ភារៈសិក្សាមួយចំនួនពីក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃរបស់កុមារឲ្យកាន់តែប្រសើរឡើង។
អ្នកស្រី នាងសុភ័ណ ជាអ្នកថែរក្សាកុមារនៅអង្គការម៉ែកណាបានមានប្រសាសន៍ថា«ខ្ញុំសប្បាយរីករាយណាស់ដែលទទួលបានជំនួយផ្គត់ផ្គង់ជាចំណីអាហារ និងអង្ករពីក្រុមហ៊ុន អរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប។ក្មេងៗរបស់យើងពិតជាចាំបាច់ត្រូវការអាហារ ដើម្បីរស់រានមានជីវិត។អង្គការរបស់យើងខ្ញុំមានកង្វល់ពីការប្រឈមមុខនឹងបញ្ហាកង្វះស្បៀងអាហារ ប៉ុន្តែនៅពេលនេះ យើងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន អរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប ជាជំនួយដោះស្រាយជីវភាពក្មេងៗទាំងអស់គ្នានៅទីនេះបានទាន់ពេលវេលា។ ក្មេងៗទាំងអស់នឹងមិនចាំបាច់ព្រួយបារម្ភពីជីវភាពរស់នៅប្រចាំថ្ងៃទេ ពួកគេអាចផ្តោតការយកចិត្តទុកដាក់លើការសិក្សាដើម្បីអនាគតរបស់ពួកគេ»។
អ្នកស្រីបានបន្ថែមទៀតថា «យើងខ្ញុំទាំងអស់គ្នាសូមជូនពរដល់ក្រុមហ៊ុន អរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប ទទួលបានជោគជ័យយ៉ាងត្រជះត្រចង់ក្នុងមុខជំនួញរបស់ពួកគេ»។
លោកស្រី Evelyn Pek អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុបបានមានប្រសាសន៍ថា «ចាប់តាំងពី ក្រុមហ៊ុនរបស់យើងបានបង្កើតឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ពួកយើងបានផ្តល់អង្ករជាង២,០០០គីឡូក្រាម ជូនដល់អង្គការក្រៅរដ្ឋាភិបាលផ្សេងៗសម្រាប់ជួយទ្រទ្រង់ដោះស្រាយបញ្ហាជីវភាពរបស់កុមារ។ យើងជឿជាក់ថាកុមារគឺជាអនាគតរបស់ប្រទេសកម្ពុជា។ គោលដៅរបស់យើង គឺចង់រួមចំណែកជួយសម្រួលដល់ស្ថានភាពលំបាកកុមារកម្ពុជា ដើម្បីបង្កើតឱកាសអោយពូកគេទទួលបានការអប់រំអភិវឌ្ឍន៍ខ្លួនឯង និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនឡើងនាពេលអនាគត។ ថ្ងៃនេះក្រុមការងាររបស់យើងខ្ញុំបាននាំយកអង្ករចំនួន៣០០គីឡូក្រាមមកផ្តល់ជូនកុមារកំព្រានៅអង្គការម៉ែកណា ហើយយើងនឹងនៅតែបន្តផ្តល់ជំនួយនេះនាពេលអនាគតផងដែរ»។
កុមារី សុខា អាយុ៦ឆ្នាំមកពីអង្គការម៉ែកណាមានចំណាប់អារម្មណ៍ នៅក្នុងពិធីចែកអង្ករ និងសម្ភារៈសិក្សា របស់ក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុបថា«ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលបានឃើញពួកគាត់។ ពួកគាត់មានសណ្តានចិត្ដល្អណាស់ចំពោះយើងគ្រប់គ្នា ហើយគាត់បានលេងកំសាន្តជាមួយយើងទៀតផង។ ខ្ញុំសង្ឃឹមថាពួកគាត់នឹងត្រឡប់មកលេងជាមួយយើងលើកក្រោយទៀត»។
សូមជម្រាបថាក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប នឹងដាក់គោលដៅរបស់ខ្លួនបន្តក្នុងការចុះចែកអង្ករ គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សានិងសម្ភារៈកីឡា ជូនដល់កុមារកំព្រា និងសិស្សានុសិស្ស នៅតាមតំបន់ផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការចែករំលែកក្តីស្រឡាញ់ទៅដល់ពួកគេ៕
Source: Kampuchea Thmey Daily
0 Comments