Ad Code

អាជ្ញាធរ​ក្រុង​សិរីសោភ័ណ ​ព្រមាន​អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​ចម្ការ​គ​ និង​ផ្សារ​សិរីសោភ័ណ ដែល​នៅតែ​យក​លុយ​អ្នកលក់​តាម​កញ្ជើ កញ្ច្រែង



បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​ក្រុង​សិរីសោភ័ណ​ បាន​បើក​កិច្ចប្រជុំ​ ស្តីពី​​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​ បានធ្វើ​ការព្រមាន​ដល់​អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​ចម្ការ​គ និង​ផ្សារ​សិរីសោភ័ណ​ គឺ​ លោក​ ពេជ្រ ញាណ ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ លោក​ ថូ ម៉ាក់​ នោះ ថា​ នៅតែ​យកលុយ​អ្នកលក់​កញ្ច្រែង កញ្ជើ​ល្អី ដែល​ជា​ទង្វើ​ផ្គើន​នឹង​អនុសាសន៍ ​សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។

លោក​ ហ៊ឹល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​ នៅក្នុង​កិច្ចប្រជុំ​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​នៅក្នុង​ក្រុង​សិរីសោភ័ណ​ទាំងមូល​ បានធ្វើ​ការព្រមាន​ លោក​ ពេជ្រ ញាណ​ និង​ក្រុម​ទារ​ភាស៊ី​របស់​ក្រុមហ៊ុន​ លោក ​ថូ ម៉ាក់​ នៅ​ផ្សារ​ចម្ការ​គ​ ហៅ​ផ្សារ​ថ្មី​ ក្នុង​សង្កាត់​កំពង់ស្វាយ ​និង​ផ្សារ​សិរីសោភ័ណ​ក្នុង​សង្កាត់​ព្រះ​ពន្លា ដែល​បាន​អនុវត្ត​ផ្ទុយ​ពី​អនុសាសន៍​របស់​ សម្ដេច​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋា​ភិបាល ដោយ​សម្តេច​មិន​ឲ្យ​យក​ភាស៊ី ពី​បងប្អូន​ពលរដ្ឋ ​និង​អាជីវករ​ ដែល​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី​ឡើយ។

លោក​បន្តថា អ្នកម៉ៅការ​ភាស៊ី​ផ្សារ​ខាងលើ ត្រូវ​បញ្ឈប់​ការ​យក​ភាស៊ី​ពី​បងប្អូន លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី តទៅទៀត​ បើ​នៅតែ​មិន​ស្តា​ប់ លោក​នឹងធ្វើ​សំណើ​ទៅ​ថ្នាក់លើ ដើម្បី​សុំ​គោលការណ៍​ដក​ចេញ​ ឬ​បញ្ឈប់​ដំណើរការ​ភាស៊ី ​និង​អាជីវកម្ម​ផ្សារ​តែម្តង។

ជាការ​ឆ្លើយតប ​អ្នកម៉ៅការ​ដេញ​ភាស៊ី​ លោក ​ពេជ្រ ញាន និយាយ​ថា​ លោក ​និង​ក្រុម​ទារ​ភាស៊ី​បាន​យក​ភាស៊ី​ចឹ​ង​ហើយ ព្រោះ​លោក​ជា​អ្នក​ដេញ​ភាស៊ី​បាន បើ​មិន​ឲ្យ​យក​ភាស៊ី ​ទៅយក​អី​ទៅវិញ​ ហើយ​បងប្អូន ក៏​ចេះតែ​ឲ្យ​ភាស៊ី​មក​ដែរ។

លោក​ ពេជ្រ ញាណ បន្តថា​ តាម​ពិត​ អ្នកលក់ដូរ​កញ្ច្រែង​ទាំងនោះ គឺ​លក់​លើផ្លូវ​ជុំវិញ​ផ្សារ​ដែល​ក្រុមហ៊ុន ​លោក ​ថូ ម៉ាក់ ជា​អ្នក​សាងសង់​ ហេតុនេះ បើ​បងប្អូន​អ្នកលក់ មិន​ចង់​បង់​ភាស៊ី មានតែ​កុំ​លក់​លើផ្លូវ​នោះ ​គឺ​ទៅ​លក់​ក្នុង​ផ្សារ​ទៅ ​ម្យ៉ាង​បងប្អូន​អាជីវករ​ ឬ​ពលរដ្ឋ​ដែល​លក់ដូរ​ទាំងនោះ ក៏​មិន​មែន​លក់​លើ​កញ្ច្រែង ល្អី ឬ​កញ្ជើ​នោះ ទេ​ គឺ​លើ​តង់ លើ​កូន​រាន​ ឬ​ទ្រនាប់​អី​ផ្សេង​ទៅវិញ​ទេ ប៉ុន្តែ អ្នក​លក់ ​និង​មន្ត្រី​វាយបក​មកវិញ​ថា​ ទីលាន​ផ្សារ​មេឃ​ នៃ​ផ្សា​រទាំង​២​ គឺ​ផ្សារ​ចម្ការ​គ​ និង​ផ្សារ​សិរី​សោភ័ណ នៅ​ក្រុង​សិរីសោភ័ណ​នោះ ​ត្រូវបាន​ម្ចាស់​ផ្សារ​ និង​ជា​អ្នក​ដេញ​ភាស៊ី​ផ្សារ​នោះ អង្កន់​លក់​និង​ជួល​ឲ្យ​អ្នកលក់​ឥវ៉ាន់​ផ្សេងៗ​អស់ហើយ ពោល​គឺ ​គ្មាន កន្លែង​លក់​បន្លែ ត្រី​សាច់ និង​ទំនិញ​តាម​កញ្ច្រែង កញ្ជើ ល្អី​អី​តទៅទៀត​ឡើយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu