តាកែវ ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានប៉ូលិសស្រុកគីរីវង់ ធ្វើការឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដោយខុសច្បាប់ រួចកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការខេត្តតាកែវចាត់ការបន្ត។
ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៩និង២៥នាទីព្រឹក ក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
លោកវរសេនីយ៍ឯក យ៉ុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ និងចាត់ចែងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ករណី ត្រង់ចំណុចក្នុងផ្ទះរបស់ ឈ្មោះ ទូច ក្នុងភូមិ/ឃុំខាងលើ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដែលមាន ១.ឈ្មោះ សោម ទូច (ហៅ សច់ ) ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ (មុខសញ្ញាជួញដូរចាត់ចែងសម្រួលឲ្យប្រើប្រាស់នូវសារធាតុញៀន)។ ២.ឈ្មោះ ញ៉ុន សុខរ៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ ភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ (មុខសញ្ញាជួញដូរគ្រឿងញៀន)។ ៣.ឈ្មោះ សោម សា ភេទប្រុស អាយុ១៧ឆ្នាំ ភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ (មុខសញ្ញាជួញដូរចាត់ចែងសម្រួលឲ្យប្រើប្រាស់នូវសារធាតុញៀន)។ ៤.ឈ្មោះ ហែម ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ (មុខសញ្ញាជួញដូរនូវសារធាតុញៀន)។ ៥.ឈ្មោះ គឹម រឿន ភេទប្រុស អាយុ២៥ឆ្នាំ ភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់( អ្នកប្រើប្រាស់)។
ចំណែកវត្ថុតាងរឹបអូសរួមមាន ៖ ថ្នាំញៀនក្រាម ពណ៌ស០២កញ្ចប់តូច ម៉ូតូ១គ្រឿងម៉ាកYAMAHA FINO ពាក់ស្លាកលេខភ្នំពេញ1AL: 3008 រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនផងដែរ។
នៅចំពោះមុខប៉ូលិស ក្រុមជនសង្ស័យ បានសារភាពថា ពួកគេពិតជាបានចែកចាយ និងប្រើប្រាស់គ្រឿងញៀតពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំងប្រាំនាក់ខាងលើ ត្រូវបានប៉ូលិសការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments