ភ្នំពេញ ៖ ដើម្បីជាការចូលរួមចែករំលែកក្តីស្រលាញ់ជូនចំពោះប្រជាពលរដ្ឋខ្វះខាត និងលោកតាលោកយាយប្រមាណជាង១០០នាក់ លោកឧកញ៉ាចិត្តធម៌ ហ៊ួត ជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩កន្លងមកនេះ បានដឹកនាំសិល្បករ-សិល្បការិនី ចុះទៅចែកអំណោយដល់ពួកគាត់នាឱកាសថ្ងៃខួបកំណើតរបស់ខ្លួន។
ចំពោះអំណោយដែលត្រូវបាន លោកឧកញ៉ាចិត្តធម៌ ហ៊ួត ជា និងសិល្បករ-សិល្បការិនី នាំយកទៅចែកជូនដល់ លោកតា លោកយាយ និងប្រជាពលរដ្ឋខ្វះខាតនោះរួមមាន ៖ អង្ករ២តោន, ទឹកសុទ្ធ១០០កេស និងងៀត៥គីឡូ។ ម្យ៉ាងទៀត សម្រាប់ប្រជាពលរដ្ឋដែលទទួលបានអំណោយពី លោកឧកញ៉ា ហ៊ួត ជា នោះ គឺមានចំនួនសរុប១១៣គ្រួសារ រួមទាំងព្រះសង្ឃ ដែលកំពុងតែគង់នៅវត្តគល់ទទឹងផងដែរ។
លោកឧកញ៉ា ហ៊ួត ជា បានថ្លែងនាឱកាសចុះចែកអំណោយនោះថា សម្រាប់ថ្ងៃខួបកំណើតរបស់ខ្ញុំថ្ងៃនេះ គឺខ្ញុំគ្រាន់តែចង់ធ្វើការអំពាវនាវដល់បងប្អូនដែលមានលទ្ធភាពប្រារព្ធពិធីខួបកំណើត ជួបជុំមិត្តភ័ក្ដិផឹកស៊ីសប្បាយ បើអាច សូមមេត្តាប្ដូរមកធ្វើអំពើល្អវិញ គឺតាមរយៈការចែកទានជូនដល់ប្រជាពលរដ្ឋខ្វះខាត ឬក៏ចែកទានដល់ព្រះសង្ឃកំពុងគង់នៅតាមទីវត្តអាមដាច់ស្រយាលមួយចំនួនវិញ។
ជាការកត់សម្គាល់នៅក្នុងកម្មវិធីចែកអំណោយខាងលើនេះដែរ ក្រៅតែពីវត្តមានរបស់ លោកឧកញ៉ា ហ៊ួត ជា នោះ ក៏មានការចូលរួមដូចជា ៖ លោកឧកញ៉ា ដួង ឆាយ, លោក វិចិត្រ ដារ៉ា និងសិល្បករ-សិល្បការិនីមាន ៖ លោក សាន ផានិត ,លោក អ៊ឹម ជីវ៉ា ,អ្នកស្រី ប្រជ្រុយ ព្រមទាំងតារាសិល្បៈមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា ចំពោះសកម្មភាព នៃការចុះចែកអំណោយ និងរំលែកក្តីស្រលាញ់របស់លោកឧកញ៉ាចិត្តធម៌ ហ៊ួត ជា,លោកឧកញ៉ា ឌួង ឆាយ រួមទាំងសិល្បករ-សិល្បការិនីខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចបរិវេណវត្តគល់ទទឹង សង្កាត់ព្រែថ្មី ខណ្ឌច្បារអំពៅ ហើយការចុះចែកអំណោយនេះដែរ គឺបានធ្វើឡើងចំឱកាសថ្ងៃពិសេស គឺខួបកំណើតរបស់លោកឧកញ៉ា ហ៊ួត ជា៕
Source: Kampuchea Thmey Daily
0 Comments