ស្ទឹងត្រែង ៖ ទីតាំងកែច្នៃឈើខុសច្បាប់ចំនួន២កន្លែង ត្រូវបានកម្លាំងចម្រុះមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ ដឹកនាំដោយលោកវរសេនីយ៍ឯកវ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាប និងធ្វើការរឹបអូសឈើបានប្រមាណជាង១០ម៉ែត្រគូប។
ប្រតិបត្តិការ ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងក្រោយផ្ទះអ្នកភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ឯក វ៉ាសុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ទីតាំងកែច្នៃឈើខុសច្បាប់ខាងលើនេះ បានធ្វើសកម្មភាពជាយូរណាស់មកហើយ នៅក្រោយភូមិវាលដេញ បន្ទាប់ពីសមត្ថកិច្ចចុះស្រាវជ្រាវរកឃើញថា សកម្មភាពកែច្នៃឈើខុសច្បាប់ដោយគ្មានការអនុញ្ញាតពីជំនាញនោះ កម្លាំងរបស់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ធ្វើការចុះបង្ក្រាបតែម្តង។
លោកវរសេនីយ៍ឯកបានបន្តឲ្យដឹងទៀតថា ក្នុងការចុះបង្ក្រាបនេះ យើងរកឃើញឈើជាច្រើនប្រភេទដូចជាឈើគគីរ សុក្រំ ដួងចែម ដែលក្រុមឈ្មួញបានអារផែជាសន្លឹកៗដែលមានមុខកាត់ចាប់ 20 សង់ទីម៉ែត្រ 30 សង់ទីម៉ែត្ររហូតដល់ 60 សង់ទីម៉ែត្រកម្រាស់ 5 ហ៊ុនដែលគេកែច្នៃជាសន្លឹកទ្វារដឹកជញ្ជូនតាមរថយន្តសាំយ៉ុងទៅកាន់ទីផ្សារគោលដៅ។
លោកវរសេនីយ៍ឯកបន្តថា ឈើទាំងពីរទីតាំងនេះ ត្រូវបានក្រុមឈ្មួញធ្វើការកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋអារពុះច្រៀកយកមកទុកជាច្រើនគំនរនៅតាមរោងសិប្បកម្ម ជាប្រភេទឈើលេខ១ និងឈើលេខ២ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើផ្នែកថាឡាបរិវ៉ាត់យករថយន្តកែច្នៃនិងធ្វើការប្រមូលដឹកជញ្ជូនទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសំអាងដើម្បីបន្តចាត់ការទៅតាមនីតិវិធី។
បញ្ជាក់ថា ការបង្ក្រាបសិប្បកម្មកែច្នៃខុសច្បាប់ទាំងពីរកន្លែងនេះ មិនត្រូវបានធ្វើការឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះទេ គ្រាន់តែធ្វើការរឹបអូសឈើខុសច្បាប់ដឹកជញ្ជូនយកមករក្សាទុកតែប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments