Ad Code

ដំណើរការ​កសាង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​.​លូ​ចំនួន​៣​ជំហាន កន្លងមក​ក្នុង​រាជធានី​ភ្នំពេញ​ជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​ជំហាន​ទី​០៤



ភ្នំពេញ ​៖​ នៅ​ថ្ងៃ​ទី​៥​ ខែ​មីនា​​កន្លង​មក​នេះ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​យូ​ស៊ី​ណូ​ប៊ូ ហ្គូ​កូ​ស៊ី​ម៉ា នាយក​ទីចាត់ការ​អន្តរជាតិ​របស់​ក្រុមហ៊ុន​TOA Corporation ដែលជា​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​.​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​ដើម្បី​ជជែក​លើ​ការងារ​សាងសង់​គម្រោង​ខាងលើនេះ។

លោក​ឃួ​ង ស្រេង បាន​ថ្លែងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ផ្តល់​កិច្ចសហការ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ធានា​ឲ្យ​ការងារ ​គម្រោង​ខាងលើនេះ​ ប្រព្រឹត្ត​ទៅបាន​ទាន់​ពេល​វេលា​តាម​ការ​គ្រោងទុក។

លោក​អភិបាល​បន្តថា លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​សាងសង់​ការពារ​ទឹកជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​.​លូ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​៣​ជំហាន​កន្លងមក វា​ជា​បទពិសោធន៍​​​ដ៏​ល្អ​សម្រាប់​ការអនុវត្ត​នៅ​ជំហាន​ទី​៤​នេះ​ទៀត។

សូម​បញ្ជាក់​ថា គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​.​លូ​នៅ​រាជធានី​ភ្នំពេញ​ទាំង​៤​ជំហាន​នៅក្នុង​រាជធានី​ភ្នំពេញ​គឺជា​ជំនួយ​ឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន ហើយ​សម្រាប់​គម្រោង​ជំហាន​ទី​៤ ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៤​ ខែមីនា ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​គម្រោង​នេះ​នឹង​សម្រេច​ឲ្យ​រួចរាល់​នៅក្នុង​ឆ្នាំ ២០២១​ខាងមុខ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu