Ad Code

ឧបនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន​ ស្នើ​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច​ព្រំដែន​បង្រួម​ច្រក​ល្មើសច្បាប់



បន្ទាយមានជ័យ​ ៖​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើ​ដល់​អាជ្ញាធរ​ខេត្ត សមត្ថកិច្ច​ព្រំដែន ពិនិត្យ បង្រួម​ច្រក​របៀង​ល្មើសច្បាប់ ឲ្យ​នៅសល់​ចំនួន​តិច ខណៈដែល បច្ចុប្បន្ន​ច្រករបៀង ក្នុង​ខេត្តបន្ទាយមានជ័យ មាន​រហូត​ទៅដល់​ជាង​៤០​ច្រក លើ​ផ្ទៃដី ជាប់​ព្រំដែន​ថៃ ជាង​១៥០​គីឡូម៉ែត្រ។

ថ្លែង​ដូច្នេះ ក្នុង​ពិធី​បិទ សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ លើ​ទិសដៅ​បន្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩ នៅ​នឹង​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ បានលើកឡើង​ទៀតថា រឿង​ច្រករបៀង​ល្មើសច្បាប់​នេះ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ឲ្យ​អាជ្ញាធរ គ្រប់​ខេត្ត ជាប់​ព្រំដែន បិទ​ទាំងស្រុង។

ជុំវិញ​ការលើកឡើង​ខាងលើនេះ ឃើញថា ខេត្តបន្ទាយមានជ័យ មិនមាន​ការ​អន់​ថយ លើ​បញ្ហា​បិទ​ច្រករបៀង​ល្មើសច្បាប់​នោះឡើយ ដែល​នាំ​ឲ្យ​បទល្មើស​ព្រំដែន​កើត​ព្រោងព្រាត រួមមាន ៖ បទល្មើស​នាំ​រថយន្ត​ចង្កូត​ស្តាំ ម៉ូតូ​គេចពន្ធ ឈើ​គ្រញូង ជ្រូក​មាន់​ទា ...។

ស្រប​ពេលដែល​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ឲ្យ​បង្រួម​ច្រក​នេះ ដែរ ខេត្តបន្ទាយមានជ័យ កំពុងតែ​គ្រោង​បើក​ច្រក​តំបន់​មួយទៀត ដែល​ស្ថិតនៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ក្នុងភូមិ​ថ្ម​រមៀល​លិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​ការគ្រោង​នេះ មិនទាន់មាន​សេចក្ដីសម្រេច​ឲ្យ​បើក​ផង ការរៀបចំ កំពុងតែ​ចាប់ផ្តើម ដោយ​មានការ​ឈូសឆាយ​ភ្នំ ធ្វើ​ផ្លូវ​ឡើងទៅ គោលដៅ​ច្រក ដែល​គ្រោង​បើក​នេះ បានកើត​ឡើង​យ៉ាង​គគ្រឹកគគ្រេង បង្ក​ផលប៉ះពាល់​ដល់​តំបន់​ការពារទេសភាព​បន្ទាយឆ្មា។ តាមរយៈ​ការគ្រោង​បើក​ច្រក​នេះដែរ ធ្វើ​ឲ្យ​ដី តំបន់​នោះ​មាន​ហាងឆេង មានការ​ទិញ​លក់​ដី​ព្រោងព្រាត នាំ​ឲ្យ​មានការ​ទន្ទ្រាន​ព្រៃឈើ យក​ដី​ធ្វើ​កម្មសិទ្ធិ និង​មាន​លក់​តៗ​គ្នា សូម្បីតែ​ដីភ្នំ ក៏ត្រូវ​បាន​ទិញ​លក់​ដោយមាន​ទាំង​អាជ្ញាធរ ចុះហត្ថលេខា​ផងដែរ។

ជុំវិញ​បញ្ហា​ទិញ​លក់​ដី​តំបន់​ខាងលើនេះ លោក ឌៀប ឈួន អភិបាល​ស្រុក​ថ្មពួក បាន​បំភ្លឺ​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩ នេះ​ថា ពិតជា​មាន ការទិញ​លក់​តៗ គ្នា​មែន ដោយ ដី​ទាំងនោះ ភាគច្រើន​គឺ ទាហាន​ជា​អ្នកគ្រប់គ្រង ហើយ​បាន​លក់​បន្តបន្ទាប់ ហើយ​លោក​ក៏​ទទួលស្គាល់ថា ដី​តំបន់​នោះ ស្ថិតនៅក្នុង​ដី​ព្រះរាជក្រឹត្យ​នៅឡើយ និង​ខុសច្បាប់​មែន តែដោយសារ​មនោសញ្ចេតនា ទើប​អាជ្ញាធរ​បំពេញបែបបទ​ឲ្យ។

ជាមួយគ្នានេះដែរ​លោក យឹម លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ពិតជា​មានការ​ឈូសឆាយ ដី​ក្នុង​តំបន់ការពារទេសភាព​បន្ទាយឆ្មា ពិតមែន ហើយ​លោក ក៏បាន​ចាត់​ឲ្យ​មន្ត្រី​របស់លោក​ឲ្យ​ចុះ​ហាមឃាត់ និង​ប្រចាំការ​នៅ​ទីនោះ ជៀសវាង​មានការ​លួច​ទន្ទ្រាន​ជាថ្មី។ ដោយឡែក​ខាង​ក្រុមហ៊ុន បាន​ប្រាប់​មក​លោ​កថា កំពុងតែ​ស្មើ​សុំ ធ្វើ​អនុប្រយោគ​ចេញពី​តំបន់​ទេសភាព​បន្ទាយឆ្មារ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu