ភ្នំពេញ ៖ តារាចម្រៀងម្ចាស់បទ រាំញីកែងជើង លោក ងួន ចាន់ ដេវីត បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តបន្ទាប់ពីតារារៀមច្បងអាចារ្យ ធំ បានធ្វើការបង្ហោះឃ្លីបវីដេអូធ្វើការរិះគន់ជេរប្រមាថខ្លាំងៗលើអ្នកមានគុណរបស់ខ្លួនជាសាធារណៈនៅលើបណ្តាញសង្គម។ មិនតែប៉ុណ្ណោះអាចារ្យ ធំ ក៏បានជេរប្រមាថដល់លោក ម៉ៃ សុគន្ធ រួមទាំងតារាមួយចំនួនទៀតផងដែរ។
ការផ្ទុះប្រតិកម្មបង្ហាញការមិនសប្បាយចិត្តរបស់លោក ងួន ចាន់ ដេវីត ឬ G-devith ខាងលើនេះបានធ្វើឡើងស្របពេលដែលអាចារ្យ ធំ បាននិយាយប្រមាថបែបនេះថា ឥឡូវអញចង់ជេរហែងផ្តាំទៅអា G-devith និងអាណាទៀតស្លុយបើខ្លាំងលោតមកអញជេរហែងសម្រេចតែម្តង បើហែងចង់ប្តឹងអញ ហែងតេមកអញ ឬឲ្យមេធាវីហែងតេមកអញ…..ណាស់ឲ្យមេធាវីហែងតេមកអញ…..។
ផ្អែកតាមវីដេអូរបស់អាចារ្យ ធំ ដដែលនេះ បានបន្តថា នរណាក៏ដោយ ដែលបំផ្លាញជាតិ និងវប្បធម៌នេះ ដើម្បីចង់បានភាពល្បីល្បាញហែងតេមកអញ….។ អញជាប់គុកដោយសារក្បាលពួកហែងពេលអញចេញវិញអញជេរទៀត….អញងាប់ដោយសារពួកហែងអញប្តឹងព្រលឹងដូនតា អញ្ចឹងទេពួកហែងថយកម្ដៅថយចេញវិញពួកហែងគួរមានឧត្ដមគតិផងថា ផែនដីនេះ ពុំមែនរបស់ម៉ែ ពួកហែងទេ ហែងចេះឈឺចាប់ផងគេលួចអស់ហើយណា ហែងមានដឹងខ្លួនទេ ហែងឈឺចាប់ទេ ?អញជេរសម្រេច…..។
លើសពីនេះតារារ៉េបអាចារ្យ ធំ ក៏បានជេរប្រមាថដល់លោក ម៉ៃ សុគន្ធ ដែរថា អាណាចង់ប្តឹងអញអញជេរ ម៉ែអា ម៉ៃ សុគន្ធនិងG-devithអញជេរផ្តាំហែងអញ្ចឹង។
ជាប្រតិកម្មឆ្លើយតបចំពោះការជេរប្រមាថខាងលើតារាចម្រៀងលោក G-devith បាននិយាយថា ខ្ញុំមិនប្តឹងលោកទេ ខ្ញុំគ្មានសមត្ថភាពទេ ហើយខ្ញុំក៏គ្មានមេធាវីដែរ ខ្ញុំត្រឹមជាពលរដ្ឋម្នាក់ និង ជាមនុស្សរបស់មហាជន ត្រឹមមានសំបកកាយរស់នៅលើដែនដីសុវណ្ណភូមិដ៏ថ្លៃថ្លានេះក៏ចាត់ទុកថាជាសំណាងរបស់ខ្ញុំនៃការចុតិមកលើផែនដីនេះហើយ។
តារារ៉េបG-devithបានបញ្ជាក់ថា អ្នកម្តាយជាគោរពក្នុងនាមជាកូនប្រុសម្នាក់ដែលខំតស៊ូកន្លងមកឃ្លាតកាយឆ្ងាយស្រុកដើម្បីកសាងជីវិតគ្រួសារប្រពៃ តែអ្វីដែលអ្នកម្តាយទទួលបានគឺការជេរប្រមាថពីជននេះទៅវិញ កូនពិតជាឈឺចាប់។ ប៉ុន្តែកូនគ្មានលទ្ធភាពទៅតតាំងនឹងគេទេអោយកូនសូមអភ័យទោសផង កូនសង្ឃឹមថាកូននឹងអាចមានលទ្ធភាពលើកមុខមាត់លោកទាំងពីរអោយខ្ពស់ផុតពីភាពឈឺចាប់ទាំងនេះ។
បន្ថែមពីលើនេះ G-devith បានលើកឡើងថា កូនមិនដែលភ្លេចនូវគុណដែលម្តាយបានបង្កើតកូនមកឈាមទាំងថ្លុក កូននឹងខំប្រឹងប្រែងបន្ថែមទៀត បើគេប្រមាថកូនឈឺត្រឹម១ តែបើគេប្រមាថលោកទាំងពីរកូនឈឺលើសពីនេះ រាប់លានដងពីកូនប្រុស។
ដោយឡែកសម្រាប់តារាចម្រៀងលោក ម៉ៃ សុគន្ធ ឯណោះវិញក៏បានបញ្ចេញប្រតិកម្មបែបនេះថានេះហើយសម្តីអ្នកកាន់វប្បធម៌ចរិតបែបអាវាសែ គ្មានម៉ែគ្មានឪប្រដៅបាន។
តារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ បានបន្ថែមទៀតថា ហ្អែងគ្មានម៉ែទេអី បានហ្អែងយកម្តាយអ្នកដទៃមកប្រមាថ (អាចារ្យ ដុតខ្មោចពាក់ស្រោមមុខវប្បធម៌ដើម្បីប្រយោជន៍ខ្លួន ខ្ញុំមិនយកមេធាវីដ៏ល្អ ទៅជ្រលក់ជាមួយអាបុគ្គលបែក អាវាសែដូចហ្អែងទេ អាចារ្យ ដុតខ្មោច។
សូមបញ្ជាក់ថា សង្គ្រាមពាក្យរវាងតារាចម្រៀងរ៉េបអាចារ្យធំ , G-devith និងលោក ម៉ៃ សុគន្ធ កន្លងមកធ្លាប់កើតមានឡើងម្តងជាពីរដងរួចមកហើយ ខណៈដែលលោក G-devith និងលោក ម៉ៃ សុគន្ធ ឈរលើជំហរតែមួយ៕
Source: Kampuchea Thmey Daily
0 Comments