កំពង់ចាម ៖ សពបុរសជាងប៉ះកង់ ម៉ូតូម្នាក់ ត្រូវប្រជាពលរដ្ឋស្នាក់នៅផ្ទះជួលជិតខាង ប្រទះឃើញ ដួលស្លាប់នៅមុខផ្ទះ ដោយគ្មានអ្នកណាដឹង។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃទី07 ខែមីនា ឆ្នាំ2019 វេលាម៉ោង 07និង10នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអំពិល បានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ថា មានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ឈ្មោះ ស៊ាន ចាន់ថា ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងប៉ះកង់,ម៉ូតូ មានទីលំនៅភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដេកស្លាប់ នៅចំណុចមុខផ្ទះជួល ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បន្ទាប់មក កម្លាំងសមត្ថកិច្ចនគរបាល ជំនាញ អធិការដ្ឋាន នគរបាលស្រុកកំពង់សៀម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល សហការជាមួយ គ្រូពេទ្យ,អាជ្ញាធរមូលដ្ឋាន ចាត់វិធានការបន្ទាន់ចុះដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ។ បន្ទាប់មកទៀត ក៏បានបង្កើតគណៈកម្មការចម្រុះពិនិត្យលើសាកសព ដោយ ផ្នែកក្បាល ក ដងខ្លួន និងអវយវៈ ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ។
តាមប្រភពព័ត៌មានពី ឈ្មោះ រុណ ទី ភេទស្រី អាយុ២៣ឆ្នាំ ជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើត ភូមិទំនប់ថ្មី ឃុំជាន់តាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជួលបន្ទប់ជាប់ ឈ្មោះ ស៊ាន ចាន់ថា(ជនរងគ្រោះ) បានឲ្យដឹងថា កាលពីថ្ងៃ6មីនា វេលាម៉ោង12យប់ អ្នកស្រីបានឮសំឡេង ឈ្មោះ ស៊ាន ចាន់ថា ដេកថ្ងូរឈឺ តែដោយខ្លួនទើបចេញពីធ្វើការរោងចក្រហត់នឿយពេក ក៏ដេកលក់ទៅ។
នាងបានបន្តថា លុះរហូតដល់វេលាម៉ោង07ព្រឹកស្អែកឡើង នាងបានក្រោកពីដេក ចេញមកក្រៅ ក៏បានឃើញ ឈ្មោះ ស៊ាន ចាន់ថា ដេកស្លាប់នៅមុខផ្ទះជួលតែម្តង។
តាមការសន្និដ្ឋានរបស់គណៈកម្មការពិនិត្យលើសពបានឲ្យដឹងថា ឈ្មោះ ស៊ាន ចាន់ថា ពិតជាស្លាប់ដោយសារដោយសារសំពាធឈាមឡើងខ្ពស់ (ខ្យល់គរ) ពិតប្រាកដមែន ពុំជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
ប៉ូលិសបានបញ្ជាក់ថា សមត្ថកិច្ចបានទំនាក់ទំនងទៅបងប្អូនក្រុមគ្រួសារ នៃសព ឲ្យមកទទួលយកសាកសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments