Ad Code

ផ្សារ​ឯកជន​របស់​ឧកញ៉ា ឌួង តិច ​ត្រូវ​ភ្លើង​ឆេះ អស់​ជិត​១០​តូប



ភ្នំពេញ ៖ ទីតាំង​ផ្សារ​ឯកជន​មួយកន្លែង​របស់​ ឧកញ៉ា ឌួង តិច ស្ថិតនៅ​ក្នុង​ភូមិ​តា​សេ ​សង្កាត់​កំបូល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​អស់​ចំនួន​៨​តូប តែ​ក្រោយមក ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ ចេញ​ជួយ​អន្តរាគមន៍​ទាន់ពេល បើ​មិន​ដូច្នោះ​ទេវា​ នឹង​ខូចខាត​ច្រើន​ជាងនេះទៅទៀត តែ​ទោះជា​យ៉ាងណា ករណី​នេះ​ មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុ​ស្ស​ណា​ម្នាក់​ឡើយ។​

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​៦​ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​តូប​លក់​អីវ៉ាន់​ចាប់ហួយ ក្នុង​បរិវេណ​ផ្សារ​តា​សេក ស្ថិត​ក្នុង​ភូមិ​តាសេក​ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែន​ជ័យ។ មូលហេតុ​ នៃ​ការ​ឆេះ​នេះ​ គឺ​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​មាន​ផ្សែង​ហុយៗ​ចេញពី​ខាងក្នុង​តូប​លក់​អីវ៉ាន់​ចាប់ហួយ​មួយកន្លែង​ក្នុង​ផ្សារ​នេះ លាយឡំ​ជាមួយ​អណ្ដាតភ្លើង​តិចៗ​ផង ពេលនោះ​ប្រជាពលរដ្ឋ ​បាន​នាំគ្នា​ស្រែក​ឆោឡោ​ឡើង​និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះមក​ពិនិត្យ​ជួយ​អន្តរាគមន៍ តែ​ដោយសារ​ស្ថានការណ៍​ភ្លើង​ឆេះ​ខ្លាំង​ពេក​ មិនអាច​ជួយ​បាញ់​ទឹក​ពន្លត់​ដោយ​ខ្លួនឯង​បាន ​ក៏បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រចាំ​សាលា​ខណ្ឌ​ និង​ឡានទឹក​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​គ្រឿង​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ​រហូត​រលត់​ជា​ស្ថាពរ​។ អគ្គិភ័យ​នេះ បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ឡើង​អស់​ចំនួន​៨​តូប និង​ខូចខាត​សម្ភារៈ​ក្នុង​តូប​លក់ដូរ​នោះ​មួយ​ចំនួនធំ​ផង​ដែរ។​

ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ​ សមត្ថកិច្ច​ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង បាញ់​អស់ទាំង​៤​គ្រឿង ដោយ​ធ្វើការ​ពន្លត់​រហូត​រល​ត់​ទាំងស្រុង​នៅ​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ​ថ្ងៃទី​៧ ​ខែ​ឆ្នាំ​ដដែល។

បងប្អូន​ប្រជាពលរដ្ឋ​ ក៏​ដូច​អាជីវករ​ផ្សេងៗ​ គួរ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ពេល​ទៅណា​មក​ណា ​គួរ​តែ​បិទ​បារ៉ែត​ភ្លើង​ ឬ​ភ្លើង​ធូប​ទៀន​ជាដើម​ឲ្យ​អស់​ជាមុនសិន ​សឹម​ចាកចេញ​ ព្រោះ​មាន​គ្រោះ​អគ្គិភ័យ​ជាយ​ថាហេតុ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu