ព្រៃវែង ៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋជិត២៥០នាក់ ដែលពុលនំបញ្ចុក ហើយមកសម្រាកព្យាបាលនៅពេទ្យបង្អែកស្រុកព្រះស្តេចចំនួន៧២នាក់។
ការពុលនំបញ្ចុកនេះ គឺបន្ទាប់ពីពួកគាត់បានទៅចូលរួមនៅក្នុងកម្មវិធីបុណ្យសព៧ថ្ងៃ របស់អ្នកស្រុក នៅក្នុងភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្តេច។
នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក៏បាននាំយកថវិកាមួយចំនួនជូនអ្នកជំងឺផងដែរ និងបានណែនាំដល់គ្រូពេទ្យទាំងអស់យកចិត្តទុកដាក់ពិនិត្យព្យាបាលតាមដានអ្នកជំងឺ ធ្វើយ៉ាងណាឲ្យបានជាសះស្បើយគ្រប់ៗគ្នា។
តមក សម្ដេចក្រឡាហោម បានអញ្ជើញទៅពិនិត្យការស្ដារប្រឡាយបូព៌ា នៅឃុំបន្ទាយចក្រី ដែលមានប្រវែង២៥គីឡូម៉ែត្រ សាងសង់រួចចំនួន២១.៦០០ម៉ែត្រ បន្តសាងសង់ឆ្នាំ២០១៩ នេះ បានប្រវែង ៣.៤០០ម៉ែត្រ និងប្រឡាយរងចំនួន២.៦០០ម៉ែត្រ ព្រមទាំងសំណង់សិល្បការមួយចំនួនទៀត។
លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នេះជាគម្រោងរបស់រាជរដ្ឋាភិបាលផ្តល់ឲ្យតាមរយៈក្រសួងធនធានទឹក និងឧតុនិយម អនុវត្តន៍ស្តារប្រឡាយនេះឲ្យបានរួចរាល់ជាស្ថាពរនៅពេលខាងមុខ ដើម្បីជួយសម្រួលក្នុងស្រោចស្រពស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកព្រះស្តេចនេះ។
តមកទៀត សម្ដេច អញ្ជើញមកពិនិត្យស្រូវប្រាំង និងប្រឡាយបង្ហូរទឹក របស់ប្រជាពលរដ្ឋនៅឃុំអង្គររាជ្យ និងឃុំសេនារាជឧត្ដម។
ក្នុងនោះដែរ សម្តេចក្រឡាហោម ក៏បានអញ្ជើញទៅពិនិត្យស្ថានីយបូមទឹកសម្តេច ហ៊ុន សែន ទី៥០នៅក្នុងឃុំក្រាំងស្វាយ ដែលមានកម្លាំងផលិតក្នុងមួយម៉ោងគឺ៩.០០០ម៉ែត្រគីប។
សម្តេច អញ្ជើញទៅពិនិត្យស្រូវប្រាំង និងកន្លែងបូមទឹកនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងបានណែនាំអាជ្ញាធរ និងមន្ទីរធនធានទឹក បន្តបូមរហូតស្រូវប្រាំងរបស់ប្រជាពលរដ្ឋបានទុំ៕
Source: Kampuchea Thmey Daily
0 Comments