តាកែវ ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតក្នុងប្រឡាយទឹកអែបថ្នល់ ខណៈដែលបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ហើយបានរេចង្កូតដួលធ្លាក់ចូលប្រឡាយទឹកដោយខ្លួនឯង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយការធ្វេសប្រហែសខ្លួនឯងនេះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២២និង០០នាទី លើផ្លូវខ្នងប្រឡាយវាលស្រែទួលតាស៊ូង ភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ប៉ូលិសស្រុកព្រៃកប្បាសបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សុខ ភាស់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស។ ចំណែកម៉ូតូជនរងគ្រោះ ធ្វើដំណើរម៉ាក ហុងដា MSX ពាក់ស្លាកលេខ តាកែវ 1P 8758។
ប៉ូលិសបន្តថា ជនរងគ្រោះធ្វើដំណើរចេញពីវង់ផឹកស៊ីក្នុងស្ថានភាពស្រវឹង ហើយក៏បានរេចង្កូតម៉ូតូដួល និងធ្លាក់ប្រឡាយទឹកអែបថ្នល់ឈ្លក់ទឹកស្លាប់តែម្តងទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ នៃអធិការស្រុកព្រៃកប្បាស បានចុះពិនិត្យ និងធ្វើកំណត់ហេតុឃើញថា ជនរងគ្រោះពិតជាជិះម៉ូតូដួលធ្លាក់ប្រឡាយឈ្លក់ទឹកស្លាប់ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments