Ad Code

តុលាការ​ សម្រេច​ឃុំខ្លួន​នាយករង​សាលា​ភាសា​អង់គ្លេស​ម្នាក់ ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ ​មាន​ស្ថាន​ទម្ងន់​ទោស​



ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ បានបញ្ជាក់​ឲ្យ​ដឹងថា ​គ្រូបង្រៀន​ភាសា​អង់គ្លេស ​និង​ជា​នាយករង​សាលា ត្រូវបាន​បញ្ជូនទៅ​កាន់​ពន្ធនាគារ​ព្រៃ​.ស​ កាលពី​ព្រឹក​ថ្ងៃទី​២៣​ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រោយ​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន។

មន្ត្រី​សាលាដំបូង​បានឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២២​មីនា លោក​ស្រី​ ស៊ឺ វណ្ណ​នី បានសម្រេច​ចោទប្រកាន់​ជន​ល្មោភកាម​ ឈ្មោះ ចិន មករា ជា​គ្រូបង្រៀន ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពី​បទ​រំលោភ​សេពសន្ថវៈ ​មាន​ស្ថាន​ទម្ងន់​ទោស។​

​សិស្ស​ស្រី​រងគ្រោះ ​ឈ្មោះ ញ ស ណ ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ​ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

កាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​៤០​នាទី ក្មេង​ស្រី​រងគ្រោះ កំពុងតែ​រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​ឈ្មោះ សាលា​ភាសា​សាស្ត្រ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ពេល​នោះ​ ជនសង្ស័យ ដែល​ជា​នាយករង​សាលា​ភាសា​អង់គ្លេស​ខាងលើ បាន​បបួល​ក្មេង​ស្រី​រងគ្រោះ​ទៅ​ដើរលេង រួច​ក្មេង​ស្រី​រងគ្រោះ​ក៏​យល់ព្រម ហើយ​ជន​សង្ស័យ​ ក៏បាន​បើក​ម៉ូតូ ជិះ​ឌុប​គ្នា​តាម​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅដល់​ផ្ទះសំណាក់​ភ្នំ​មាស តាម​ផ្លូវ​ជាតិ​លេខ​៣ ស្ថិតនៅ​ភូមិ​ទួល​កី សង្កាត់ ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជន​សង្ស័យ​ ក៏បាន​បើក​ម៉ូតូ​ម៉ាក​ខាងលើ ​ឌុប​ក្មេងស្រី​រងគ្រោះ​ ចូលទៅ​ជួល​បន្ទប់ មិន​ចាំ​លេខ​ ដេក ហើយ​និយាយ​លួងលោម​ក្មេង​ស្រី​រងគ្រោះ​ថា ​បង​ស្រលាញ់​អូន​ឯង ចង់បាន​ខ្លួនប្រាណ​អូន​ឯង រួច​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​សម្រាត​ខោអាវ ចេញ​អស់ ហើយ​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​មួយ​លើក រួច​និយាយ​គំរាម​ក្មេង​ស្រី​រងគ្រោះ​ថា ទៅវិញ​ កុំ​និយាយ​ប្រាប់​ក្រុម​គ្រួសារ និង​អ្នកដទៃ​ឡើយ។​

រហូតដល់​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​១៥​នាទី ជនសង្ស័យ​ បាន​ទូរស័ព្ទ​ហៅ​ក្មេងស្រី​រងគ្រោះ​ឲ្យ​ទៅ​ជួយ​រៀបចំ​ឥវ៉ាន់​នៅ​ក្នុង​សាលា​ខាងលើ ពេល​ក្មេង​ស្រី​រងគ្រោះ​ទៅដល់​ជនសង្ស័យ​ក៏បាន​នាំចូល​ក្នុង​បន្ទប់​ការិយាល័យ រួច​ធ្វើ​សកម្មភាព​ចាប់​រំលោភ​សេពសន្ថវៈ លើ​ក្មេង​ស្រី​រងគ្រោះ​បាន​សម្រេច​មួយ​លើក​ទៀត ហើយ​បាន​និយាយ​គំរាម​ក្មេង​ស្រី​រងគ្រោះ​ដូចខាងលើ​ដែរ។​

លុះដល់​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​៣០​នាទី ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​រងគ្រោះ​មានការ​សង្ស័យ​ ឃើញ​ក្មេងស្រី​រងគ្រោះ​មាន​សភាព​ស្ងៀមស្ងាត់ សម្ងំ​តែ​ក្នុង​បន្ទប់ និង​បាន​និយាយ​ប្រាប់​បងៗ​ថា​ចង់តែ​ស្លាប់ ទើប​ក្រុមគ្រួសារ​បាននាំគ្នា​លួងលោម​សួរនាំ ហើយ​ក្មេងរងគ្រោះ​ក៏បាន​ប្រាប់​រឿងរ៉ាវ​ខាងលើ​ដល់​ឪពុកម្ដាយ និង​ក្រុមគ្រួសារ​ឲ្យ​បាន​ដឹង​រឿងហេតុ​ខាងលើ​តែម្តង ហើយ​នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ ទើប​ ឈ្មោះ ស ច ភេទ​ស្រី អាយុ​៤០​ឆ្នាំ ត្រូវជា​ម្តាយ​បង្កើត​របស់​ក្មេង​ស្រី​រងគ្រោះ បាន​នាំ​ក្មេងស្រី​រងគ្រោះ​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ដើម្បីឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍។​

នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​ ក៏បាន​ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ត្រង់ចំណុច​សាលា​ភាសា​សាស្ត្រ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ រួម​នឹង​វត្ថុតាង ម៉ូតូ​០១​គ្រឿង ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ និង​ទូរស័ព្ទ​ដៃ​ ម៉ាក​ណូគា ចុច​ពិល ពណ៌​ក្រហម​លាយ​ខ្មៅ យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ​ដើម្បី​ធ្វើការ​សាកសួរ។​

ជន​ល្មោភកាម ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​លួងលោម​ក្មេង​ស្រី​ទៅ​រួមភេទ​អញ្ចឹង​មែន។​ អំពើ​ល្មើស​របស់​ជន​ត្រូវ​ចោទ​ប្រឈម​មុខការ​ជាប់​ពន្ធនាគារ​ពី​១០ ​ទៅ​១៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​៦​លាន​រៀល​ទៅ​១០​លាន​រៀល៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu