Ad Code

ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ នឹង​ចាប់ផ្ដើម​នៅ​ខែ​ឧសភា ខាងមុខ​



​ភ្នំពេញ ​៖ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ទេព នីថា ថ្លែង​នៅក្នុង​ឱកាស​បិទ​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​លធ​.​ខ​ប​) គណបក្ស​នយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ស្ដីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ កាលពី​រសៀល ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ថា បច្ចុប្បន្ន គ​.​ជ​.​ប មានការ​មមាញឹក​យ៉ាង​ខ្លាំង ដើម្បី​រៀបចំ​ការងារ​ចំនួន​ពីរ នៅ​ចំពោះ​មុខ គឺ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩។​

លោក ទេព នីថា បាន​ពន្យល់ថា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​តម្រូវឲ្យ គ​.​ជ​.​ប ធ្វើការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត នៅ​ខែ​ឧសភា ជា​រៀងរាល់​ឆ្នាំ​។ ដោយឡែក​ចំពោះ​ឆ្នាំ ដែល​រៀបចំ​ការបោះឆ្នោត​ជាស​កល គ​.​ជ​.​ប អាច​សម្រេច​ពេលវេលា​ផ្សេង​ពីនេះ​។ តែ​នៅ​ឆ្នាំ​២០១៩ នេះ ពុំមាន​រៀបចំ​ការបោះឆ្នោត​ជាស​កល​ទេ មានតែ​ការបោះឆ្នោត​អសកល ទើប​នាំឲ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ត្រូវ​ធ្វើតាម​កាលកំណត់​រប​ស់​ច្បាប់​។​

ក្រៅពី​បានលើកឡើង​ពី​ទិដ្ឋភាព​ច្បាប់ និង​បាន​បកស្រាយ​នូវ​សំណួរ​របស់​សិក្ខាកាម លោក ទេព នីថា ក៏បាន​ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ទាំងអស់ ឲ្យ​ពង្រឹងសមត្ថភាព​របស់​ខ្លួន ដើម្បី​បន្ត​បណ្ដុះបណ្ដាល​តាម​ស្ថាប័ន​របស់ខ្លួន និង​ដើម្បី​បន្ត​ពង្រឹង​កិច្ចសហការ​តាម​តួនាទី ជំ​រុញឲ្យ​​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ ទទួល​បាន​ជោគជ័យ។

ជាមួយគ្នា​នោះ លោក​បាន​ណែនាំ​មន្ត្រី លធ​.​ខ​ប ឲ្យ​យកចិត្តទុកដាក់​លើ​ការងារ​មួយចំនួន​ដូចជា បន្ត​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អំពី​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នៅ​ថ្នាក់​រាជធានី ខេត្ត ដោយ​ត្រូវ​យកចិត្តទុកដាក់​បណ្ដុះបណ្ដាល​ឲ្យ​បាន​ស៊ីជម្រៅ អំពី​នីតិវិធី ​នៃ​ការអនុវត្ត​ការងារ​ទាំង​ទ្រឹស្ដី ទាំង​បច្ចេកទេស​កុំព្យូទ័រ​, តាមដាន និង​សម្របសម្រួល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ឃុំ សង្កាត់ ពិសេស​យកចិត្តទុកដាក់​ការដឹកជញ្ជូន ការ​បែង​ចែង និង​ថែរក្សា សម្ភារ ឯកសារ និង​បរិក្ខារ​បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត និង​ត្រូវ​ណែនាំ​គ្រូបង្ហាត់​ប្រចាំ​ក្រុង ស្រុក ខណ្ឌ ឲ្យ​ចុះ​តាមដាន និង​សម្របសម្រួល​ការងារ​ឲ្យបាន​ជាប្រចាំ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ទាក់ទង​នឹង​ការអនុវត្ត​នីតិវិធី​ចុះឈ្មោះ​បោះឆ្នោត ការបញ្ចូល និង​ការបញ្ជូន​ទិន្នន័យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​, បន្ត​កិច្ចសហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដើម្បី​សម្រប​សម្រួល និង​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការងារ​ចុះឈ្មោះ​បោះឆ្នោត ដែល​កើតមាន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ក្នុងអំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត និង​ត្រូវ​រាយការណ៍​ជាប្រចាំ និង​ជាបន្ទាន់​អំពី​ករណី​ដែល​ត្រូវ​ស្នើសុំ​យោបល់​ណែនាំ ឬ​ស្នើសុំ​ការ​ដោះស្រាយ​ពី គ​.​ជ​.​ប។ ទន្ទឹមនេះ ត្រូវ​យកចិត្តទុកដាក់​ស្នើសុំ​កិច្ចសហការ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទទួលបន្ទុក​ការងារ​សន្តិសុខ ដើម្បី​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ ក្នុងអំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត។​

សូមបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​ ធ្វើឡើង​រយៈពេល​៣​ថ្ងៃ បាន​ផ្តើម​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​សារព័ត៌មាន គ​.​ជ​.​ប ដោយមាន​អ្នកចូលរួម​ជាម​ន្ត្រី លធ​.​ខ​ប មន្ត្រី​នៅ​ទីស្ដីការ គ​.​ជ​.​ប តំណាង​គណបក្ស​នយោបាយ ចំនួន​៧ អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​១៦ សរុប​១០៣នាក់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu