Ad Code

សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ថា អភិបាលខេត្ត​ព្រះសីហនុ រំលោភ​សេចក្តី​ណែនាំ​របស់​សម្ដេច​តេ​ជោ និង​សុំ​ឲ្យ​សម្តេច​អនុវត្ត​អភិក្រម​ទី​៥ វះកាត់​សាច់​ស្អុយ​ចេញ​



ភ្នំពេញ​ ៖ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​មកពី​គណបក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បាន​អះអាង​ថា អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន កំពុង​រំលោភ និង​មើលងាយ​អនុសាសន៍​ណែនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​បំពាន​លើ​សេចក្ដីជូនដំណឹង​របស់​ក្រសួងកសិកម្ម តាមរយៈ​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ឈូសឆាយ​ធ្វើ​របង​លើ​ដី​ទំនាស់ ដែល​ស្ថិតនៅ​ភូមិ​គគី ដែល​ជា​ដី​របស់​រដ្ឋ ខណៈដែល​តុលាការ​បានចេញ​សេចក្ដីសម្រេច​ទាំង​ខុស​បែបបទ​គតិយុត្តិ​។

លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង អះអាង​បែបនេះ តាមរយៈ​របាយ​ការ​ណ៍​ចំនួន​២​ទំព័រ ដែល​ដាក់ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩​។

របាយ​ការ​ណ៍​របស់​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បាន​លើក​ឡើង​ថា ក្រោយពី​ក្រុមការងារ​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ចុះ​សិក្សា​ស្រាវជ្រាវ​រក​តម្រុយ​តាមដាន​ការអនុវត្ត​ច្បាប់​នៃ​លិខិត​បង្គាប់ការ​របស់​សាលាខេត្ត​ព្រះសីហនុ លើ​ការ​ចុះអនុវត្ត​សាលដីកា របស់​តុលាការ​កំពូល​បណ្ដេញ​ពលរដ្ឋ​ចេញពី​លើ​ផ្ទៃដី​ចំនួន​៧១ ហិកតា នៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ទទួល​បាន​តម្រុយ និង​ឯកសារ​ភស្តុតាង​មួយចំនួន​បន្ថែមទៀត ដែល​បង្ហាញ​ឲ្យ​ឃើញថា លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ កំពុង​រំលោភ​លើ​ការណែនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុលោម​តាម​ខ្លឹមសារ ដែល​មានចែង​ក្នុង​លិខិត​របស់​ក្រសួងកសិកម្ម​ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​។



ផ្ទុយទៅវិញ សាលាខេត្ត​ព្រះសីហនុ បាន​ចេញ​លិខិត​មួយ ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ឆ្លើយតប​ទៅ​លោក ថា​ន ថាវរៈ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​ឈ្មោះ គង់ វណ្ណា​, សៀន សុខ​, ទឹម​យ៉ាន​, ស៊ឹង ស៊ាន​, អែម អ៊ិន​, ច្រឹង វុត្ថា និង​ឈ្មោះ វិ​ន ស៊ែ ហៅ អ៊ុំ ស៊ែ ដែល​បាន​ស្នើសុំ​ឈូសឆាយ កាយ​ព្រំ​ធ្វើ​របង ដោយ​បញ្ច្រាស​ទាំងស្រុង​ទៅនឹង​ការណែនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅក្នុង​លិខិត​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ គឺ​សាលាខេត្ត​ព្រះសីហនុ បាន​ឯកភាព​ជា​គោលការណ៍​ឲ្យ​អ្នក​រំលោភ​ដី​ធ្វើ​របង​ទៅវិញ​។



គណៈប្រតិភូ​គណៈបក្ស​ខ្មែរ​ក្រោក​យល់​ឃើញ​ថា លោក យន្ត មីន ធ្វើការ​ដោយ​លែង​ខ្វល់​ពី​សេចក្តីសម្រេច​របស់​នាយ​ក​រដ្ឋមន្ត្រី​ទៅ​ហើយ ព្រោះ​សេចក្តីសម្រេច​ចេញ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ សាលាខេត្ត​ព្រះសីហនុ បានទទួល​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ស្រាប់តែ​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក យន្ត មីន បាន​អនុញ្ញាត​ឲ្យ​គេ​ធ្វើ​របង​លើ​ដី​រដ្ឋ ដែល​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​និរាករណ៍​រួច​ទៅ​ហើយ​នោះ​ទៅវិញ​។ នេះ​មានន័យថា លោក យន្ត មីន ពិតជា​មានការ​ពាក់ព័ន្ធ និង​មាន​ផលប្រយោជន៍​លើដី​នោះ​ជាក់​ជាមិនខាន​។

ជាមួយគ្នា​នោះ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ស្នើ​សុំ​ឲ្យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មេត្តា​ពិនិត្យ នឹង​សម្រេច​ករណី​ខាងលើនេះ តាម​អភិក្រម​ទី​៥ របស់​សម្ដេច ក្នុងការ​វះកាត់​ដំបៅ​មួយ​នេះ ដើម្បី​បង្ការ​មហារីក ដែល​កំពុងតែ​រីក​រាលដាល​។

ទាក់ទង​បញ្ហា​នេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដែលជា​ការឆ្លើយតប​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ដោយបាន​អះអាងថា ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី គឺ​តែងតែ​អនុវត្តតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ប្រមុខ​រាជរដ្ឋាភិបាល យ៉ាង​ខ្ជាប់ខ្ជួន និង​មាន​តួនាទី​ការពារ​កម្មសិទ្ធិ​ស្របច្បាប់ របស់​ប្រជាពលរដ្ឋ ការពារ​សម្បត្តិ​រួម ជួយ​សម្របសម្រួល ដឹកនាំ​ចូលរួម​អនុវត្ត​តាម​សំណើសុំ​របស់​ស្ថាប័ន​តុលាការ ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ រក្សា​របៀបរៀបរយ សណ្ដាប់ធ្នាប់​សង្គម ទប់ស្កាត់​ការ​រំលោភបំពាន​លើ​សិទ្ធិ​អ្នកដទៃ ទប់ស្កាត់​បាតុភាព​អនាធិបតេយ្យ ដែល​អាច​ឈានដល់​ចលាចល​សង្គម​។



សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ បាន​លើក​ឡើង​ទៀត​ថា អ្វី​ដែល​ជា​ការ​លើកឡើង​របស់លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង គឺ​គ្រាន់តែ​ដើម្បី​លើក​តម្លៃ​ផ្ទាល់ខ្លួន ដោយ​ប្រើ​ចរិត​អុជអាល ញុះញង់ បំបែកបំបាក់ ទាញ​យក​ផល​ទាញយក​ប្រជាប្រិយភាព ផលប្រយោជន៍ ដោយ​ពន្យុះ​មហាជន​ឲ្យ​មានការ​យល់​ច្រឡំ​មកលើ​រដ្ឋបាលខេត្ត ជាពិសេស​ការ​ដឹកនាំរ​ប​ស់លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​តែប៉ុណ្ណោះ ហើយ​រដ្ឋបាលខេត្ត​នៅតែ​រក្សា​ជំហរ​យ៉ាង​មុតមាំ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ស្របច្បាប់​របស់​ឯកជន ទ្រព្យសម្បត្តិ​រដ្ឋ ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។



បន្ទាប់ពី​ទទួលបាន​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នេះ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បាន​សរសេរ​លើ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា ”​បើ​ខុសត្រូវ​ទទួលខុស កុំ​ខ្វះ​ក្រមសីលធម៌ ចំណុច​ដែល​សម្ដៅ​ថា លោក​យន្ត មីន ព្រហើន​នោះ​​គឺ​ការ​ចេញលិខិត​បំពាន​លើ​លិខិត​ថ្នាក់​ជាតិ​របស់​ក្រសួងកសិកម្ម​លេខ​១០៨២ ដែល​យោង​តាម​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ចុះ​ថ្ងៃទី​៣១ មករា ២០១៩ ចំណុច​នេះ​ហើយ​ជា​ភស្តុតាង បញ្ជាក់​ថា លោក យន្ត មីន ព្រហើន​នោះ។ ខណៈ​ដែល​លិខិត​របស់​លោក​យន្ត​មីន ចេញ​នៅ​ថ្ងៃទី​២៧ កុម្ភៈ ឆ្នាំ ២០១៩ មាន​លក្ខណៈ និង​អត្ថន័យ​ផ្ទុយ​ទាំងស្រុង និង​លិខិត​របស់​ថ្នាក់​ជាតិ។ ក្នុងនាម​ជា​មន្ត្រី​ថ្នាក់ក្រោម​ជាតិ សុំ​កុំ​មាន​អត្តចរិត​ខ្វះ​ក្រមសីលធម៌ មិន​ព្រម​ទទួលកំហុស បែរជា​ចេញ​លិខិត​ជូនដំណឹង​វាយប្រហារ​មក​មន្ត្រី​ថ្នាក់​ជាតិ​បន្ត​ទៅ​ទៀត​”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu