នៅឆ្នាំ២០១៩ នេះមានកីឡាករសមាជិតក្រុមជម្រើសជាតិកម្ពុជា ចំនួន២នាក់កំពុងប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី (Malaysia Super League) ដោយក្នុងនោះមានកីឡាករ ចាន់ វឌ្ឍនាកា ជាសមាជិកក្លិបបាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) និងកីឡាករ ធារី ចន្ថាប៊ីន (Terengganu FA)។
សម្រាប់ប្រកួតសប្ដាហ៍ទី៥ ដែលធ្វើឡើងនៅចុងសប្ដាហ៍ថ្មីៗនេះក្រុម Terengganu FA ស្មើគ្នាជាមួយក្រុម Perak ១ទល់១ នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋានStadium Sultan Ismail Nasiruddin Shah ក្នុងទីក្រុង Kuala Terengganu។ ចំពោះក្រុម PKNS បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Stadium Darul Aman ក្នុងទីក្រុងAlor Setar ដោយប្រកួតស្មើគ្នាជាមួយម្ចាស់ផ្ទះ Kedah ០ទល់០ នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។
សូមរំលឹកថា រដូវកាលឆ្នាំ២០១៩ នៅលីគកំពូលប្រទេសម៉ាឡេស៊ីមានសមាជិកចំនួន១២ក្រុម ដែលត្រូវប្រកួតពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។ ក្រុមទាំង១២ត្រូវប្រកួតសន្សំពិន្ទុចំនួន២ជើង ហើយក្រុមជើងឯកទទួលកៅអីទៅលេងវគ្គចែកពូលពានរង្វាន់កម្រិតទ្វីបអាស៊ី (AFC Champions League group stage) និងក្រុមជើងឯករងទទួលបានរងទទួលបានកៅអីចូលលេងវគ្គជម្រុះពានរង្វាន់ AFC Champions League ជុំទី២។ ចំណែកក្រុមបាតតារាងចំនួន២ក្រុម វិញត្រូវធ្លាក់ទៅលេងនៅពានរង្វាន់លីគលំដាប់ទី២Malaysia Premier League។
សម្រាប់ប្រកួតបន្ទាប់ក្នុងសប្ដាហ៍ទី៦ វិញក្រុម Terengganu FA ត្រូវប៉ះក្រុម Melaka United នៅវេលាម៉ោង៨យប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានStadium Sultan Ismail Nasiruddin Shah ក្នុងទីក្រុង Kuala Terengganu។ ចំពោះក្រុម PKNS ត្រូវបើកទ្វាកីឡដ្ឋាន Stadium Shah Alam ក្នុងទីក្រុង Shah Alam ទទួលក្រុម Felda United នៅវេលាម៉ោង៨យប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ដូចគ្នា។
ចំពោះប្រទេសកម្ពុជា ធ្លាប់មានកីឡាករ៤នាក់ចេញទៅប្រកបអាជីពនៅលីគកំពូលប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៨ កន្លងទៅដោយក្នុងនោះមានកីឡាករ ចាន់ វឌ្ឍនាកា ចូលរួមក្លិប Pahang FA ហើយកីឡាករ កែវ សុខផេង ចូលរួមក្លិប PKNP កីឡាករ ប្រាក់ មុន្នីឧត្តម ចូលក្លិបNegeri Sembilan និងកីឡាករ ធារី ចន្ថាប៊ីន ចូលរួមក្លិបTerengganu FA។ ក្នុងចំណោមកីឡាករទាំង៤មាន៣នាក់ត្រូវក្លិបសម្រេចបញ្ចប់កិច្ចសន្យាត្រឹមពាក់កណ្ដាលរដូវកាលហើយមានតែ ធារី ចន្ថាប៊ីន ប៉ុណ្ណោះក្លិបរក្សាកិច្ចសន្យារហូតដល់ចប់រដូវកាលព្រមទាំងបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០១៩នេះទៀត៕
Source: Kampuchea Thmey Daily
0 Comments