ក្លិបបាល់ទាត់បឹងកេត សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនថាក្លិបដាក់គោលដៅទៅបោះជុំរុំហ្វឹកហាត់នៅខេត្តកំពត រយៈពេល៥ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពក្រុមបន្ថែម មុនពេលរដូវកាលថ្មីទាំងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ មកដល់។
នៅលើវិបសាយផ្លូវការក្លិបបឹងកេត បានបញ្ជាក់ថា ក្រុមទាំងមូលធ្វើដំណើរទៅកាន់ខេត្តកំពត ចាប់ពីថ្ងៃទី៤ដល់ទី៨ ខែមីនា ឆ្នាំ២០១៩ ហើយក្រៅពីធ្វើការហ្វឹកហាត់រួមគ្នា ក្លិបបឹងកេត ក៏បានរៀបចំកម្មវិធីប្រកួតមិត្តភាព ១លើកផងដែរ ដោយត្រូវជួបជាមួយក្រុមបាល់ទាត់បូរីរ័ត្ន អេហ្វស៊ី (ក្លិបមហាជនក្នុងខេត្តកំពត) ដែលនឹងប្រព្រឹត្តិទៅក្នុងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ លើទីលានបាល់ទាត់ខេត្តកំពត ផងដែរ។
លោក ហៅ សុជាតិ គ្រូបង្វឹករបស់ក្លិបបឹងកេតអែហ្វស៊ី បានបញ្ជាក់ថា ក្លិបរបស់លោកបច្ចុប្បន្នបានចុះបញ្ជីកីឡាករបរទេសគ្រប់ចំនួនហើយ ខណៈលោកក៏កំពុងព្យាយាមរៀបចំឲ្យបានរួចរាល់ដូចគ្នា មុនការប្រកួតដ៏ធំទាំង២ប្រចាំប្រទេសរួមមាន លីគកំពូល និង ពានសម្ដេចតេជោ ហ៊ុន សែន ចូលមកដល់។ បែបណាក្ដី លោកក៏បានបានសម្លឹងឃើញពីក្រុមមួយចំនួនដែលជាគូប្រជែងមានការរៀបចំខ្លួនបានប្រសើរច្រើនមុនយុទ្ធនាការរដូវកាលថ្មីមកដល់។
សូមរំលឹកថា ក្រុមបឹងកេត ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ចំនួន៣លើកផងដែរ ខណៈនៅរដូវកាលឆ្នាំ២០១៨ ថ្មីៗនេះក្លិបដែលមានប្រភពមកពីខេត្តកំពង់ចាម បានបញ្ចប់បេសកកម្ម របស់ខ្លួនក្នុងចំណាត់ថ្នាក់លេខ២ Metfone Cambodian League មាន៤៩ពិន្ទុ ក្រោយឈ្នះបាន១៥ លើក ហើយស្មើគ្នាបាន៤ លើកនិង ចាញ់៣ប្រកួត។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមបឹងកេត បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោយចាញ់ក្រុមណាហ្គាវើល៕
Source: Kampuchea Thmey Daily
0 Comments