ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ បានប្រារព្ធអបអរសាទរខួបលើកទី១០៨នៃទិវាអន្តរជាតិនារី០៨មីនាក្រោមប្រធានបទ“ តុល្យភាព ដើម្បីអភិវឌ្ឍន៍ “ដោយមានការចូលរួមពីយុវនារីដែលកំពុងធ្វើការនៅសេវា កំសាន្តសប្បាយនានា តំណាងរាជរដ្ឋាភិបាលតំណាង អង្គការមិនមែនរដ្ឋាភិបាលនិង ម្ចាស់គ្រឹះស្ថានកំសាន្តសប្បាយនានា។
លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាបានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០១៩នេះ ត្រូវបានរៀបចំឡើង ទូទាំងពិភពលោក និងដោយឡែក អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ទូទាំងសកលចំនួន៤២ប្រទេសក៏បានរៀបចំទិវានេះដែរ ដោយមានប្រធានបទតែមួយ “ តុល្យភាពដើម្បីអភិវឌ្ឍន៍ “ “BalanceForBetter” ដើម្បីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិ នារី ០៨ មីនាក្នុងឆ្នាំ២០១៩ ជាពិសេសនៅកម្ពុជា ដើម្បីលើកកម្ពស់ការចូលរួមពីអ្នកធ្វើការនៅគ្រឹះស្ថានកម្សាន្តសប្បាយក្នុងពិធីជាសារធារណៈ និងស្វែងការគាំទ្រដល់ស្ត្រីដែលកំពុងតែងាយរងគ្រោះនិងទទួលស្តាប់ឮសំឡេងនៃការទាមទាររកការគាំទ្រការយកចិត្តទុកដាក់ដល់ស្ត្រីលើបញ្ហាសុខភាព និងបញ្ហនានាដែលកំពុងកើតមានទៅលើពួកគេ។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា ការផ្តល់ការគាំទ្រដល់ស្ត្រីគឺដើម្បី ជំនះនូវឧបសគ្គទាំងឡាយក្នុងការទទួលបាននូវភាពស្មើគ្នា ការសេវាសុខភាពនិង សិទ្ធដែលជាការលើកកម្ពស់សុខភាពរបស់គាត់ ហើយជាពិសេសការថែទាំសុខភាពរបស់ស្ត្រី ដែលជាកត្តាចំបងនៃការរីកចម្រើនរបស់សង្គមជាតិទាំងមូល។
លោកស្រីបានបញ្ជាក់ថា «ការពិភាក្សា និងការបង្ហាញនាថ្ងៃនេះមានសារសំខាន់ពីការយល់ដឹងពីការលំបាក និងឧបសគ្គដែលកើតមានចំពោះស្ត្រីដែលមានតំណាងមកពីគ្រឹះស្ថានសេវាកម្សាន្តសប្បាយនានា ដើម្បីស្វែងរកដំណោះស្រាយ និងការគាំទ្រព្រោះថា អង្គការ AHF បានយកចិត្តទុកដាក់ទៅលើស្ត្រីដែលធ្វើការងារនៅកន្លែងកំសាន្តសប្បាយ ដែលកំពុងតែរងគ្រោះនិងប្រឈមមុខទៅនឹងការឆ្លង មេរោគអេដស៍ និងជំងឺអេដស៍ និងកាមរោគ និងស្ត្រីដែលងាយរងគ្រោះផ្សេងទៀត»។
លោកស្រីបានឲ្យដឹងទៀតថា «ការងារនេះយើងបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អង្គការដៃគូ រួមគ្នាប្រយុទ្ធនឹងមេរោគអេដស៍ និងស្វែងរកគ្រប់ការងារទាំងអស់ដើម្បីជួយគាំទ្រដោះស្រាយបញ្ហាដែលកើតមានឡើង និងសម្លេងរបស់ប្អូនៗត្រូវបានឭតាមរយៈទិវានាថ្ងៃនេះហើយការយកចិត្តទុកដាក់ដល់ស្ត្រីជាការរួមចំណែកមួយក្នុងការសុខសន្តិភាពនិងវឌ្ឍនភាពតាមទិសដៅនៃរាជរដ្ឋាភិបាល រាជាណាចក្រកម្ពុជា»។
លោកវេជ្ជបណ្ឌិតឈឹម សារ៉ាត់ នាយកអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំទ្វីបអាស៊ីបានមានប្រសាសន៍នៅក្នុងទិវាអន្តរជាតិនារី០៨មីនាថា ទិវាអន្តរជាតិនារី៨មីនាប្រារព្ធឡើងដើម្បីបំបាត់ចោលនូវ បញ្ហាប្រឈមជាឯកជន និងជាស្ថាប័ន និងរួមគ្នា បោះជំហ៊ាន និងមានសកម្មភាពជាក់ស្តែងពិសេសដើម្បីទទួលបានការគាំទ្រ ក៏ដូចជាការសន្យាចំពោះស្ត្រីដែលជាជនងាយរងគ្រោះនិង ស្វែងរកការទទួលបានការយកចិត្តទុកដាក់ពីសង្គម។
លោកបានបន្ថែមថា «ការយកចិត្តទុកដាក់និងគាំទ្រដល់សុខភាពស្ត្រីគឺជាកត្តាគន្លឹះនាំដល់ការសម្រេចបានជោគជ័យសំរាប់សុខសន្តិភាពនិងវឌ្ឍនភាព»៕
Source: Kampuchea Thmey Daily
0 Comments