​ភ្នំពេញ ​៖ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជំរុញ​ឲ្យ​ក្រុម​វិស្វករ​កម្ពុជា​ត្រូវ​ពង្រឹងសមត្ថភាព​ ដើម្បី​ដើរ​ឲ្យ​ទាន់​ទីផ្សារ​ការងារ​ដែល​កំពុង​មានការ​ចល័ត​ទាំង​នៅ​ក្នុង​ប្រទេស និង​អន្តរជាតិ​។​

ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​«​ចល័ត​ភាព​វិស្វករ និង​ការទទួលស្គាល់​គុណភាព​អប់រំ​វិស្វកម្ម​អន្តរជាតិ​» ដែល​រៀបចំឡើង​នា​ទីស្តីការក្រសួង​ការងារ កាលពី​ថ្ងៃទី​៤​មីនា ​នៅ​ទីស្តីការ​ក្រសួង ​លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា ការ​ពង្រឹង​លើ​សមត្ថភាព​មុខជំនាញ​វិស្វករ គឺជា​កត្តា​មួយ​សំខាន់​សម្រាប់​ឲ្យ​វិស្វករ​កម្ពុជា ​អាច​រក​ទីផ្សារ​ការងារ​ទាំង​ជាតិ ថ្នាក់​តំបន់​អាស៊ាន និង​លើ​ពិភពលោក​ផង​ដែរ​។

លោក​បាន​មានប្រសាសន៍​បន្ត​ថា ការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​នេះ ឲ្យ​មាន​ស្តង់ដារ​ជាតិ និង​អន្តរជាតិ និង​ជំរុញ​ក្រុម​វិស្វករ​កម្ពុជា​អាច​បម្លាស់ទី​ទៅធ្វើ​ការងារ​លើ​បណ្តា​ប្រទេស​ទាំង​ក្នុង​តំបន់​ និង​អន្តរជាតិ​បាន​ទៀតផង​។

ទោះជា​យ៉ាងនេះ​ក្តី លោក​រដ្ឋលេខាធិការ​ក្រសួង​ការងារ បាន​ណែនាំ​ឲ្យ​ក្រុម​វិស្វករ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ទាំងអស់ ត្រូវ​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា ដើម្បី​ទទួល​បានការ​ស្គាល់​ថ្នាក់​ជាតិ និង​ទទួលបាន​ការគ្រប់គ្រង​ដោយ​ស្របច្បាប់​។​

លោក លឹម សុ​ថាវ អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា ការ​កសាង​ធនធាន​បញ្ញវន្ត​វិស្វករ គឺជា​កត្តា​ចាំបាច់​បំផុត​សម្រាប់​សង្គមជាតិ ខណៈ​រាជរដ្ឋាភិបាល បាន​ធ្វើ​សមា​ហរណកម្ម​ក្នុង​តំបន់​អាស៊ាន សម្រាប់​ពង្រីក​ទីផ្សារការងារ​វិស្វកម្ម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក​បាន​ឲ្យ​ដឹង​បន្តថា រាជរដ្ឋាភិបាល បានរៀបចំ​ឲ្យ​មាន​តុល្យភាព​ក្នុង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​វិស័យ​វិស្វកម្ម​តំបន់ និង​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង នៃ​ការ​ទទួល​ស្គាល់គ្នា​ទៅ​វិញទៅមក​លើ​វិស័យ​វិស្វកម្ម​ក្នុង​តំបន់​អាស៊ាន​។

សូម​រំលឹកថា គណៈ​វិស្វករ​កម្ពុជា ត្រូវបាន​បង្កើតឡើង​ឆ្នាំ​២០០០ ក្នុង​គោលបំណង​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន ដើម្បី​គ្រប់គ្រង ពង្រឹង​គុណភាព និង​សមត្ថភាព​ប្រតិបត្តិ និង​តួនាទី​របស់​វិស្វករ​កម្ពុជា ក្នុង​ពេល​សមាហរណកម្ម​ក្នុង​តំបន់ និង​ពិភពលោក​៕




Source: Kampuchea Thmey Daily