ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូក្រសួងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំពិភាក្សាក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោក ហួង ធៀមទៀង ប្រធានប្តូរវេននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ក្រសួងបានឲ្យដឹងថា កិច្ចប្រជុំនោះ ផ្តោតជាសំខាន់លើប្រធានបទមានជាអាទិ៍ ទី១.វឌ្ឍនភាពអំពីការងារបង្កបង្កើនផល បញ្ហាតម្លៃ ទីផ្សារកសិផល និងសម្ភារកសិកម្ម ទី២.វិធានការទប់ស្កាត់ និងគ្រប់គ្រងបទ ល្មើសព្រៃឈើ និងនេសាទ ទី៣. កញ្ចប់ថវិការបស់ក្រសួង ទី៤.វឌ្ឍនភាពនៃការអនុវត្តដីសម្បទានសេដ្ឋកិច្ច ទី៥.ការប្រែក្លាយតំបន់កសិកម្មទៅជាតំបន់កសិ-ទេសចរណ៍ កសិ-ឧស្សាហកម្ម និងកសិ-ពាណិជ្ជករ ទី៦.ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម A ទៅ Z (ដាំដុះ ប្រមូលផល កែច្នៃ វេចខ្ចប់ ឡសម្ងួត ឃ្លាំងស្តុក ឃ្លាំងត្រជាក់ និងការនាំចេញ) ទី៧.ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ទី៨.ការយកចិត្តទុកដាក់ ថែរក្សា និងអភិរក្ស ជំនឿ វប្បធម៌ ប្រពៃណី និងសាសនារបស់បងប្អូនជនជាតិភាគតិច ពិសេសការអភិវឌ្ឍសហគមន៍ព្រៃឈើ។
ក្រសួងបានបន្តថា តាមកម្មវិធីដែលបានគ្រោងទុក បន្ទាប់ពីលោកប្រធានប្តូរវេនមានមតិស្វាគមន៍រួចមក លោក រដ្ឋមន្ត្រីបានរាយការណ៍ជូនកិច្ចប្រជុំពិភាក្សាដោយសង្ខេបជាបន្តបន្ទាប់ទៅតាមអនុវិស័យនីមួយៗជាអាទិ៍ អនុវិស័យដំណាំគ្រប់ប្រភេទ ព្រៃឈើ ជលផល ផលិតកម្មសត្វនិងសុខភាពសត្វ និងអនុវិស័យកៅស៊ូ ដោយផ្តោតជាសំខាន់ទៅលើវឌ្ឍនភាព គោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម និងបញ្ហាប្រឈមពាក់ព័ន្ធ។
ក្នុងកិច្ចពិភាក្សា លោកប្រធានគណបក្សដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានចោទសួរ លើកសំណើ សំណូមពរ ផ្លាស់ប្តូរទស្សនវិស័យ និងផ្តល់មតិសំខាន់ៗទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្ម និងវិធីសាស្ត្រ ឬយុទ្ធសាស្ត្រដោះស្រាយបញ្ហា។ល។ ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានបកស្រាយ និងគូស បញ្ជាក់អំពីយន្តការនៃដំណោះស្រាយបញ្ហាដោយឈរលើគោលការណ៍បច្ចេកទេស ច្បាប់ គោលនយោបាយ និងជាសំខាន់គឺយោង ទៅតាមតួនាទី និងភារកិច្ចរបស់ក្រសួងដែលមានលក្ខណប្រទាក់ក្រឡា ស៊ីជម្រៅ ទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព និងជាពិសេសសមស្របតាមនិន្នាការនយោបាយ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាសកល ការវិវឌ្ឍន៍របស់ប្រទេសជាតិទាំងផ្នែកសេដ្ឋកិច្ច ប្រជាជន កំណើនភ្ញៀវទេសចរណ៍ សេចក្តីត្រូវការស្បៀង ការប្រកួតប្រជែងទីផ្សារក្នុង និងក្រៅប្រទេស និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មទំនើបៗ។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណជាអនេកជូនចំពោះសមាជិក សមាជិកានៃអង្គពិភាក្សា ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមក្នុងអង្គពិភាក្សា និងបានផ្តល់មតិដែលជាពុទ្ធិ និងធាតុចូលដ៏សំខាន់សម្រាប់ជាគន្លឹះក្នុងការដោះស្រាយបញ្ហាជាគោលធំៗ ដើម្បីឈានទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានចីរភាព និរន្តរភាព និងភាតរបរិស្ថាន ឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០៕
Source: Kampuchea Thmey Daily
0 Comments