មន្ត្រីសេតវិមានជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកការទូតអាមេរិកបានទៅសួរសុខទុក្ខបុរសសញ្ជាតិអាមេរិក-អារ៉ាប៊ីសាអ៊ូឌីតម្នាក់ ដែលត្រូវបានគេរាយការណ៍ថា ត្រូវរងការធ្វើទារុណកម្ម ខណៈពេលជាប់ពន្ធនាគារក្នុងសណ្ឋាគារ Ritz-Carlton នៅទីក្រុងរីយ៉ាដ។
ដោយដកស្រង់ការរៀបរាប់លម្អិតពីមិត្តភក្តិម្នាក់ដែលមិនបញ្ចេញឈ្មោះ, កាសែត New York Times បានរាយការណ៍ថា ឆ្មាំបានអូសលោក Walid Fitaihi ដែលជាគ្រូពេទ្យទទួលការហ្វឹកហ្វឺនពីសាកលវិទ្យាល័យ Harvard ទៅបន្ទប់មួយនៅក្នុងសណ្ឋាគារនេះដែលជាកន្លែងគាត់ត្រូវបានគេទះកំផ្លៀង រុំភ្នែកនិងចងជាប់កៅអី។
កាសែត The Times បានរាយការណ៍ថា បន្ទាប់មកពួកគេបានធ្វើទារុណកម្មគាត់ជាមួយនឹងការឆក់ខ្សែរភ្លើងនៅក្នុងការសួរចម្លើយមួយដែលមានរយៈពេលប្រហែលមួយម៉ោង។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Bolton ត្រូវបានសាកសួរអំពីទង្វើដែលគេធ្វើដាក់លោក Fitaihi នៅក្នុងបទសម្ភាសន៍មួយនៃកម្មវិធី “State of the Union” របស់ទូរទស្សន៍ CNN។
លោកនិយាយថា “នៅពេលនេះ ខ្ញុំយល់ថាយើងមានអ្វីដែលគេហៅថា ដំណើរការកុងស៊ុលដែលនេះមានន័យថា ក្រុមអ្នកការទូតអាមេរិកនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានទៅសួរសុខទុក្ខគាត់”។ លោក Bolton បានបន្ថែមទៀតថា “លើសពីនេះទៅទៀត យើងពិតជាមិនមានព័ត៌មានបន្ថែមទេនៅពេលនេះ”។
លោក Fitaihi អាយុ៥៤ឆ្នាំគឺជាម្នាក់ក្នុងចំណោមជនជាតិអារ៉ាប៊ីសាអ៊ូឌីតលេចធ្លោប្រហែល២០០នាក់ដែលត្រូវបានឃុំឃាំងនៅក្នុងសណ្ឋាគារប្រណីតរបស់ទីក្រុងរីយ៉ាដជាផ្នែកមួយនៃការបង្ក្រាបយ៉ាងពេញទំហឹងលើអំពើពុករលួយក្រោមការគ្រប់គ្រងរបស់ព្រះអង្គម្ចាស់ Mohammed ។
ភាគច្រើននៃអ្នកដែលត្រូវបានឃុំខ្លួនគឺត្រូវបានគេរាយការណ៍ថា ត្រូវបានគេធ្វើទារុណកម្មនិងរំលោភបំពានហើយអ្នកខ្លះត្រូវបានបង្ខំឲ្យបង់ប្រាក់ជាច្រើនដើម្បីទទួលបានការដោះលែង។
លោក Fitaihi គឺជាមនុស្សម្នាក់ក្នុងចំណោម៦០នាក់ដែលត្រូវបានឃុំខ្លួនសម្រាប់ការកាត់ទោសបន្ទាប់ពីការបង្ក្រាបរយៈពេល១៥ខែដែលត្រូវបានគេមើលឃើញថាជាការពង្រឹងអំណាចរបស់ព្រះអង្គម្ចាស់ Mohammed៕ AFP
Source: Kampuchea Thmey Daily
0 Comments