កំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកកាមរីឆ្លាម បុកជាមួយ រថយន្តម៉ាកសាំយ៉ុង និងម៉ូតូ០៣គ្រឿងទៀត ដែលកំពុងចរាចរណ៍ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យមនុស្សប្រុស/ស្រី៦នាក់ រងរបួសធ្ងន់និងស្រាល វេលាម៉ោង១៩និង៥៥នាទី ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លើផ្លូវកំណាត់ផ្លូវខេត្ត ចំណុចខាងជើងគល់ស្ពានមិត្តភាពកម្ពុជា អូស្ត្រាលី ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2N.1136 បើកបរទិសពីជើងទៅត្បូង ដោយ ឈ្មោះ ចេវ កុយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិស្លាខាងលិច ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ របួសស្រាល ត្រូវបាននាំខ្លួនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ។
ឯរថយន្តម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ2AA.4074 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ណែម ដាលីម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិផ្តៅពេន ឃុំកាំងក្រូច ស្រុកសំរោង ខេត្តកំពង់ស្ពឺ របួសស្រាល។ ចំណែកម៉ូតូម៉ាកស៊ុយសូគីស្មាក់រីវូ ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ធំ1D.7450 បើកបរទិសស្របគ្នា នឹងរថយន្តសាំយ៉ុង បើកបរដោយ ឈ្មោះ តុនសុខន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់បន្លែ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន របួសស្រាល មិនពាក់មួកសុវត្ថិភាព។
ម៉ូតូម៉ាកហុងដាស្កូពី ពណ៌ស ស្លាកលេខកំពង់ធំ1N.7506 ទិសដៅស្របរថយន្តសាំយ៉ុង បើកបរដោយ ឈ្មោះ ន ស្រីរដ្ឋ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់បន្លែ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព។
ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1I.9503 ទិសដៅស្របរថយន្តសាំយ៉ុង បើកបរដោយ ឈ្មោះ តុលា ភេទប្រុស អាយុ២៣ឆ្នាំ គ្រូបង្រៀន រស់នៅភូមិអូរត្នោត ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំរបួសស្រាល ពាក់មួកសុវត្ថិភាព។ អ្នករួមដំណើរចំនួន០២នាក់ ៖ ១-ឈ្មោះ ភោគ ស៊ីវហូយ ភេទស្រី អាយុ២៣ឆ្នាំ គ្រូបង្រៀន របួសស្រាល មិនពាក់មួកសុវត្ថិភាព។ ២-ឈ្មោះ សយ ស៊ីណាវ ភេទស្រី អាយុ២៣ឆ្នាំ គ្រូបង្រៀនរបួសស្រាល មិនពាក់មួកសុវត្ថិភាព ទាំងពីរនាក់ រស់នៅភូមិ/ឃុំ ជាមួយអ្នកបើកបរម៉ូតូ រីឯវត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ មូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្តកាមរីឆ្លាម បើកបរក្នុងស្ថានភាពស្រវឹងដែលមានជាតិអាល់កុលកម្រិត០,៩១មិល្លីក្រាម ក្នុងមួយលីត្រខ្យល់៕
Source: Kampuchea Thmey Daily
0 Comments