Ad Code

វេ​ណ​ហ្ស៊ូ​អេ​ឡា​បណ្តេញ​បេសកជន​អាល្លឺម៉ង់​ដោយសារ​គាំទ្រ​លោក Guaido ស្របពេល​អាមេរិក​រឹតបន្តឹង​ទណ្ឌកម្ម



ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​ដោយសារតែ​ការគាំទ្រ​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​បាន​បង្កើន​ការដាក់ទណ្ឌកម្ម​ក្នុង​គោលបំណង​បង្ខំ​ឲ្យ​លោក​ប្រធានាធិបតី Nicolas Maduro ចុះ​ចេញពី​តំណែង​។​

ដោយឡែក រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​ជាបន្ទាន់​នូវ​អ្នកកាសែត​អាមេរិក​ម្នាក់​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ទីក្រុង Caracas ដែល​ឧប្បត្តិ​ហេតុនេះ​អាច​បង្កើន​ភាព​តានតឹង​បន្ថែមទៀត​រវាង​លោក Maduro និង​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អាមេរិក Donald Trump​។​

ក្រសួងការបរទេស​បាន​ផ្តល់​ពេល​ឲ្យ​ប្រេសិត​អាល្លឺម៉ង់​លោក Daniel Kriener ៤៨​ម៉ោង​ដើម្បី​ចាកចេញ​ដោយសារតែ “​ការជ្រៀតជ្រែក​” នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ គាត់​បាន​ស្វាគមន៍​លោក Guaido នៅ​អាកាសយានដ្ឋាន Caracas នៅពេល​លោក Guaido ត្រលប់មក​ប្រទេស​វិញ​កាលពី​ថ្ងៃ​ចន្ទ​។​

លោក Guaido បាន​និយាយថា ការបណ្តេញ​លោក Kriener នឹងត្រូវ​បាន​គេ​មើលឃើញថា​ជាការ​គំរាមកំហែង​ដល់​សេរីភាព​ពិភពលោក​។​

លោក Kriener គឺ​ស្ថិត​ក្នុងចំណោម​តំណាង​បរទេស​ជាង​១០​នាក់​ដែល​បាន​ស្វាគមន៍​មេដឹកនាំ​រដ្ឋសភា​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ដោយ​ប្រទេស​ជាង​៥០​។​

លោក Guaido បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ថា “​លោក Kriener បាន​ព្យាយាម​ជួយ​នាំយក​ជំនួយ​មនុស្សធម៌​ចូលក្នុង​ប្រទេស​។ វា​ហាក់ដូចជា​ថា របប​លោក Maduro មិន​អត់​ទោស​ឲ្យ​នរណាម្នាក់​ដែល​ចង់​ជួយ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទេ​”​។​

ស្របពេល​ជាមួយគ្នា​នោះដែរ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោក Heiko Maas បាន​និយាយថា ការបណ្តេញ​លោក Kriener គ្រាន់តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​។​

ទន្ទឹមនឹង​នេះដែរ លោកស្រី Kimberly Breier ជំនួយការ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អឌ្ឍគោល​បាន​និយាយ​នៅលើ Twitter ថា ក្រសួងការបរទេស​បាន​ដឹង​និង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍​ដែលថា អ្នកកាសែត​អាមេរិក​ឈ្មោះ Cody Weddle ត្រូវបាន​ឃុំខ្លួន​។​

អង្គការ​មិនមែន​រដ្ឋាភិបាល Espacio Publico បាន​និយាយថា លោក Weddle ដែល​បានធ្វើការ​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុងនាម​ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​សម្រាប់​បណ្តាញសារព័ត៌មាន​អាមេរិក​ជាច្រើន​គឺ​មិន​ត្រូវបាន​គេ​ទទួលដំណឹង​ទេ​ចាប់តាំងពី​មន្ត្រី​ចារកម្ម​បានមក​ដល់ផ្ទះ​របស់គាត់​ដើម្បី​សាកសួរ​គាត់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​

ក្រុង​វ៉ាស៊ីនតោន​បាន​បន្ត​រឹតបន្តឹង​លើ​យុទ្ធនាការ​ទណ្ឌកម្ម​រប​ស់​ខ្លួន​ដើម្បី​បង្ខំ​ឲ្យ​លោក Maduro ចុះ​ចេញពី​អំណាច​។ ក្រុង​វ៉ាស៊ីនតោន​បាន​ដកហូត​ទិដ្ឋាការ​ពី​មនុស្ស​ចំនួន​៧៧​នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយ​រប​ប​នេះ​ដោយ​រួមទាំង​មន្ត្រី​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu