Ad Code

ធឿន ធី ជួប Chhav Vallit ឯ លន បញ្ញា ជួប​Yorth Katangyou ក្នុង​ជម្រុះ​ខ្សែក្រវាត់​Wurkz ជុំ​ចុងក្រោយ​



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Wurkz ​ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​ទូរ​ទស្សន៍​SEATV នៅ​រសៀល​ថ្ងៃអាទិត្យ ​ទី​១០ ​ខែ​មីនា ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួត​ជុំ​ចុងក្រោយ រវាង​អ្នក​ប្រដាល់​កម្ពុជា​ ធឿន ធី ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប និង​អ្នក​ប្រដាល់​ថៃ Chhav Vallit ហើយ​អ្នក​ប្រដាល់​កម្ពុជា លន បញ្ញា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ជួប​អ្នក​ប្រដាល់​ថៃ​Yorth Katangyou។​

ធឿន ធី និង Chhav Vallit ពួកគេ​ទាំងពីរ​នាក់ ពុំ​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ធឿន ធី អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​៣៨​លើក​ឈ្នះ​៣០​លើក ចាញ់​០៥​លើក និង ស្មើ​០២​លើក។ ឯ Chhav Vallit គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧០​លើក ឈ្នះ​៥៧​លើក ចាញ់​១៣​លើក មិនដែល​ស្មើ។ យ៉ាងណា​សម្រាប់​ការប្រកួត​ជុំ​ចុង​ក្រោយនេះ គេ​មិន​រំពឹងថា ធឿន ធី អាច​នឹង​រកបាន​៣​ពិន្ទុ​នោះឡើយ ក្នុង​កា​រ​ជួប Chhav Vallit នេះ។​

Chhav Vallit កាលពី​ប្រកួត​ក្នុង​លើក​ទី​៣ គេ​វាយ​ចាញ់​លន បញ្ញា អ្នក​ប្រដាល់​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ​ដោយ​ពិន្ទុ មាន​៥​ពិន្ទុ​ក្នុង​៣​ប្រកួត ដោយ​ឈ្នះ ១ ចាញ់ ២ ប្រកួត ឯ ធឿន ធី កាលពី​ប្រកួត​ជុំ​ទី​៣ គេ​វាយ​ចាញ់​Yorth Katangyou ដោយ​ពិន្ទុ​ដែរ មានតែ​៣​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​៣​ប្រកួត​ដោយ​ចាញ់​ទាំងបី​ប្រកួត ។​យ៉ាងណា ធឿន ធី និង​អ្នក​ប្រដាល់​ថៃ Chhav Vallit គ្រាន់តែ​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ សម្រាប់​ការប្រកួត​ជុំ​ចុង​ក្រោយនេះ។​

ចំពោះ​ការជួបគ្នា​រវាង លន បញ្ញា និង​Yorth Katangyou ពួកគេ​ទាំងពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ជួបគ្នា​ដែរ​កន្លងមក​។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មាន​កម្ពស់​ខុសគ្នា​ដោយ​បញ្ញា​ខ្ពស់ជាង​បន្តិច គឺ​Yorth Katangyou ១,៦៧​ម៉ែត្រ ហើយ​បញ្ញា​១,៧១​ម៉ែត្រ ប៉ុន្តែ​លន បញ្ញា ចាញ់​បទពិសោធន៍ ​និង​ កំណត់ត្រា Yorth Katangyou ។​
​ ​
Yorth Katangyou គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៦៣​លើក ក្នុង​នោះ​ឈ្នះ​៥២​លើក​ ចាញ់​១១​លើក មិន​ដែល​ស្មើ។ ចំណែក លន បញ្ញា គេ​មាន​កំណត់ត្រា​ប្រកួត​៤៤​លើក ឈ្នះ​៣៩​លើក​ចាញ់​០៣​លើក និង​ស្មើ​០២​លើក។

លន បញ្ញា គេ​ប្រកួត​ជុំ​ទី​៣ (២៤​កុម្ភៈ​២០១៩) គេ​វាយ Chhav Vallit ដោយ​ពិន្ទុ ដែល​ធ្វើ​ឲ្យ​គេ​បាន​៧​ពិន្ទុ សម្រាប់​ការប្រកួត​ជម្រុះ​៣​ជុំ​កន្លងមកនេះ គឺ​ឈ្នះ ២ ចាញ់​១ ប្រកួត។ ចំណែក ការប្រកួត​ជុំ​ទី​៣ របស់​Yorth Katangyou(២៤​កុម្ភៈ​២០១៩) គឺ​ឈ្នះ​ធឿន ធី ដោយ​ពិន្ទុ​បាន​៧​ពិន្ទុ​ដែរ គឺ​ឈ្នះ​២ ចាញ់​១ ដូចគ្នា ។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។​

ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ឡុង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ ​ព្រឿង សុ​ចើ​ត អ្នក​ប្រដាល់​ស្រករ​ក្រោយ​នៃ​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ដោយ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៨គីឡូក្រាម។​

ឡុង ពិសិដ្ឋ ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ក្តី ប៉ុន្តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ រហ័ស រ​ហួន ព្រមទាំង​មាន​ផ្លែ​ល្អ​ទៀតផង ដែល​គូប្រកួត​មិនអាច​មើលស្រាល​បានឡើយ​។​

ដូច្នេះ​សម្រាប់​ការប្រកួត​លើក​នេះ តើ​ឡុង ពិសិដ្ឋ អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ព្រឿង សុ​ចើ​ត បាន​ឬ​អត់​នោះទេ?។ ចាំមើល តើ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ព្រឿង សុ​ចើ​ត អាច​ទប់ទល់​ជាមួយ​ឡុង ពិសិដ្ឋ បានដែរ​ឬទេ ?​សម្រាប់​ជំនួប​លើកដំបូង​នេះ​។​

អេ រាជសីហ៍ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា នឹង​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ ​ឡុង និមិត្ត​អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា។ សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu