ប្រទេសប៉េរូ បានបើកមូលដ្ឋានយោធាមួយនៅព្រៃអាម៉ាហ្សូន កាលពីថ្ងៃអង្គារ ក្នុងគោលបំណងដើម្បីដោះស្រាយការធ្វើអាជីវកម្មរ៉ែខុសច្បាប់ដែលជាមូលហេតុចម្បងនៃការបំផ្លាញព្រៃឈើនៅក្នុងព្រៃធំបំផុតរបស់ពិភពលោកមួយនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Jose Huerta បាននិយាយនៅក្នុងពិធីសម្ពោធមូលដ្ឋានក្នុងតំបន់អភិរក្សធម្មជាតិ Tambopata ថា “រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តផ្នែកនយោបាយនៅក្នុងតំបន់នេះដើម្បីលុបបំបាត់ការរករ៉ែខុសច្បាប់”។
តំបន់អភិរក្សនេះគឺស្ថិតនៅក្នុងតំបន់ Madre de Dios ដែលត្រូវគេស្គាល់ថាជាសម្បុកនៃការរុករករ៉ែខុសច្បាប់នៅក្នុងប្រទេសប៉េរូ។
មូលដ្ឋានយោធានេះត្រូវបានបង្កើតឡើងនៅក្នុងជំរំឈើចាស់មួយដែលត្រូវបានបោះបង់ចោលដោយអ្នករុករករ៉ែខុសច្បាប់កាលពីពីរសប្តាហ៍មុននៅពេលដែលប្រទេសប៉េរូបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងការអនុវត្តនេះ។
លោក Huerta បាននិយាយថា “យើងបានមកហើយយើងនឹងស្នាក់នៅឲ្យបានយូរតាមដែលចាំបាច់។ មូលដ្ឋានយោធាបន្ថែមទៀតត្រូវបានគ្រោងនឹងសាងសង់ឡើង”។ លោកបានបន្ថែមថា “យើងមានដំណាក់កាលដំបូងរយៈពេលពីរសប្តាហ៍ហើយពេលនេះយើងឈានដល់ដំណាក់កាលទីពីរដែលត្រូវបានគេរំពឹងថានឹងមានរយៈពេល៦ខែ”។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកស្រី Fabiola Munoz ដែលក៏បានចូលរួមក្នុងការបើកមូលដ្ឋាននេះផងដែរនោះបាននិយាយថា Madre de Dios គឺជាតំបន់មួយនៃជីវចំរុះខ្ពស់និងសក្តានុពលទេសចរណ៍ដ៏អស្ចារ្យដែលបានធ្វើអាជីវកម្មតែបន្តិចបន្តួចប៉ុណ្ណោះ។
គួរបញ្ជាក់ថា មូលដ្ឋាននីមួយៗនឹងត្រូវប្រមូលផ្តុំដោយទាហានចំនួន១០០នាក់ មន្ត្រីប៉ូលិស៥០នាក់និងរដ្ឋអាជ្ញាម្នាក់សម្រាប់រយៈពេល៦ខែដំបូងប៉ុន្តែប្រតិបត្តិការអាចមានរយៈពេលរាប់ឆ្នាំ។
លោក Huerta បាននិយាយថា គោលបំណងគឺបន្តនៅរហូតដល់តំបន់នេះបញ្ចប់ការកាប់ព្រៃ។
លោកបានបន្ថែមថា ការល្បាតនឹងប្រើប្រាស់យន្តហោះដ្រូន ផ្កាយរណបប៉េរូមួយនិងយន្តហោះយោធាមួយគ្រឿង៕ AFP
Source: Kampuchea Thmey Daily
0 Comments