Ad Code

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល សំណូមពរ​គ្រូពេទ្យ​ទាំងអស់ ឲ្យ​លើកកម្ពស់​ក្រមសីលធម៌ កុំ​ឲ្យ​មហាជន​រិះគន់



សៀមរាប ៖ ​​​​លោក​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល តែ គុយ​ស៊ា​ង បាន​សំណូមពរ​ដល់​ក្រុមគ្រូពេទ្យ ឲ្យ​លើកកម្ពស់​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន ចៀសវាង​មហាជន ក៏ដូចជា​អ្នកជំងឺ​រិះគន់។

លោក​តែ គុយ​ស៊ា​ង សំណូមពរ​បែបនេះ ក្នុង​អង្គ​សន្និបាត​បូកសរុប​សមិទ្ធផល​ការងារ​សុខាភិបាល ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៩ នៅ​មហោស្រព​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត មន្ទីរ​-​អង្គភាព និង​សមាជិក សមាជិកា ផងដែរ។



មានប្រសាសន៍​សំណេះសំណាល​នោះដែរ​លោក តែ គុយ​ស៊ា​ង ក៏បាន​ក្រើនរំលឹក​ដល់ ក្រុមគ្រូពេទ្យ​ថា ក្រុមគ្រូពេទ្យ​របស់​កម្ពុ​ជា បាននិងកំពុង​ទទួល​រង​នូវ​ការ និន្ទា​រិះគន់​ខ្លាំង​ពី​មហាជន ក៏ដូចជា​អ្នកជំងឺ ទៅ​បញ្ហា​ក្រមសីលធម៌ ក្នុងការ​បំពេញ​ការងារ​វិជ្ជាជីវៈ។ ឆ្លើយតប​ការរិះគន់​នេះ ឯ​.​ឧ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​សំណូមពរ​ទៅកាន់​គ្រូពេទ្យ​ទាំងអស់ ត្រូវ​លើកកម្ពស់​ក្រមសីលធម៌ របស់​គ្រូពេទ្យ​របស់​យើង អោយបាន​ជាប្រចាំ ធ្វើយ៉ាងណា​កុំអោយ​មតិ​មហាជន ក៏ដូចជា​អ្នកជំងឺ​មានការ​រិះគន់។

លោក​តែ គុយ​ស៊ា​ង បា​ន​បញ្ជាក់ថា គ្រូពេទ្យ​ត្រូវតែ​អនុវត្ត​ការងារ​ឲ្យ​បានច្បាស់លាស់ ដោយ​ពឹង​ផ្អែកលើ​ជំនាញ​សុខាភិបាល ក្នុង​ស្មារតី​គោរព​ក្រមសីលធម៌​-​វិជ្ជាជីវៈ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចំពោះ​អ្នកជំងឺ។ គ្រូពេទ្យ​ត្រូវតែ​គោរព​ពេលវេលា​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ទាំងនេះ​គឺជា​តម្រូវ​ការចាំបាច់​ក្នុង​ការផ្ដល់សេវា​សុខាភិបាល​សម្រាប់​អ្នកជំងឺ​។ ហើយ​ក្រសួង​កំពុងតែ​ពិចារណា និង​ពិនិត្យឡើងវិញ​ចំពោះ​គ្រូពេទ្យ​ណា ដែល​នៅតែមាន​ការធ្វេសប្រហែស និង​ខ្ជីខ្ជា​ក្នុង​ការងារ​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកជំងឺ​ហើយ​ក្រសួង​នឹងដាក់​វិន័យ ធ្វើការ​ព្រមាន និង​អាច​ឈានទៅ​ផ្អាក​មិនឱ្យ​ធ្វើជា​គ្រូពេទ្យ​ក្នុង​មួយរយៈ​ណាមួយ​បើសិនជា​រកឃើញ​ករណី​បង្កបញ្ហា​ជា​បន្តបន្ទាប់​នោះ។

លោក​លើកឡើងថា ក្រសួងសុខាភិបាល​បាន​ខិតខំ​អភិវឌ្ឍន៍ និង​ពង្រឹងសមត្ថភាព​គ្រូពេទ្យ​នៅ​ទូទាំងប្រទេស​ឱ្យ​ចេះ​គ្រប់គ្រង​ខ្លួនឯង ឲ្យ​មានការ​យល់ដឹង​ចំពោះ​ភារកិច្ច​ព្យាបាល​អ្នកជំងឺ និង​មាន​ជំនាញ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ជា​គ្រូពេទ្យ។ ឯ​.​ឧ បាន​និយាយ​ណែនាំ​ដោយ​សាមញ្ញ​ថា សូមកុំ​គិត​យក​វិជ្ជាជីវៈ​ធ្វើ​ជំនួញ ព្រោះ​ជំនាញ​របស់​គ្រូពេទ្យ​គេ​មិន​ឲ្យ​ធ្វើ​ជំនួញ​ទេ ហើយក៏​មិនត្រូវ​នាំគ្នា​កៀបស៊ី​អ្នកជំងឺ​នោះឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu