Ad Code

ពុទ្ធ ឆាយ​រិទ្ធី ផ្ដួល មី ឈូក អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ ក្នុង​ទឹក​ទី​៣



អ្នក​ប្រដាល់​កម្ពុជា ​ពុទ្ធ ​ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ផ្ដួល មី ឈូក (Mee Chhuok)​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី នៅក្នុង​ទឹក​ទី​៣ ក្នុង​ការជួប​សាក​កណ្ដាប់ដៃ​គ្នា​ក្នុង​កម្មវិធី​ប្រដាល់​Boostrong Fighter On Fire នៅ​សង្វៀន​SEATV កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៩។​

ពុទ្ធ​ ឆាយ​រិទ្ធី ជួប មី ឈូក ក្នុង​ទម្ងន់​៦៧​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​មក​ស្រុក​ខ្មែរ​ជា​លើក​ទី​១​ប៉ុណ្ណោះ។ ​ដូច​ការរំពឹងទុក​មុន​ថា មី ឈូក​នេះ មិនអាច​ឈ្នះ​ពុទ្ធ ឆាយ​រិទ្ធី នោះ​ឡើយ ដោយសារ​អ្នក​ប្រដាល់​ថៃ​រូបនេះ មានបទ​ពិសោធន៍​មិនជា​ល្អ​និង​ខ្លាំង​ជាង​ ឆាយ​រិទ្ធី​ នោះឡើយ។​

មី ឈូក ដែលមាន​កាយសម្បទា​រា​ង​តូច​ជាង ​ឆាយ​ រិទ្ធី​ ផង​នោះ បានធ្វើឲ្យ ​ឆាយ​រិទ្ធី សង្គ្រប់​វាយ​មិន​ដក​ដៃ និង​ជើង​នោះទេ។ ​នៅក្នុង​ការប្រកួត​ទឹក​ទី​២ មី ឈូក ត្រូវ ​ឆាយ​រិទ្ធី ​ប្រើ​ជង្គង់​ហោះ និង​វាយ​កែង​ត្រូវ​ក្បាល​ដួល​លើ​រេញ ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្តង។ បន្ទាប់មក ក្នុង​ទឹក​ទី​៣ មី ឈូក ត្រូវ​ឆាយ​រិទ្ធី ទាត់​ត្រូវ​ដៃ​ និង​ក្បាល ហើយ​គេ​ក៏​ដួល​បោះបង់​ការប្រកួត តែម្តង ក្រោយពេល​អាជ្ញាកណ្ដាល​រាប់​ដល់​ដប់​ហើយ តែ​គេ​មិន​បន្ត​ការប្រកួត​នោះ។​

ពុទ្ធ ឆាយ​រិទ្ធី ឥឡូវនេះ​គេ​មានការ​វិវត្តន៍​ខាង​ក្បាច់គុន​ច្រើន គួបផ្សំ​នឹង​ការ​ខំប្រឹង​ហ្វឹកហាត់​ទៀត ឃើញ​ថា​ គេ​ខ្លាំង ​និង​ល្អ​ជាង​មុន​។ ឆាយ​រិទ្ធី គេ​មាន​កំណត់ត្រា​ប្រកួត​១១៨​លើក ឈ្នះ​៩១​លើក ចាញ់​២៥​លើក និង​ស្មើ​០២​លើក ខណៈ​ដែល ​មី ឈូក គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៩​លើក និង ចាញ់​១០​លើក មិនដែល​ស្មើ។​

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ បាន​ផ្តួល ហេង សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង ក្នុង​ទឹក​ទី​៣។ សុ​ភ័​ក្រ គេ​មាន​បញ្ហា​ដៃ​ខាង​ស្តាំ ដោយសារតែ​រង​នូវ​ទម្ងន់​ជើង​ទាត់​របស់ ​លីន វិ​រៈ។​

យ៉ា​ម ខេមរា អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា ក៏បាន​ផ្ដួល ​ធឿន វិ​ថា​ត់ អ្នក​ប្រដាល់​ក្លិប អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង ក្នុង​ទឹក​ទី​២ ដោយ​រាប់​៨​ចំនួន​២​លើក បន្ទាប់មក​ក៏​ត្រូវ​ខេមរា​វាយ​ឲ្យ​សន្លប់​តែម្តង​។ ឯ អេ ហនុមាន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា បាន​វាយ​ឈ្នះ ​ឡុង ណង​សៅ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា នៅក្នុង​ទឹក​ទី​៤ ដោយសារ​ខូច​ជើង។

•​ជម្រុះ​ខ្សែក្រវាត់​Wurkz ជុំ​ទី​៣ ៖ សារឿន ច័ន្ទ ចាញ់ Super Man ទឹក​១ ឯ ហេង វាសនា ចាញ់ Chhai Yo ដោយ​ពិន្ទុ​
​ ​
ការ​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នា​រសៀល​ថ្ងៃអាទិត្យ​ទី​០៣ ខែ​មីនា ឆ្នាំ​២០១៩ ដែលជា​ការប្រកួត​ជម្រុះ​ជុំ​ទី​៣ រវាង​អ្នក​ប្រដាល់​កម្ពុជា សារឿន ច័ន្ទ ក្លិប​តា​ព្រហ្ម​មានជ័យ និង​អ្នក​ប្រដាល់​ថៃ Super Man ហើយ​អ្នក​ប្រដាល់​កម្ពុជា ​ហេង វាសនា ក្លិប​ព្រៃទទឹង ខេត្តបាត់ដំបង និង​អ្នក​ប្រដាល់​ថៃ Chhai Yo នោះ ខ្មែរ​យើង​ចាញ់​ទាំងពីរ​នាក់។​

សារឿន ច័ន្ទ គេ​វាយ​ចាញ់ Super Man ក្នុង​ទឹក​ទី​១ បន្ទាប់ពី​ត្រូវ​ថៃ​ទាត់​ផ្កាប់​ចាន​ត្រូវ​កញ្ចឹង.ក ធ្វើ​ឲ្យ​គេ​វង្វេងទិស។ អាជ្ញាកណ្ដាល​រាប់​ដល់​៨ ហើយ តែ​សារឿន ច័ន្ទ នៅ​មិនទាន់​ស្វាង​ និង​យល់ព្រម​បន្ត​ការ​ប្រកួត​នោះឡើយ ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​បន្ត​ដល់​ដប់​តែម្តង ដែល​មានន័យថា​ សារឿន ច័ន្ទ បោះ​បង់​ការប្រកួត​នោះ។

កាលពី​ប្រកួត​ជុំ​ទី​២ សារឿន ច័ន្ទ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Chhav Vallit ក្នុង​ទឹក​ទី​៣ ហើយ​ជុំ​ទី​៣​នេះ ចាញ់ Super Man សរុប​៣​ប្រកួត​៣​ជុំ សារឿន ច័ន្ទ បាន​៥​ពិន្ទុ ក្នុង​បី​ប្រកួត​បូក​ទាំង​១​ប្រកួត​របស់​ចាន់ សំអាត ​ផង។ ចំពោះ​អ្នក​ប្រដាល់​ថៃ Super Man គេ​បាន​៩​ពិន្ទុ ដោយ​វាយ​ឈ្នះ​ទាំង​៣​ជុំ។​

ចំពោះ​ការជួបគ្នា​រវាង ហេង វាសនា​និង Chhai Yo វិញ ឃើញថា Chhai Yo មានប្រៀប​លើ​វាសនា​សឹង​តែ​គ្រប់ទឹក ក្នុងការ​ប្រកួត​៥​ទឹក​នោះ។ ចប់​ការប្រកួត ហេង វាសនា ចាញ់ Chhai Yo ដោយ​ពិន្ទុ។

ជាមួយនឹង​ការបរាជ័យ​នេះ ហេង វាសនា ៣​ប្រកួត វាយ​ចាញ់​២ ឈ្នះ​១​ប្រកួត បាន​៥​ពិន្ទុ ហើយ​អ្នក​ប្រដាល់​ថៃ Chhai Yo ឆ្លងកាត់​៣​ប្រកួត​ដូចគ្នា គេ​ឈ្នះ​២ ចាញ់​១​ប្រកួត​បាន​៧​ពិន្ទុ។

ព្រឹត្តិការណ៍​ដណ្តើម​ខ្សែក្រវាត់​Wurkz រដូវ​កាល​ទី​៣ ទម្ងន់​៦០​គីឡូក្រាម មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប។ ​ការប្រកួត គឺ​ពុំមាន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទេ គឺ​គេ​ជ្រើសរើស​យកតែ​អ្នក​លេខ​១​ក្នុង​ពូ​ល ទាំង​ពូ​ល​ខ្មែរ​និង​ពូ​ល​ថៃ តែប៉ុណ្ណោះ សម្រាប់​ឡើង​ទៅ​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​តែម្តង។

វ៉ាន់ វឿន​ផ្តួល Banda Sak​ទឹក​១ ក្នុង​ជម្រុះ​ខ្សែក្រវាត់​Carabao ជុំ​ចុងក្រោយ​ ខណៈ ​សេន កុសល ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​
​ ​
ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៥៧ គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃ​សៅរ៍ ​ទី​០២​ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដែល​ជា​ការប្រកួត​ជុំ​ចុងក្រោយ​របស់​អ្នក​ប្រដាល់​កម្ពុជា​វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា​នោះ វ៉ាន់ វឿន បាន​ផ្ដួល​ដៃគូ​ប្រកួត​គឺ អ្នក​ប្រដាល់​ថៃ Banda Sak ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ។​

ចំណែក អ្នក​ប្រដាល់​កម្ពុជា​សេន កុសល ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ ដែល​ត្រូវ​ជួប​អ្នក​ប្រដាល់​ថៃ Dek Doeur នោះ គេ​បានឈ្នះ​ដោយ​ស្វ័យប្រវត្តិ ដោយ​មិនចាំបាច់​ប្រកួត ដោយសារតែ​ដៃគូ​ប្រកួត​របស់​គេ​គឺ Dek Doeur បាន​បោះបង់ចោល​ការប្រកួត​តាំង​ពី​ជុំ​ទី​២​មក​ម្ល៉េះ ដែល​ធ្វើ​អ្នក​ប្រដាល់​ណា​ប៉ះ​ជា​មួយ​គេ នឹងត្រូវ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​តែម្តង។

​ជាមួយនឹង​ជ័យជម្នះ​នេះ វ៉ាន់ វឿន គេ​បាន​១២​ពិន្ទុ ក្នុងការ​ប្រកួត​៤​ប្រកួត​(៤​ជុំ​)​ដោយ​គេ​វាយ​ឈ្នះ​ទាំង​៤​ប្រកួត។ ចំណែក ការប្រកួត​របស់​Banda Sak គេ​ចាញ់​ទាំង​៤​ជុំ បាន​៤​ពិន្ទុ​ប៉ុណ្ណោះ គឺ​ធ្លាក់​ហើយ។ រីឯ សេន កុសល វិញ ក៏បាន​១២​ពិន្ទុ​ដែរ ក្នុង​៤​ប្រកួត។​

សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ គឺ​តម្រូវ​រើស​យកតែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ពូ​ល គឺ​លេខ​១​ពូ​ល​កម្ពុជា ជួប​ប្រកួត​ជាមួយ លេខ​១ ពូ​ល​ថៃ។​

សូមបញ្ជាក់ថា សេន កុសល បើទោះជា​បានឈ្នះ​ដោយ​ស្វ័យប្រវត្តិ​លើ​គូ​ខ្សែក្រវាត់​ក្តី គេ​ក៏​នៅតែ​តម្រូវ​ឲ្យ​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ម្នាក់​ផ្សេងទៀត នោះ​គឺ​Roung Sayam ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែរ។ ​ក្នុងការ​ប្រកួត​មិត្តភាព​នេះ សេន កុសល ត្រូវ​Roung Sayam វាយឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu