Ad Code

ដើរលេង​អស់កម្លាំង ​ចូលដេក ​ភ្លេច​បិទទ្វារ​ ចោរលួច​ម៉ូតូ​ និង​កាបូប​អស់​រាប់​ម៉ឺន​ដុល្លារ​



ភ្នំពេញ​ ៖​ បុរស/ស្ដ្រី ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​នាំគ្នា​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោមចៅ​៣ ដោយ​បាន​អះអាង​ថា ​ខ្លួន​ត្រូវ​បាន​ចោរ​ចូល​លួច​យក​ម៉ូតូ​១​គ្រឿង ​និង​កាបូប​លុយ​ ក្នុង​នោះ ​បើ​សរុប​ជា​លុយ ប្ដី ថា​អស់​ជាង​ពីរ​ម៉ឺន​ដុល្លារ ឯ​នាង​ប្រពន្ធ​ថា​អស់​ជាង​មួយ​ម៉ឺន​ដុល្លារ ហើយ​ដឹងថា​បាត់​តាំងពី​ពាក់កណ្ដាល​អធ្រាត្រ លុះដល់​វេលាយប់​ជិត​ដល់​ពាក់កណ្ដាល​អធ្រាត្រ​វិញ ទើប​នាំគ្នា​មកប្ដឹង ព្រោះថា​រវល់​ដើរ​រក​ចោរ​សិន។

ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៩ ម៉ូតូ​សេ​១២៥​មួយគ្រឿង​ ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់ ដោយ​សុវត្ថិភាព ​រួមទាំង​កាបូប​លុយ​ទៀត​ផង​ សរុប​ជា​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ ខ្សែ​ក​មាស​២​ខ្សែ ទម្ងន់​៦​តម្លឹង តែ​បញ្ហា​នេះ ប្ដី ប្រពន្ធ​ទាំងពីរ​នាក់​នេះ ​បាន​ប្រកែក​គ្នា​មិន​ច្បាស់​ថា បាត់​ចំនួន​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ​ឡើយ។

បុរស​ជា​ប្តី​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១១​យប់ ​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩ គាត់​ជិះ​ម៉ូតូ​វិល​មកពី​ផ្ទះ​បងប្អូន​នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត​ ខណ្ឌ​សែន​សុខ​វិញ​ បន្ទាប់ពី អូស​ម៉ូតូ​ដាក់ចូល​ក្នុងផ្ទះ​ហើយ បាន​ចូល​ទៅ​ងូតទឹក​ ហើយ​ ដោយ​អស់កម្លាំង​ពេក​ទើប​ប្រះ​ខ្លួន​ដេក​លង់លក់​ដោយ​ភ្លេច​បិទទ្វារ​ផ្ទះ លុះ​មក​ដល់​វេលា​ពាក់​កណ្ដាលអធ្រាត្រ ​ឈានចូល​ថ្ងៃទី​២​មីនា ពេល​ភ្ញាក់​ដឹងខ្លួន​ឡើង​ ស្រាប់តែ​បាត់​ម៉ូតូ​រួម​ទាំង​កាបូប​លុយ​តែម្ដង។

ជនរងគ្រោះ​ជា​ប្តី​ ឈ្មោះ សូ ពៅ អាយុ​៣៩​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ចំណែក​ប្រពន្ធ​ ឈ្មោះ លន់ ស៊ីណា មុខរបរ​មេផ្ទះ ស្នាក់នៅ​ផ្ទះជួល​នៅ​ភូមិ​ជំពូវ័ន្ត សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​បាន​២​ខែ​ប៉ុណ្ណោះ មាន​ស្រុកកំណើត​ភូមិ​កំពង់​ថ្នល់ ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង។

ចំណែក​ម៉ូតូ​ដែល​ចោរលួច​យកទៅ​បាត់​នោះ​ ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ សេ​១២៥ ស៊េរី​២០១៩ ពាក់​ស្លាក​លេខ ព្រៃវែង 1O-3911។ លុយ​ដែលថា ​ចោរលួច​ទាំង​កាបូប​នោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ​និយាយ​មិន​ត្រូវ​គ្នា​សោះ ដោយ​ប្តី​ថា​បាត់អស់​២៣.៥០០​ដុល្លារ លុយ​ខ្មែរ​ជាង​៣០​ម៉ឺន​រៀល ខ្សែ​កមាស​២​ខ្សែ​ទម្ងន់​៦​តម្លឹង។ ចំណែក​ប្រពន្ធ​ថា បាត់​តែ​១​​ម៉ឺន​ដុល្លារ លុយ​ខ្មែរ​ជាង​៣០​ម៉ឺន​រៀល ខ្សែក​មាស​២​ខ្សែ ទម្ងន់​៦​តម្លឹង ប្រកែក​គ្នា​រឿង​បាត់​លុយ​រវាង​ប្តី​-​ប្រពន្ធ​ ដែល​មើលទៅ​ហាក់​មិន​ប្រក្រតី​សោះ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ប្ដី​ប្រពន្ធ​១​គូ​នេះ ក្រោយពី​បាត់​ម៉ូតូ​ និង​កាបូប​លុយ​កាលពី​យប់​រំលង​អធ្រាត្រ​នៅ​ថ្ងៃទី​០២​មីនា​ ដោយ​ចោរលួច​មិនបាន​ទៅប្តឹង​ភ្លាមៗ​នោះទេ ​រវល់​តែ​តាម​ស្វែងរក​ចោរ រហូតដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃទី​២​មីនា ​ទើប​នាំគ្នារ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ ដូច្នេះ​ឃើញថា ​ទុកពេល​ពេញ​១​ថ្ងៃ បាត់​តាំងពី​យប់​រំលង​អធ្រាត្រ លុះ​រហូតមកដល់​ម៉ោង​​​ជិត​៩​យប់​វិញ​ ទើប​នាំគ្នា​មកប្ដឹង​សមត្ថកិច្ច​ ហើយ​និយាយ​មិនត្រូវ​គ្នា​ទៀតផង៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu