Ad Code

ស្វាមី​សញ្ជាតិ​ហូ​ឡង់​របស់​យុវតី​ក្រុម IS ស្វែងរក​ការ​វិល​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ



ស្វាមី​សញ្ជាតិ​ហូ​ឡង់​របស់ Shamima Begum ដែលជា​យុវតី​ដើមកំណើត​អង់គ្លេស​ដែល​បាន​ភៀសខ្លួន​ទៅ​ចូលរួម​ក្នុង​ក្រុម​រដ្ឋ​ឥស្លាម​គឺ​ចង់​រស់នៅ​ជាមួយ​នាង​នៅក្នុង​ប្រទេស​ហូ​ឡង់​។ នេះ​បើតាម​សំដី​របស់គាត់​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ពី​មន្ទីរឃុំឃាំង​នៅក្នុង​ប្រទេស​ស៊ី​រី។

លោក Yago Riedijk ដែល​កំពុង​ត្រូវបាន​គេ​ឃុំខ្លួន​ក្នុង​មណ្ឌល​ឃុំឃាំង​របស់​ពួក​ឃើ​ដ​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​បាន​រៀបការ​ជាមួយ​នាង Begum ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​នាង​បាន​មកដល់​ដែនដី​ដែល​កាន់កាប់​ដោយ​ក្រុម IS នៅពេល​គាត់​មាន​អាយុ​២៣​ឆ្នាំ​ហើយ​នាង​មាន​អាយុ​១៥​ឆ្នាំ។

នាង Begum អាយុ​១៩​ឆ្នាំ​មកពី​ភាគ​ខាងកើត​ទីក្រុង​ឡុង​ដ៍​ហើយ​ឥឡូវនេះ​កំពុងស្ថិត​នៅក្នុង​ជំរំ​ជនភៀសខ្លួន​បាន​និយាយថា នាង​ចង់​វិល​ត្រលប់​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ​ប៉ុន្តែ​ត្រូវបាន​រដ្ឋាភិបាល​ដកហូត​សញ្ជាតិ​ដោយសារតែ​ចាត់ទុកថា នាង​ជាការ​គំរាមកំហែង​ផ្នែក​សន្តិសុខ។

លោក Riedijk អាយុ​២៧​ឆ្នាំ​បាន​និយាយថា ឥឡូវនេះ​គាត់​បាន​ច្រានចោល​ក្រុម IS បន្ទាប់ពី​បាន​ប្រយុទ្ធ​ឲ្យ​ក្រុម​ជី​ហាដ​នេះ​។ ផ្ទុយទៅវិញ គាត់​ចង់​វិល​ត្រលប់​ទៅ​ប្រទេស​ហូ​ឡង់​វិញ​ជាមួយ​ប្រពន្ធ​និង​កូនប្រុស​ទើបនឹង​កើត​របស់​ពួកគេ​។ កូន​ពីរ​នាក់​ដំបូង​របស់​ពួកគេ​បាន​ស្លាប់​ទៅហើយ។

គាត់​បាន​និយាយថា “​ខ្ញុំ​ចង់​ត្រលប់​ទៅ​ប្រទេស​របស់ខ្ញុំ​វិញ​។ នៅពេលនេះ ខ្ញុំ​យល់​ពី​សិទ្ធិ​ដែល​ខ្ញុំ​បានរស់នៅ​ជាមួយនិង​ឯកសិទ្ធិ​រស់នៅ​ទីនោះ​ក្នុងនាម​ជា​ពលរដ្ឋ​មួយរូប”។

នៅពេល​ត្រូវបាន​សួរថា​តើ​គាត់​គិតថា​ការ​រៀបការ​ជាមួយ​ក្មេងស្រី​ដែលមាន​អាយុ​ប៉ុន​នោះ​អាច​ទទួលយក​បានដែរ​ឬទេ គាត់​បាន​ទទួលស្គាល់ថា នាង “​ក្មេង​ណាស់”។

លោក Riedijk មកពី​ទីក្រុង Arnhem បាន​ប្រាប់ BBC ថា គាត់​ត្រូវបាន​គេ​ដាក់ពន្ធនាគារ​និង​ធ្វើ​ទារុណកម្ម​បន្ទាប់ពី​ក្រុម IS សង្ស័យថា​គាត់​ជា​ចារកម្ម​ហូ​ឡង់​។ គាត់​បាន​ចុះ​ចូលពួក​យុទ្ធជន​ស៊ី​រី​។​

ទោះបីជា​យ៉ាងណាក៏ដោយ គាត់​បាន​និយាយថា គាត់​មិនបាន​មើលឃើញ​ពី​របៀប​ដែល​នាង Begum អាច​ត្រូវបាន​ចាត់ទុកថា​ជាការ​គំរាមកំហែង​ដោយ​អាជ្ញាធរ​អង់គ្លេស​ទេ​។​

ករណី​របស់ Begum បាន​គូស​បញ្ជាក់​ពី​ទុក្ខ​លំបាក​ដែល​ប្រទេស​អឺរ៉ុប​ជាច្រើន​ត្រូវ​ប្រឈមមុខ​និង​បែកបាក់​គ្នា​ទៅលើ​ថា​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​ជន​ជី​ហាដ​និង​អ្នកគាំទ្រ​ក្រុម IS ចូលក្នុង​ប្រទេស​ដើម្បី​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ឬក៏​រារាំង​ពួកគេ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu