Ad Code

បបួល​ផឹកស៊ី​ ឆ្លៀត​ឱកាស​សុំ​ខ្ចី​ម៉ូតូ​គេ​ជិះ​ បែរ​ជា​យក​ទៅ​ដាក់​បញ្ចាំ



ភ្នំពេញ ៖ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ បញ្ជូន​ទៅ​តុលាការ​ ក្រោយពី​បានទទួល​បណ្តឹង ​និង​ស្រាវជ្រាវ​រកឃើញថា បុរស​រូបនេះ​ បាន​ប្រើ​ល្បិច​សុំ​ខ្ចី​ម៉ូតូ​គេ​ជិះ​ តែ​បែរ​ជា​យក​ទៅ​ដាក់​បញ្ចាំ មាន​ទោស​ ពីបទ​រំលោភ​ទំនុក​ចិត្ត​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៣​ ខែ​មីនា ឆ្នាំ​២០១៩​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

ឈ្មោះ សុខ ធារ៉ា ហៅ​ឆ្អឹង ហៅ​វែង ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ​ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ជា​ជន​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រ​កាន់ ​និង​ចាប់ខ្លួន​ខាងលើ។

ប៉ូលិស​និយាយ​ថា ជនសង្ស័យ​ ឈ្មោះ សុខ ធារ៉ា ត្រូវបាន​ឃាត់ខ្លួន​តាម​បណ្ដឹង​របស់ លោក ហ៊ី បញ្ញា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ។

លោក ហ៊ី បញ្ញា បាន​រៀបរាប់​នៅក្នុង​ខ្លឹមសារ​បណ្តឹង​របស់លោក​ថា​ នៅមុន​ពេល​កើតហេតុ ​លោក​បាន​ជិះ​ម៉ូតូ​ផ្ទាល់ខ្លួន​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គីនិ​ច ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HL.0327​ទៅលេង​ផ្ទះ​មិត្តភ័ក្ដិ​ម្នាក់​ ឈ្មោះ ហង្ស វិ​រស​ត្យា នៅ​ផ្ទះជួល​ភូមិ​ភ្នំពេញ​ថ្មី។ នៅ​គ្រា​នោះ​ដែរ ឈ្មោះ សុខ ធារ៉ា បាន​ទូរស័ព្ទ មក​ឈ្មោះ​ ហង្ស វីរ​សត្យា ឲ្យ​ជិះ​ម៉ូតូ​មក​ដឹក​ខ្លួន​មកលេង ​ដើម្បី​បបួលគ្នា​ផឹក​ស៊ី​ជុំ​គ្នា​នៅផ្ទះ​របស់ ​ឈ្មោះ ហង្ស វីរ​សត្យា​។ ក្រោយពេល​ផឹកស៊ី​មួយស្របក់​ជន​ ឈ្មោះ សុខ ធារ៉ា បាន​ប្រើល្បិច​សុំ​ម៉ូតូ​របស់គាត់​(​ហ៊ី បញ្ញា​)​ដោយ​ប្រាប់​ថា ទៅ​តែមួយ​ភ្លែត​ទេ​ ដើម្បី​យកលុយ​គេ​ជំពាក់​នៅ​ម្តុំ​ផ្សារ​ស៊ិន​ជូ​រី ផ្លា​ហ្សា នៅ​ពោធិចិនតុង។

នៅពេលនោះ​ខ្លួន ក៏បាន​ប្រគល់​សោ​ម៉ូតូ​ឲ្យ​តាម​សំណូមពរ នៅវេលា​ម៉ោង​១២​និង​៣០​នាទី ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៩​។ ក្រោយមក​ជន​ ឈ្មោះ សុខ ធារ៉ា ទៅ​បាត់​មិន​ឃើញ​ត្រឡប់​យក​ម៉ូតូ​មកឲ្យ​វិញ ចំណែកឯ​ទូរស័ព្ទ​ក៏​បិទ​ទៀត មិន​អាច​ទាក់ទង​បាន​ទើប​នាំគ្នា​ឈប់​ផឹកស៊ី​ដើរ​ស្វែងរក​ដើម្បី​យក​ម៉ូតូ​មកវិញ។

ក្រោយមក ​ជនរងគ្រោះ​ បាន​ប្រទះឃើញ​ជន​ ឈ្មោះ សុខ ធារ៉ា នៅ​ម្តុំ​ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី នៅ​សួរនាំ​រក​ម៉ូតូ​មិនឃើញ ​ក៏បាន​ដាល់​មួយ​ដៃ​ និង​ទាត់​មួយ​ជើង​ទៀត​បណ្តាល​ឲ្យ​របួស​បែក​ចិញ្ចើម បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ទីនោះ រួច​ចាប់ខ្លួន​នាំ​យកមក​ប្រគល់ឲ្យ​ប៉ូលិស​មូលដ្ឋាន​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ដែល​នៅ​ប៉ូលិស​ចាប់​ខ្លួន​បាន​ត្រួតពិនិត្យ​ទឹកនោម​ជន​នេះ ​មាន​ផ្ទុក​នូវ​ធាតុ​ថ្នាំញៀន។

ជនសង្ស័យ​បាន​សារភាព​ថា ម៉ូតូ​នោះ​ខ្លួន​បាន​ឲ្យ​បក្សពួក​ម្នាក់​ ឈ្មោះ ហុក ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ គ្មាន​មុខរបរ​ និង​ទីលំនៅ​មិន​ច្បាស់លាស់ យកទៅលក់​(​ដាក់​បញ្ចាំ​)​ ប៉ុន្តែ​គេ​ក៏​គេចខ្លួនបាត់​មិនឃើញ​ត្រឡប់មកវិញ។

ប៉ូលិស​និយាយថា នេះ​គ្រាន់តែ​ជា​ពាក្យដោះសា​របស់​គេ​ប៉ុណ្ណោះ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu