ប៉ៃលិន ៖ បើតាម លោក អ៊ាត សារ៉ាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឲ្យដឹងនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះថា ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្ត របស់ក្រសួងសាធារណការ សហការជាមួយមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ដោយប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្បែររបងសាលាខេត្តប៉ៃលិន ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
លោក អ៊ាត សារ៉ាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានមានប្រសាសន៍ថាកន្លងមក ដោយសារតែមានប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន ដែលមានរថយន្តពិបាកក្នុងការធ្វើដំណើរយករថយន្តរបស់ខ្លួន ទៅធ្វើឆៀកនៅខេត្តឆ្ងាយ ក៏មានការសំណូមពរឲ្យមន្ទីរសាធារណៈ ដាក់កន្លែងធ្វើឆៀក នៅក្នុងខេត្ត ដើម្បីសំរួលដល់ពួកគាត់ផង និងប្រជាពលរដ្ឋក្រៅខេត្តផងដែរ។
លោក បានបន្តថា ក្នុងការពិនិត្យឆៀកនេះមានពិនិត្យដូចជា ហ្វាហ្វ្រាំង ផ្សែងជាតិពុល រមៀលកង់ កុងទ័រ និងទម្ងន់ជាដើម ដែលមានរយៈពេល៥ថ្ងៃតែប៉ុណ្ណោះ ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្បែររបងសាលាខេត្តប៉ៃលិន។
លោកក៏បានបញ្ជាក់ដែរថា ដោយសារតែម៉ាស៊ីនឆៀករថយន្ត មានតម្លៃថ្លៃ ទើបក្រសួងដាក់ម៉ាស៊ីនឆៀកចល័តតាមខេត្ត ដែលគ្មានជញ្ជីងឆៀក ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តប៉ៃលិន ដែលមានរថយន្តមិនទាន់បានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬធ្លាប់បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសហើយ ប៉ុន្តែអស់សុពលភាព សូមមេត្តារូតរះយករថយន្តមកធ្វើឆៀកនេះ ឲ្យបានទាន់ពេលវេលា ព្រោះការធ្វើឆៀកនេះមានរយះពេលតែប្រាំថ្ងៃប៉ុណ្ណោះ និងទៅធ្វើនៅខេត្តផ្សេងបន្តទៀត ចំពោះលក្ខខណ្ឌដែលធ្វើឆៀក ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសំគាល់រថយន្ត បើរថយន្តគ្មានស្លាកលេខ ត្រូវមានក្រដាសព័ន្ធ។
ជាមួយនឹងការធ្វើឆៀកនេះដែរ គឺក្រសួង ក៏ដូចជាមន្ទីរ មិនមានការផាកពិន័យអ្វីទាំងអស់ បើទោះបី រថយន្តនោះកន្លងមក មិនធ្លាប់ចូលឆៀកក៏ដោយ ហើយតម្លៃ គឺយកតាមការកំណត់ របស់ក្រសួងប្រសិនជាមន្ត្រីធ្វើឆៀកណា យកលុយខុសពីតម្លៃ ត្រូវទទួលខុសត្រូវដោយខ្លួនឯងផងដែរ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលចូលមកធ្វើឆៀក បានសម្តែងនូវការរីករាយ សប្បាយចិត្ត ដោយបានខាងក្រសួង ចុះមកធ្វើឆៀកដល់មុខផ្ទះរបស់ពួកគាត់ និងមិនត្រូវចំណាយពេល ទៅធ្វើឆៀកនៅឯខេត្តផ្សេង ដែលនាំឲ្យមានការ លំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរផងដែរ៕
Source: Kampuchea Thmey Daily
0 Comments