កងកម្លាំងដឹកនាំដោយពួកឃើដ បាននិយាយកាលពីថ្ងៃអង្គារថា សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមប្រហែល៣,០០០នាក់ បានចុះចាញ់ពីមូលដ្ឋានចុងក្រោយរបស់ក្រុមនេះ នៅក្នុងប្រទេសស៊ីរីខណៈការវាយឆ្មក់តាមអាកាសនិងការបាញ់ផ្លោងបានបន្តឡើងវិញបន្ទាប់ពីមានភាពស្ងប់ស្ងាត់រយៈពេលខ្លី។
មូលដ្ឋាននៅភូមិ Baghouz ភាគខាងកើតប្រទេសស៊ីរីគឺជាសំណល់ចុងក្រោយនៃរដ្ឋ Caliphate ដែលក្រុម IS បានប្រកាសក្នុងឆ្នាំ២០១៤នៅទូទាំងទឹកដីភាគច្រើននៃប្រទេសស៊ីរីនិងអ៊ីរ៉ាក់។
កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយអាមេរិក (SDF) បានព្យាយាមកម្ទេចក្រុមអ្នកប្រយុទ្ធ IS ដែលលាក់ខ្លួនអស់រយៈពេលជាច្រើនសប្តាហ៍មកហើយប៉ុន្តែលំហូរដ៏នៃបុរស ស្ត្រីនិងកុមារចេញពីភូមិមាត់ទន្លេមួយនេះបានពន្យាការវាយលុករបស់ខ្លួន។
ដោយមានការគាំទ្រពីក្រុមចម្រុះដឹកនាំដោយអាមេរិក, SDF បានបន្តការវាយលុករបស់ខ្លួនសារជាថ្មីកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានព្រមានក្រុមអ្នកប្រយុទ្ធ IS ដែលនៅសេសសល់ថា ពេលវេលារបស់ពួកគេគឺអស់ហើយ។
ចាប់តាំងពីពេលនោះមក ការវាយប្រហារតាមអាកាសនិងការបាញ់ផ្លោងបានវាយប្រហារភូមិ Baghouz ៣យប់ជាប់គ្នាដោយបានសម្លាប់យុទ្ធជនរាប់សិបនាក់ហើយជំរុញឲ្យជនជីហាដនិយមរាប់រយនាក់និងសាច់ញាតិរបស់ពួកគេចុះចាញ់។
មនុស្សរាប់ពាន់នាក់បានប្រគល់ខ្លួនកាលពីថ្ងៃអង្គារបន្ទាប់ពីមានភ្លើងឆេះលើជំរំរបស់ក្រុម IS នៅយប់មុននោះ។
អ្នកនាំពាក្យកងកម្លាំងប្រជាធិបតេយ្យស៊ីរីលោក Mustefa Bali បានបង្ហោះ Twitter កាលពីល្ងាចថ្ងៃអង្គារថា “ចំនួនសមាជិកក្រុម IS ដែលបានចុះចាញ់ពួកយើងចាប់តាំងពីរាត្រីថ្ងៃពុធមកគឺបានកើនឡើងដល់៣,០០០នាក់”។ លោកបានបន្ថែមថា ស្ត្រី៣នាក់និងកុមារ៤នាក់មកពីសហគមន៍ជនជាតិភាគតិចយ៉ាហ្ស៊ីឌីក៏ត្រូវបានសង្គ្រោះផងដែរ។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP នៅសមរភូមិជួរមុខបានលឺសំឡេងយន្តហោះចម្បាំងហោះឆ្វែលខាងលើខណៈសំឡេងកាំភ្លើងត្បាល់និងការផ្ទុះបានបន្លឺឡើងពីជំរំរបស់ក្រុម IS ។
អ្នកប្រយុទ្ធ SDF រាប់សិបនាក់បានប្រមូលផ្ដុំគ្នានៅច្រកចូលភូមិ Baghouz កាលពីល្ងាចថ្ងៃអង្គារ។
មេបញ្ជាការកងវរសេនាតូចលោក Sherif បាននិយាយថា កងកម្លាំងរបស់លោកកំពុងត្រៀមខ្លួនវាយប្រហារមូលដ្ឋានចុងក្រោយរបស់ក្រុមជីហាដនិយម៕ AFP
Source: Kampuchea Thmey Daily
0 Comments