កំពង់ឆ្នាំង ៖ ស្ត្រីទន់ខ្សោយម្នាក់ ត្រូវបានប្តីកំណាចស្រវឹងខួបប្រើហិង្សា វាយឲ្យរបួស និងសន្លប់ហើយបានដុតផ្ទះឆេះម៉ត់តែម្តង។ ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៦និង៤០នាទី យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិគរ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះមាន ឈ្មោះ ឌុច ហន ហៅ ទ្រេន អាយុ៤២ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានកូន២នាក់ នៅក្នុងបន្ទុក។ ចំណែក ជនសង្ស័យ ជាប្តី ស្រវឹងខួបនោះ មានឈ្មោះ សម្បត្តិ សុធី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិជិតផ្ទះជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នៅម៉ោង៦និង៤០នាទី ស្ត្រីជាប្រពន្ធ បានមកពីធ្វើការរោងចក្រវិញ កំពុងតែអង្គុយហូបនំបាញ់ឆែវនៅលើគ្រែទាំងទឹកភ្នែកទាំងអួលដើម.ក ឈឺចាប់ចុកចាប់ ដោយហួសចិត្តនឹងប្តីកំណាចដែលបានដុតបំផ្លាញផ្ទះចោលកន្លងមក ក្នុងពេលថ្មីៗនេះ ពេលនោះស្រាប់តែប្តីស្រវឹងខួបបានចាប់បោចសក់នាងទាញទម្លាក់ពីលើគ្រែ ហើយបានយកអង្រែបុកគ្រឿងវាយទៅលើប្រពន្ធចំនួន២អង្រែ បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង។ ខណៈនោះដែរ អ្នកភូមិជិតខាង ក៏បានជួយអន្តរាគមន៍ហៅរថយន្តឈ្នួលដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។ ដោយឡែក ជនសង្ស័យ ឈ្មោះ សម្បត្តិ សុធី ត្រូវប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ខ្លួនបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មឥដ្ឋ និងបាននាំខ្លួនជនល្មើសយកទៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច។
ប្រជាពលរដ្ឋជាអ្នកជិតខាងនៅជិតជនរងគ្រោះបានឲ្យដឹងថា គ្រួសារមួយនេះបានរៀបការជាប្ត្តីប្រពន្ធយូរឆ្នាំមកហើយ មិនដែលមានសុភមង្គលទេ គឺប្រពន្ធកូនតែងតែរងទុក្ខលំបាកជានិច្ច មិនលស់ថ្ងៃ ដោយប្តីស្រវឹងខួបតែងតែផឹកស៊ីស្រែកឡូឡា ក្អេងក្អាងប្រើអំពើហិង្សាវាយដំជាច្រើនដង ដែលគេសង្ស័យថា ជនកំណាចនេះអាចនឹងប្រើថ្នាំញៀនទៀតផង។ ដោយឡែក កន្លងមកពេលបុរសកំណាចវាយប្រពន្ធរបួស ឬសន្លប់ ក៏ត្រូវបាននគរបាលប៉ុស្តិ៍ឃុំថ្មឥដ្ឋចាប់ខ្លួនបញ្ជូនកាន់អធិការនគរបាលស្រុកម្តងរួចមកហើយ បានតែមួយយប់ ស្រាប់តែព្រលឹមឡើងមកដល់ផ្ទះវិញ មិនដឹងថាវិធីដោះស្រាយរបស់សមត្ថកិច្ចបែបណាទេ អ្នកស្រុកសង្ស័យថា សមត្ថកិច្ចនគរបាល ត្រូវថ្នាំសណ្ដំរបស់បងប្អូនសាច់ញាតិបុរសកំណាចរូបនេះ។
ករណីហិង្សា និងដុតផ្ទះ ខាងលើនេះ ប្រជាពលរដ្ឋកំពុងរង់ចាំមើលចំណាត់ការរបស់លោកមេប៉ុស្តិ៍នគរបាលថ្មឥដ្ឋ និងលោកអធិការស្រុកកំពង់ត្រឡាច តើការចំណាត់ការជនសង្ស័យកំណាចខាងលើនេះបែបណា ឬក៏ដោះលែងដូចករណីមុនៗទៀត។
ប្រជាពលរដ្ឋ សំណូមពរ លោកស្នងការនគរបាលខេត្ត មេត្តាជួយចាក់វិធានការផ្លូវច្បាប់ចំពោះជនសង្ស័យខាងលើឲ្យបានម៉ឺងម៉ាត់ផង ដើម្បីកុំឲ្យប្រពន្ធកូនជាអ្នករងគ្រោះ មានការលំបាកបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments