ភ្នំពេញ ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីហុងកុងដោយចីរភាពនៃសាកលវិទ្យាល័យស៊ីធីក្រុងហុងកុង បានរៀបចំសិក្ខាសាលាស្តីពី “ កម្ពុជានិងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវៈ កាលានុវត្តភាព បញ្ហាប្រឈមនិងទស្សនវិស័យ” នាព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ២០១៩នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានមានប្រសាសន៍ថា សិក្ខាសាលាដែលបានរៀបចំឡើងនេះគឺដើម្បីនិស្សិត អ្នកស្រាវជ្រាវ និងនិស្សិតមកពីប្រទេសកម្ពុជានិងប្រទេសចិនពិភាក្សាធ្វើការរួមគ្នាពិនិត្យមើលកាលានុវត្តភាព បញ្ហាប្រឈមនិងទស្សនវិស័យសម្រាប់ប្រទេសកម្ពុជាក្នុងក្របខណ្ឌBRI របស់ប្រទេសចិន។ អ្នកចូលរួមទាំងអស់នៅទីនេះអាចចែករំលែកគំនិតទាំងទស្សនៈវិជ្ជមាន និងអវិជ្ជមានលើកគម្រោងBRI នៅក្នុងប្រទេសកម្ពុជា។ អង្គសិក្ខាសាលាយើងមានវាគ្មិនចំនួន៤រូប គឺ២រូបមកពីប្រទេសកម្ពុជានិង២រូបទៀតមកពីហុងកុងដែលនឹងចែករំលែកការស្រាវជ្រាវនិងទស្សនវិស័យរបស់ពួកគាត់លើប្រធានបទដូចជា “សក្តានុពលនិងហានិភ័យរបស់BRI សម្រាប់ប្រទេសកម្ពុជា ” ប្រធានបទ “ក្តីស្រមៃរបស់ប្រជាពលរដ្ឋកម្ពុជាឆ្ពោះទៅកាន់BRI របស់ប្រទេសចិន”។
សាស្ត្រាចារ្យLinda Chelan Li ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវទីក្រុងកុងហុង នៃសាកលវិទ្យាល័យទីក្រុងហុងកុងនឹងបង្ហាញគម្រោងស្រាវជ្រាវស្តីពី“ តំបន់ឆ្នេរសមុទ្រនិងកំណែទម្រង់របស់ប្រទេសចិនក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” និងលោក Raymond Wongសាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃសាកលវិទ្យាល័យទីក្រុងហុងកុងនឹងផ្តោតការស្រាវជ្រាវរបស់គាត់ស្តីពី “ការអភិវឌ្ឍន៍ទីក្រុងនៅក្នុងប្រទេសចិនៈជាមេរៀនដែលបានរៀនសូត្រសំរាប់ប្រទេសកំពុងអភិវឌ្ឍន៍”។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍រំលឹកឲ្យដឹងថា “គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ” ជាការផ្តួចផ្តើមគំនិតបង្កើតគម្រោងដ៏មហាសាលរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ចាប់តាំងពីឆ្នាំ២០១៣មក។ គម្រោងនេះ គឺជាគម្រោងហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ ខ្សែរថភ្លើង បំពង់បង្ហូរឧស្ម័ននិងកំពង់ផែជាច្រើន ដើម្បីផ្សារភ្ជាប់ប្រទេសចិន ជាមួយនឹងទ្វីបអឺរ៉ុប អាស៊ី និង អាហ្វ្រិក ដោយប្រមាណថា នឹងត្រូវចំណាយទឹកប្រាក់ប្រហែល ៥ ទ្រីលានដុល្លារអាមេរិក ក្នុងការស្ថាបនាហេដ្ឋារចនាសម្ពន្ធ ដោយមានការចូលរួមពីប្រទេសដ៏មានសក្តានុពលចំនួន៦៥ប្រទេស ដែលមានប្រជាជនសរុបចំនួន 4.4ពាន់លាននាក់ ស្មើនឹង៦២ភាគរយ នៃចំនួនប្រជាជនក្នុងពិភពលោក ហើយទំហំសេដ្ឋកិច្ចជារួមស្មើនឹង៣០ភាគរយនៃទំហំសេដ្ឋកិច្ចពិភពលោក។
លោកបានបន្តឲ្យដឹងថា គម្រោងដ៏មហិមានេះ ផ្តោតលើការពង្រីកហេដ្ឋារចនាសម្ពន្ធ ឧស្សាហកម្មជឿនលឿន ដោយរំពឹងថា នឹងផ្ទេរនូវឧស្សាហកម្ម អតិពលកម្ម និងឧស្សាហកម្ម ដែលប្រើដើមទុនធំៗរបស់ខ្លួន ទៅឲ្យបណ្តាប្រទេសដែលលចូលរួមក្នុងក្របខណ្ឌ “គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” ទាំងនោះ។ គម្រោងមួយនេះត្រូវបានបង្កើតឡើងក្នុងបំណង បង្កើននូវទំនាក់ទំនងឲ្យកាន់តែជិនស្និតរវាងប្រទេសចិន និងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក ក្នុងគោលដៅ ១-ការសម្របសម្រួលគោលនយោបាយ ២- ការសាងសង់ហេដ្ឋារចនាសម្ពន្ធ3- ការធ្វើសសមាហរណកម្មហិរញ្ញវត្ថុនិង៥-ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ក្នុងចំណោមគម្រោងទាំង៥នេះ ការកសាងហេដ្ឋារចនាសម្ពន្ធ (រួមទាំងផ្លូវដែកនិងផ្លូវហាយវេ) គឺជាលក្ខណៈពិសេសនៃផ្លូវសូត្រថ្មី ដើម្បីពង្រីកលំហូរពាណិជ្ជកម្មជំរុញការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ទៅដល់ប្រទេសដែលចូលរួម៕
Source: Kampuchea Thmey Daily
0 Comments