បាត់ដំបង ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលទិដ្ឋភាពនេះគឺមានសភាពសោកសង្រេងជាទីបំផុត ខណៈដែលកំពុងជិះម៉ូតូសុខៗ ក៏ត្រូវរថយន្តដឹកទឹកកករបស់ក្រុមហ៊ុន សេះហោះ រេចង្កូតមកបុកទាំងកម្រោលតែម្តង។
ដោយយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទី នៅចំណុចក្រុមទី២៩ ភូមិ កកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៥០ និង ២៥១ រវាងម៉ូតូ ជាមួយនឹងរថយន្ត។
របាយការណ៍បានបន្តថា ក្រោយពេលកម្លាំងបានចុះធ្វើការពិនិត្យ និងវាស់វែង គឺបានបង្កឡើងដោយរថយន្ត១មួយគ្រឿង ម៉ាកហ៊ីយិនដាយ ធុនដឹកជញ្ជូន ពាក់ស្លាកលេខ បាត់ដំបង 3A-2778 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ( រត់គេចខ្លួន ) បានរេចង្កូត ហើយបានបុកទៅលើម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខ ពោធិ៍សាត់ 1B-5034 បើកបរដោយ ឈ្មោះ អូន សេងលី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង។
បើតាមប្រភពជាច្រើនបាននិយាយថា កន្លងមក ក្រុមអ្នកបើកបររបស់ក្រុមហ៊ុនទឹកកកអនាម័យ សេះហោះ គឺជាក្រុមដែលបើកបរទំនើងជាទីបំផុត ព្រោះភាគច្រើនគឺអ្នកបើកបរសុទ្ធសឹងជាស្ទាវ ហើយក៏ទំនងជាគ្មានប័ណ្ណបើកបរឲ្យបានត្រឹមត្រូវផងដែរ ( រៀនបើកតៗគ្នា ) ដែលពួកគេបើកបរមិនសូវគោរពច្បាប់ចរាចរណ៍សោះឡើយ ព្រមទាំងបានបង្កឲ្យមានការប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវជាញឹកញាប់ រាល់បញ្ហានេះ គួរតែសមត្ថកិច្ចចរាចរណ៍ពិនិត្យឡើងវិញទៅលើអ្នកបើកបររបស់ក្រុមហ៊ុន សេះហោះ នេះ៕
Source: Kampuchea Thmey Daily
0 Comments