បន្ទាយមានជ័យ ៖ លោក ស្រិល វណ្ណា អតីត ចៅអធិការវត្តភ្នំបាក់ បានដឹកក្រុមគ្រួសារចេញពីហូបការក្មួយ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តជាច្រើនត្រឡប់ ប៉ុន្តែគ្មានគ្រោះថ្នាក់អ្វីបន្តិចទាល់តែសោះ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងផ្លូវ កសិកម្ម ជិតព្រៃខ្លឹនទា ក្នុងភូមិកូនត្រី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់អ្នកព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានរថយន្ត៤៧០ ពណ៌ខ្មៅ១គ្រឿង បើកដោយលោក ស្រិល វណ្ណា អតីតចៅអធិការវត្តភ្នំបាក់ បានដឹកក្រុមគ្រួសារជាច្រើននាក់ទៅចងដៃការក្មួយ នៅភូមិកណ្តាល ឃុំអូរបីជាន់ ពេលកម្មវិធីការក្មួយចប់ ក៏ជិះវិលត្រឡប់មកផ្ទះវិញ។ លុះបើកដល់ចំណុច ផ្លូវកសិកម្ម ជិតព្រៃខ្លឹនទា ជិតដល់កូនត្រី ស្រាប់តែរថយន្តរេចង្កូតហោះធ្លាក់ស្នាមភ្លោះជាង២០ម៉ែត្រ ក្រឡាប់ធ្លាក់ប្រឡាយជិត២ម៉ែត្រ តែសំណាងល្អណាស់ ក្រុមគ្រួសារជិះក្នុងរថយន្តទាំងអស់ គ្មានអ្នករងរបួសបន្តិចទេ ទាំងឡានក៏អត់មានខូចដែរ។
គួរបញ្ជាក់ផងដែរថា លោក ស្រិល វណ្ណា អតីតអតីតចៅអធិការវត្តភ្នំបាក់ កាលពីគាត់នៅធ្វើជាចៅអធិការវត្តភ្នំបាក់មានពុទ្ធបរិស័ទអ្នកមានជំនឿលើលោក រាប់ពាន់អ្នកនាំគ្នាមកព្យាបាលជំងឺ ពិសេសនាំគ្នាមកស្រោចទឹកលើករាសីកាក់កប រកស៊ីមានបានណាស់ រហូតដល់គាត់សឹកជាមនុស្សធម្មតា ក៏នៅមានមនុស្សមកព្យាបាលដល់ផ្ទះរាប់ពាន់នាក់ដដែល តើ លោក ស្រិល វណ្ណា នេះពូកែរឿងអាគមពូកែសក្ដិសិទ្ធិ ទើបមានពុទ្ធបរិស័ទជឿ ហើយគ្រោះថ្នាក់ដល់ប៉ុណ្ណឹងហើយ នៅតែគ្មានរបួសបន្តិចទាល់តែសោះ តើគួរឲ្យជឿ ឬយ៉ាងណា?៕
Source: Kampuchea Thmey Daily
0 Comments