Ad Code

មេ​ប៉ូលិស​ក្រុងប៉ារីស​ ត្រូវ​បណ្តេញចេញ​ បន្ទាប់ពី​កុបកម្ម​នៅ​មហាវិថី Champs-Elysees



រដ្ឋាភិបាល​បារាំង​បាន​បណ្តេញ​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​នៅក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ចន្ទ ​បន្ទាប់ពី​មានការ​ធ្វើ​កូដកម្ម​ចុង​សប្តាហ៍​ជាថ្មីទៀត​ក្នុង​រដ្ឋធានី​នេះ ​អំឡុងពេល​នៃ​ការតវ៉ា "​អាវកាក់​ពណ៌​លឿង​"​។​

ការបរាជ័យ​របស់​ប៉ូលិស​ក្នុងការ​ទប់ស្កាត់​បាតុក​ម្ម​នៅ​ទីក្រុង​ប៉ារីស​កុំឱ្យ​រាលដាល​ហួស​ពី​ការគ្រប់គ្រង​បានប្រែក្លាយ​ទៅជា​ការយក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ទៅលើ​យុទ្ធសាស្ត្រ​របស់​ពួកគេ​។​
​ប៉ូលិស​ប្រហែល​៥,០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​រដ្ឋធានី​កាលពី​ថ្ងៃ​សៅរ៍​ហើយ​វា​ជា​ចំនួន​ច្រើនជាង​កុបករ​ដែល​បង្ក​ភាពវឹកវរ​នៅ​ចំពោះមុខ​ប៉ូលិស​។​

នាយករដ្ឋមន្ត្រី​លោក Edouard Philippe បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍​ថា "​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​សៅរ៍​ចុង​ក្រោយនេះ​ជាពិសេស​លើ​មហាវិថី Champs-Elysees គឺ​មិនអាច​ទទួលយក​បានទេ​ហើយ​លោក​ប្រធានាធិបតី​បានស្នើ​សុំឱ្យ​រដ្ឋាភិបាល​ផ្តល់នូវ​ការឆ្លើយតប​ដែលជា​តម្រូវការ​របស់​ស្ថានការណ៍​នេះ​" ។​

បន្ទាប់ពី​បាន​រិះគន់​លើ​ការណែនាំ​មិន​សមរម្យ​ឱ្យ​កងកម្លាំង​សន្តិសុខ​ប្រើប្រាស់​គ្រាប់កាំភ្លើង​កៅស៊ូ លោក​បានប្រកាសថា មេ​ប៉ូលិស​ក្រុងប៉ារីស​ឈ្មោះ Michel Delpuech អាយុ ៦៦ ឆ្នាំ​ត្រូវបាន​បណ្តេញចេញ​ហើយនឹង​ត្រូវបាន​គេ​ជំនួស​តំណែង​នៅ​ថ្ងៃ​ពុធ​។​

លោក​បាន​និយាយថា អាជ្ញាធរ​បារាំង​នឹង​ហាមឃាត់​ការប្រមូល​ផ្តុំគ្នា​នៅលើ​ហា​វិថី Champs-Elysees និង​កន្លែង​ផ្សេងទៀត​ប្រសិនបើ​អ្នកបង្ក​រឿង​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ទីនោះ​ហើយ​លោក​បាន​បន្ថែមថា ការពិន័យ​នឹងត្រូវ​បាន​បង្កើន​ពី​៣៨​ទៅ ១៣៥​អឺរ៉ូ​សម្រាប់​អ្នក​ដែល​ចូលរួម​តវ៉ា​ដោយ​គ្មាន​ការអនុញ្ញាត​។​

អាជីវកម្ម​ជាង​១០០​ត្រូវបាន​ខូចខាត​កាលពី​ចុង​សប្ដាហ៍​នៅ​ទីក្រុង​ប៉ារីស​រួមទាំង​ហាង​ទំនើប​និង​ភោជនីយដ្ឋាន​ជាច្រើន​កន្លែង​ផងដែរ​លើ​ហា​វិថី Champs-Elysees៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu