Ad Code

បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​ ហើយគំរាម​ប៉ុនប៉ង​សម្លាប់​ម្តាយ​ខ្លួនឯង​ទៀត​



រតនគិរី ៖ យុវជន​ម្នាក់ បាន​បង្ក​ហិង្សា​ក្នុង​គ្រួសារ ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ ​អស់​មួយ​ចំនួន​ធំ ថែមទាំង​ប៉ុនប៉ង​សម្លាប់​ម្តាយ​បង្កើត​ខ្លួនឯង​ទៀតផង ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​ករណី​បង្ក​ហិង្សា​ក្នុង​គ្រួ​សារនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ចន្ទ ១៣​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​កាចក់ ឃុំ​កក ស្រុក​បរកែវ​។​

​មន្ត្រីនគរបាល​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹងថា យុវជន​ដែល​បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ មាន​ឈ្មោះ ទីង ញី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ទំពួន មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

​មន្ត្រីនគរបាល​បាន​បន្តថា សម្ភារៈ​ដែល​បាន​ខូចខាត​រួមមាន ម៉ូតូ​១​គ្រឿង ធុងបាស១ ទូរស័ព្ទ​ដៃ១​គ្រឿង ហើយ​បាន​គំរាម​ដុត​លំនៅដ្ឋាន ថែមទាំង​ប៉ុនប៉ង​រក​សម្លាប់​ម្ដាយបង្កើត​មានឈ្មោះ ទីង អ្វែ​ង អាយុ​៥៣​ឆ្នាំ ជនជាតិ​ទំពួន​។​

​ក្រោយពី​សមត្ថកិច្ច​មូលដ្ឋាន​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ពី​អាណាព្យាបាល​យុវជន​រូបនេះ​មក សមត្ថកិច្ច ​បាន​ចុះមក​អន្តរាគមន៍​ធ្វើការ​ឃាត់​ខ្លួន និង​បញ្ជូន​មកកាន់​អធិការ​នគរបាល​ស្រុក​បរ​កែវ​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu