នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានអំពាវនាវដល់មេដឹកនាំពិភពលោកឲ្យជំរុញដល់ក្រុមហ៊ុនបច្ចេកវិទ្យាឲ្យដោះស្រាយចន្លោះប្រហោងដែលមិនអាចគ្របគ្រងបាននៃមាតិកាតាមអ៊ីនធឺណេតជ្រុលនិយមបន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុង Christchurch។
នៅក្នុងលិខិតមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារ មេដឹកនាំអូស្ត្រាលីរូបនេះបានស្នើសុំម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 គឺនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ឲ្យលើកឡើងពីបញ្ហានេះនៅពេលដែលបណ្តាមេដឹកនាំប្រមូលផ្តុំគ្នានៅទីក្រុងអូសាកាក្នុងខែមិថុនាខាងមុខនេះ។
លោក Morrison កំពុងស្ថិតនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជាថ្មីដ៏តឹងតែងមួយដែលគណបក្សរបស់លោកត្រូវប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនពាក់ព័ន្ធជនអន្តោប្រវេសន៍។
លោក Morrison បាននិយាយជាសាធារណៈជាច្រើនលើកមកហើយដើម្បីប្រឆាំងនឹងភាពជ្រុលនិយមចាប់តាំងពីការវាយប្រហារដែលបានសម្លាប់មនុស្សចំនួន៥០នាក់នៅក្នុងប្រទេសជិតខាងនូវែលហ្សេឡង់កាលពីថ្ងៃសុក្រមុន។
លោកក៏សំដៅដល់ក្រុមហ៊ុនបច្ចេកវិទ្យាផងដែរព្រោះពួកគេហាក់ដូចជាមិនមានលទ្ធភាពបញ្ឈប់ការឃោសនានៃមាតិកាជ្រុលនិយមដូចជាការផ្សាយផ្ទាល់ដោយខ្មាន់កាំភ្លើងជាដើមនៅពេលដែលគាត់បានបើកការវាយប្រហារនៅវិហារឥស្លាម Al Noor។
លោកបានប្រាប់សារព័ត៌មានថា “ពួកគេបានបង្កើតសមត្ថភាពទាំងនេះហើយក្នុងករណីភាគច្រើន ពួកគេអាចប្រើវាសម្រាប់គោលបំណងសន្តិភាពនិងសុភមង្គលប៉ុន្តែយើងដឹងថា ពួកគេអាចត្រូវបានប្រើប្រាស់និងធ្វើជាអាវុធដោយភេរវករសម្រាប់ការពិពណ៌នាណាមួយ”។
លោកបន្តថា “ប្រសិនបើអ្នកអាចសរសេរក្បួនដោះស្រាយដើម្បីធ្វើឲ្យប្រាកដថា ការផ្សាយពាណិជ្ជកម្មដែលពួកគេចង់ឲ្យអ្នកឃើញអាចលេចឡើងនៅលើទូរស័ព្ទដៃរបស់អ្នកនោះ ខ្ញុំមានទំនុកចិត្តថាពួកគេក៏អាចសរសេរក្បួនដោះស្រាយដើម្បីបង្ហាញមាតិកាស្អប់ខ្ពើមនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានដែរ”៕ AFP
Source: Kampuchea Thmey Daily
0 Comments