Ad Code

ប្រា​សាក់ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​បណ្ណាល័យ​ថ្មី​មួយទៀត​លើទឹក​ដី​អង្គរ​ខេត្តសៀមរាប



សៀមរាប​ ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បានដាក់​សម្ពោធ​អគារ​បណ្ណាល័យ​ថ្មី​មួយ​ខ្នង ស្ថិតក្នុង​បរិវេណ​សាលាបឋមសិក្សា​បន្ទាយស្រី ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី 15 ខែមីនា ឆ្នាំ 2019 ក្នុងការ​ចូលរួម​បណ្តុះ​វប្បធម៌​អាន​នៅ​កម្ពុជា​។

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ហ៊ាង ស៊ី​ណេ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក Minki Brian Hong សមាជិក​ក្រុមប្រឹក្សាភិបាល ប្រា​សាក់ និង​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​អាគេ្នយ៍​នៃ​មូលនិធិ CVC ឯកឧត្តម ឡោ ឆ​វណ្ណា ប្រធាន​គណៈកម្មការ​គ្រប់គ្រង​បណ្តោះអាសន្ន​នៃ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក លី វណ្ណា អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប និង​លោកស្រី រឿន គី​ណា អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​បន្ទាយស្រី។​

លោកស្រី រឿន គី​ណា បាន​រាយការណ៍​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អប់រំ​នៅក្នុង​ស្រុក​បន្ទាយស្រី និង​បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ និង​លោក Minki Brian Hong និង លោក Hiep Van Vo ក្រុមប្រឹក្សាភិបាល​របស់​ប្រា​សាក់ ដែល​បានផ្ដល់​មូលនិធិ​សាងសង់​អគារ​បណ្ណាល័យ នៅក្នុង​ទឹកដី​ស្រុក​បន្ទាយស្រី ដែលជា​នេះ​កាយវិការ​ដ៏​ល្អ​ប្រពៃ​ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅក្នុង​ស្រុក​បន្ទាយស្រី​នេះ​។​

​លោក Minki Brian Hong សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ និង​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​អាគេ្នយ៍​នៃ​មូលនិធិ CVC បាន​ថ្លែងថា លោក​ពិត​ជាមាន​សេចក្ដី​រីករាយ​ណាស់​ដែល​បាន​ចូលរួម​កម្មវិធី​សម្ពោធ​អគារ​បណ្ណាល័យ​នៅថ្ងៃនេះ​។ លោក​បានឱ្យដឹងថា ការសិក្សាអប់រំ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ភាពសម្បូររុងរឿង​រប​ស់​ប្រទេសជាតិ​មួយ តួយ៉ាង​ដូចជា​ប្រទេស​កូរ៉េ​ដែលជា​ទឹកដី​កំណើត​របស់លោក ធ្លាប់​ជួបប្រទះ​ភាពក្រីក្រ ដី​មិនសូវមាន​ជីជាតិ មិន​សម្បូរ​ធនធានធម្មជាតិ និង​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង បាន​វិ​វ​ឌ្ឍ​ខ្លួន​មកដល់​សព្វថ្ងៃ និង​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​នៅ​ទ្វីបអាស៊ី ដែល​អាច​ផលិត រថយន្ត ទូរស័ព្ទ កប៉ាល់ និង​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និ​ច​ទំនើប​ផ្សេងៗ បាន​គ្រប់បែបយ៉ាង​។ ទាំងនេះ​គឺ​កើតឡើង​ដោយសារ​ប្រទេស​កូរ៉េ​ផ្តោតលើ​ការសិក្សាអប់រំ​។ លោក Minki Brian Hong សង្ឃឹមថា សមិទ្ធផល​បណ្ណាល័យ​នេះ នឹង​ក្លាយជា​បង្អួច​សម្រាប់​បើក​ចិត្ត បើក​គំនិត​ប្អូនៗ​សិស្សានុសិស្ស ទៅកាន់​ពិភពលោក​ទាំងមូល តាមរយៈ​ការអាន​។ លោក​បាន​សង្កត់ធ្ងន់ថា ការអាន គឺ​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​ឆ្ពោះទៅរក​ភាពជោគជ័យ​។​

​ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ខិតខំ​ប្រឹងប្រែង​សិក្សា ដើម្បី​ឱ្យមាន​អនាគត​ភ្លឺស្វាង ដោយ​យក​បណ្ណាល័យ​នេះ​ជា​មិត្ត​ដ៏​ល្អ​។ លោក​ក៏បាន​បន្ថែមទៀតថា យើងទាំងអស់គ្នា​កើតមក​គឺ​មិនចេះ​អ្វី​ទេ ប៉ុន្តែ​មិនត្រូវ​ស្លាប់​ទៅវិញ​ដោយ​មិនចេះ​អ្វី​សោះ​នោះឡើយ​។ ហេតុនេះ យើង​ត្រូវ​សង្វាត ស្រវាស្រទេញ សិក្សា​រៀនសូត្រ​ឱ្យមាន​ចំណេះដឹង ដើម្បី​ជួយ​កសាង​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គមជាតិ ដូចជា​ចំណេះដឹង​ទូទៅ ក៏ដូចជា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ជំនួយ​ជួញប្រែ​ផ្សេងៗ​។​

ថ្លែង​ក្នុងឱកាស​នេះ ឯកឧត្ដម ហ៊ាង ស៊ី​ណេ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្ដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​និង​កោតសរសើរ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ជាពិសេស​លោក Minki Brian Hong និង លោក Hiep Van Vo ជា​ក្រុមប្រឹក្សាភិបាល ដែល​បានផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ កិច្ចការ​ដ៏​ប្រពៃ​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ​ឱ្យ​កាន់តែ​រឹងមាំ​នេះ ស្របទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​យុទ្ធសាស្ត្រ​របស់​ក្រសួង​អប់រំ ដែល​កំពុង​ផ្ដោត​សំខាន់​ទៅលើ​ការអាន​សៀវភៅ​។ ឯកឧត្ដម​បាន​សំណូមពរ​ឱ្យ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​មាតាបិតា​សិស្ស ជួយ​ថែរក្សា​និង​ប្រើប្រាស់​បណ្ណាល័យ​នេះ​ឱ្យ​អស់ពី​លទ្ធភាព ដោយ​ជំរុញឱ្យមាន​ការអាន​ឱ្យបាន​ច្រើន​ផុសផុល ស្រលាញ់ និង​ថែរក្សា​សៀវភៅ​ទាំងអស់​ឱ្យបាន​ល្អ​។​

ក្នុងឱកាសនៃ​​ពិធី​សម្ពោធ​នោះដែរ ក៏មាន​ការរៀបចំ​ពិធី​ប្រកួត​អំ​ណាន​សម្រាប់​សិស្សានុសិស្ស ដើម្បី​ស្វែងរក​ជ័យលាភី​ដែល​អាន​បានល្អ​បំផុត និង​ការដាំ​ដើមឈើ​ទុកជា​អនុស្សាវរីយ៍​របស់​គណៈ​អធិបតី​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​បន្ទាយស្រី​ផងដែរ​។

គិត​ត្រឹម​ខែ​មិនា ឆ្នាំ 2019 នេះ គម្រោង​បណ្ណាល័យ​ប្រា​សាក់​ដាក់ឱ្យ​ប្រើប្រាស់​និង​កំពុង​សាងសង់​ចំនួន 34 អគារ​គ្របដណ្តប់​លើ​ភូមិ​ចំនួន 346 ភូមិ ដែលមាន​ចំនួន​គ្រួសារ​សរុប 70,537 គ្រួសារ មាន​ប្រជាជន​សរុប​ចំនួន 326,400 នៅក្នុង 11 ខេត្ត​រួមមាន កំពង់ស្ពឺ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ ខេត្តបាត់ដំបង ស្វាយរៀង និង​បន្ទាយមានជ័យ និង​មាន​សិស្សានុសិស្ស​ដែល​ទទួលផល​ផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន 78,266 នាក់​។​

​អំពី​ប្រា​សាក់​
​ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លំដាប់​កំពូល​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធនាគារ​ធំៗ​ទាំង 5 នៅក្នុង​ប្រទេស​កម្ពុជា​។ សេវា​ហិរញ្ញវត្ថុ​ដែល​បម្រើ​ដល់​សេចក្តីត្រូវការ​របស់​អតិថិជន រួមមាន សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេងៗ​ទៀត ជាមួយនឹង​បណ្តាញ​ការិយាល័យ​ប្រមាណ​ជា 200 ទីតាំង និង​បាន​បំពាក់​ម៉ាស៊ីន​អេ​ធី​អឹម​នៅ​ទូទាំងប្រទេស​។​

​អំពី​មូលនិធិ CVC
CVC and the Community គឺជា​កម្មវិធី​មនុស្សធម៌​គ្របដណ្ដប់​បណ្ដាញ​ទាំងអស់​របស់ CVC ដែលមាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការរស់នៅ និង​លទ្ធភាព​របស់​កុមារ និង​យុវជន​នៅក្នុង​សហគមន៍​មូលដ្ឋាន និង​បណ្ដា​អ្នក​ទាំងឡាយ​ដែល​ទទួល​ឥទ្ធិពល​ពី​បណ្ដាញ​ក្រុមហ៊ុន​ផលប័ត្រ​របស់ CVC​។ កម្មវិធី​នេះ​ផ្តោតលើ 4 ផ្នែក គឺ ការអប់រំ លទ្ធភាព​រក​ការងារ​ធ្វើ សហគ្រាស និង​ការវិនិយោគ​ដែលមាន​គោលដៅ​មនុស្សធម៌ ដែល​ប្រាក់​ជំនួយ ជំនាញ និង​ចំណេះដឹង​របស់ CVC អាចមាន​ឥទ្ធិពល​បំផុត៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu