Ad Code

ករណី​ជនជាតិ​ជប៉ុន​​២​នាក់​ប្លន់​សម្លាប់​យក​ឡាន​នៅ​សៀមរាប គឺ​ដោយសារ​ជំពាក់​លុយ​ធនាគារ​ច្រើន​ពេក​



សៀមរាប ​៖​ សមត្ថកិច្ច​បានបញ្ជាក់​ថា ករណី​ប្លន់​សម្លាប់​អ្នករត់​ស៊ី​នៅ​ស្រុក​ពួក​នោះ ​គឺ​មានតែ​ជន​ជាតិ​ជប៉ុន​ចំនួន​២​នាក់​ទេ​ ដែល​ធ្វើ​សកម្មភាព​ប្លន់​សម្លាប់​យក​រថយន្ត​នោះ គឺ​ ដោយសារតែ ពួកគេ​ជំពាក់​លុយ​ធនាគារ​ច្រើនពេក​។ ​ចំណែក​ការផ្សាយ​ថា​ ជនសង្ស័យ​មាន​គ្នា​៣​នាក់​ និង​ជនជាតិ​ចិន​នោះ​ គឺជា​រឿង​មិន​ពិត វា​ជា​ប្រភព​មិន​ច្បាស់លាស់​។​

លោក​ឧត្ដមសេនីយ៍​ត្រី ភឹង ច​ន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​កណ្ដាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាព​ប្រាប់​កម្លាំង​នគរបាល​ជំនាញ​ថា​៖​ សូម​មហាជន ទូទៅ កុំ​យល់​ច្រឡំ​តទៅទៀត​ ចំពោះ​ការផ្សាយ​ថា ​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ​និង​ជនជាតិ​ចិន​នោះ ​គឺជា​រឿង​មិន​ពិត វា​ជា​ប្រភព​មិន​ច្បាស់លាស់ អាចធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

លោក​បន្តថា នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ ជនសង្ស័យ ទាំង​០២​នាក់ ទី​០១​-ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ,​ទី​០២-​ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ចូលមក​ប្រទេស​កម្ពុជា​ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត នៅវេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ខែ​ឆ្នាំ​ដដែល ពួកគេ​បាន​ជិះ​តាក់ស៊ី​ទៅ​ខេត្ត​សៀមរាប ពួកគេ​បាន​សម្រាក​នៅ​សណ្ឋាគារ​មួយកន្លែង ​ក្នុង​ក្រុង​សៀមរាប មិន​ចាំ​ឈ្មោះ ក្នុង​គោលបំណង​រក​លួច​រថយន្ត​ ឬ​ប្លន់​ ប៉ុន្តែ​លំបាក​ធ្វើ​សកម្មភាព ​ព្រោះ​កាមេរ៉ា​ច្រើន​។

លុះ​ព្រឹក​ឡើង ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ពួកគេ​បាន​រក​តាក់ស៊ី ជិះ​ទៅ ស្វាយ​ស៊ី​សា​ផុន ខេត្ត​បន្ទាយមានជ័យ ក្នុង​គោលបំណង​ស្វែងរក​ឡាន​តាក់ស៊ី​ថ្មី​ ដើម្បី​ប្លន់​យកមក​ប្រើ​ប្រាស់​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​សកម្មភាព​បន្ត​ទៀត ពេលទៅដល់​ស្វាយ​ស៊ី​សា​ផុន ពួកគេ​បាន​រក​តាក់ស៊ី​ថ្មី​បាន​ជា​រថយន្ត​ជនរងគ្រោះ ម៉ាក ហាយ​ឡែ​ន​ឌ័រ ពណ៌​ស្ករ ស្លាក​លេខ ២AB ៥២១៨ ដោយ​ពួកគេ​ប្រាប់​ជនរងគ្រោះ​ថា​ ចង់ទៅ​សៀមរាប ហើយ​ត្រូវ​គ្នា​ក្នុង​តម្លៃ​៣០​ដុល្លារ ពួកគេ​ក៏​ឡើង​តាក់ស៊ី​ដោយ​ជិះ​តែ​០៣​នាក់​គត់ តៃកុង​តាក់ស៊ី និង​ពួកគេ​០២​នាក់​ ជិះ​នៅ​កៅអី​ខាងក្រោយ​តៃកុង ពេលមកដល់​កន្លែងកើតហេតុ​ ពួកគេ​បាន​ឲ្យ​តៃកុង​ឈប់​នោម​។ ​បន្ទាប់មក​ពួកគេ​ ក៏​នាំគ្នា​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​យក​រថយន្ត​បាន​០២​នាទី​ រូបគេ ​ក៏​បើកទ្វារ​តាក់ស៊ី​ឃើញ បក្សពួក​ខ្លួន​កំពុង​យក​កាំបិត​អារ.ក ​និង​ចាក់​ជា​ច្រើន​កាំបិត​លើ​ជនរងគ្រោះ ដោយ​ជនរងគ្រោះ​កំពុង​រើ​បម្រាស់ ភ្លាមៗនោះ ​ជនរងគ្រោះ​ ក៏​ធ្លាក់​ចេញ​ពីលើ​រថយន្ត​ដោយ​ខ្លួនឯង រួច​រូបគេ​បាន​ឡើង​រថយន្ត​បើក​ចេញពី​កន្លែងកើតហេតុ បាន​ប្រហែល ៣០​ម៉ែត្រ រថយន្ត​ក៏​ជ្រុល​ទៅ​បុក​គោយន្ត​កន្ត្រៃ ​ហើយ​ពួកគេ​ក៏​បើកទ្វារ​ចុះ​រត់ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​បានតែ​ម្តង​។

​លោក​បន្តថា ជនសង្ស័យ បាន​សារភាព ទៀតថា មូល​ហេតុដែល​ពួកគាត់​ដាច់ចិត្ត​មក​ប្លន់​នៅ​ស្រុក​ខ្មែរ​ មកពី​គាត់​ជំពាក់​ធនាគារ​ច្រើនពេក ​គ្មាន​លុយ​សង​។ ចំណែក​វត្ថុតាង កាំបិត​ប្រវែង​កន្លះ​ម៉ែត្រ ០១​ដើម និង​ដំបង​រលាស់​០១​ដើម ពួកគេ​យកតាម​ខ្លួន​ពី​ប្រទេស​ជប៉ុន​។ ចំណែក​កាំបិត​ ដែល​ធ្វើ​សកម្មភាព ​គឺ​កាំបិត​កោង​។​

ជនសង្ស័យ​ បាន​សំណូមពរ​មិន​ឲ្យ​ខាង​ស្ថានទូត​រក​មេធាវី ជួយ​ពួកគេ​ទេ ដោយ​គ្រាន់តែ​សុំ​ឲ្យ​ផ្តល់​ដំណឹង​ដល់​គ្រួសារ​របស់​ពួកគេ​បាន​ដឹង​ផង​។​

លោក​បញ្ជាក់ទៀតថា ក្រោយ​សួរចម្លើយ​ចប់ កម្លាំង​បាន​តេស្ត​សារធាតុ​ញៀន​ឃើញថា ជនសង្ស័យ​ទាំង​០២​នាក់ ពុំ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទេ​។​ បច្ចុប្បន្ន​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu