Ad Code

វង្ស ណ​យ ចាញ់ ចែគ​ស្យ៉ា​ម ខណៈ អ៊ូច ធា​រិ​ទ្ធ ឈ្នះ ហ្វា​ម៉ៃ ដោយ​ពិន្ទុ



​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​វង្ស ណ​យ នៃ​ក្លិប​កុលបុត្រ​គុន​ខ្មែរ បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ចែគ​ស្យ៉ា​ម ចែគ​ស្យ៉ា​ម​ជី​ម (Jacksiam Jacksiam Gym) នៅក្នុង​ការជួបគ្នា​លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​០៣​ ខែមីនា ឆ្នាំ​២០១៩។

វង្ស​ណ​យ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ចែគ​ស្យ៉ា​ម ចែគ​ស្យ៉ា​ម​ជី​ម ដោយ​ពិន្ទុ​បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។​ ពួកគេ​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម។​

ចែគ​ស្យ៉ា​ម ​ឈ្នះ ​វង្ស ណ​យ​នេះ ដោយសារ​គេ​វាយ​ចំ​គោលដៅ​ល្អ​ជាង​និង​ច្រើនជាង ការ​វាយ​ចេញ​របស់​វង្ស ណ​យ។ ដូច្នេះហើយ ទើប​ចប់​ការប្រកួត​ចែគ​ស្យ៉ា​ម ឈ្នះ​ដោយ​ពិន្ទុ​នោះ។​

អ្នក​ប្រដាល់​ថៃ​ចែគ​ស្យ៉ា​ម​នេះ រាល់​ការ​វាយ​ចេញ​របស់គេ គឺ​លឿន រហ័ស ដែល​ធ្វើឲ្យ ​វង្ស ណ​យ ពិបាក​ក្នុងការ​ការពារ​និង​វាយបក​វិញ​នោះ។ យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ បើតាម​កំណត់ត្រា​ប្រកួត​របស់គេ គឺ​មិន​សម​នឹង​បានឈ្នះ​ វង្ស ណ​យ​ នោះទេ ខណៈ​ដែល វង្ស ណ​យ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​២០៣​លើក ខណៈ​ដែល​ចែគ​ស្យ៉ា​ម គេ​មាន​កំណត់ត្រា​ប្រកួត​តែ​៩៩​លើក​ប៉ុណ្ណោះ។​

សូមបញ្ជាក់ថា ចែគ​ស្យ៉ា​ម​នេះ កាលពី​មក​ប្រកួត​លើកដំបូង​ជួប​ជាមួយ​ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​នោះ គេ​បាន​វាយ​ឯម ឡេង​លី​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។​

ចំណែក អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ដែល​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ហ្វា​ម៉ៃ ស៊ីត យ៉​ត​សៀន​(Famai Site Yodsian)​នោះ បាន​វាយ​ឈ្នះ​ហ្វា​ម៉ៃ ស៊ីត យ៉​ត​សៀន ដោយ​ពិន្ទុ​ប្រផុតប្រផើយ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គ​.​ក្រ។

អ៊ូច ធា​រិ​ទ្ធ បាន​វាយ​ហ្វា​ម៉ៃ ស៊ីត យ៉​ត​សៀន បែក​ថ្ងាស​ក្នុង​ទឹក​ទី​៥​និង​បាន​ដាល់​ចំ​គោលដៅ​ច្រើន​ក្នុង​ទឹក​បង្ហើយ​នេះ ទើបបាន​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ដោយ​ពិន្ទុ​ប្រផុតប្រផើយ។ ​អ៊ូច ធា រិ​ទ្ធ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​១១​លើក និង​ឡាវ​១​លើក ប៉ុណ្ណោះ ប៉ុន្តែ​លទ្ធផល​គេ គឺ​ឈ្នះ​ជាង​ចាញ់។ ​កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើក​មុន​(១៨​វិច្ឆិកា​២០១៨) គេ​បាន​វាយ​ស្មើ​ជាមួយ​ ឃុ​ម ផេ​ត (Khum Petch)។​

ដោយឡែក សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ខេ​ម ចាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​វាយ​ឈ្នះ ​ងួន គា អ្នក​ប្រដាល់​ជើងចាស់​ក្លិប​រាជសីហ៍​មាន​រិ​ទ្ធ​ខេត្ត​រតនគិរី​ដោយ​ពិន្ទុ​។ ​ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។

•​មាស សារ៉ាក់ ចាញ់ សុខ សុវណ្ណ ឯ ធឹ​ម ទាន់ ចាញ់ វី​សុ​ភ័ស្ស
​មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ដែល​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​សុខ សុវណ្ណ អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ និង​ជា​ម្ចាស់​ខ្សែក្រវាត់ លី​អូ​ទម្ងន់​៦០​គីឡូក្រាម បាន​វាយ​ចាញ់​ត្រឹម​ពិន្ទុ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​០២ ខែ​មីនា ឆ្នាំ​២០១៩ នៅលើ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

សុខ សុវណ្ណ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់ គេ​មាន​កណ្តាប់ដៃ​ខ្លាំង រហ័ស​ និង​លឿន ពិសេស​ស្នៀត​ទាត់​របស់គេ គឺ​អស្ចារ្យ​តែម្តង ដែល​ធ្វើឲ្យ ​មាស សារ៉ាក់ ចង់​គាំង​ម្តងៗ​ទៅហើយ។

មាស សារ៉ាក់ គេ​មាន​ស្នៀត​កណ្ដាប់ដៃ​ល្អ ហើយ​វាយ​ខ្លាំង​ដែរ តែ​ដល់​មក​ប៉ះ​ជាមួយ​ សុវណ្ណ គេ​បែរជា​វាយ​អត់​ចេញទៅ​វិញ។​ បើ​ពិនិត្យ​ទៅ សមត្ថភាព​បច្ចេកទេស សារ៉ាក់​ ប្រហាក់ប្រហែល​នឹង​សុវណ្ណ​ ដែរ។

គេ​នៅ​ចាំបាន​ថា មាស សារ៉ាក់ ដែល​ពីមុន​មិនដែល​ប៉ះ​សុខ សុវណ្ណ​ នោះ ដោយសារ ពេលនោះ​សារ៉ាក់​មាន​សមត្ថ​ភាព​មិន​ដល់​សុវណ្ណ ហើយ​ណាមួយ​ទម្ងន់​របស់គេ ក៏​នៅ​ស្រាល​ជាង​សុវណ្ណ​ដែរ​។

ធឹ​ម ទាន់ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី បាន​បោះបង់ចោល​ការប្រកួត ក្នុង​ទឹក​ទី​៤ បន្ទាប់ពី​មិនអាច​ទប់​និង​ការពារ​បាន​ពី​ការវាយប្រហារ​ដ៏​ខ្លាំង​របស់​វី សុ​ភ័ស្ស អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ​នោះ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។

វី សុ​ភ័ស្ស ជា​អ្នក​ប្រដាល់​ចាស់វស្សា ប៉ុន្តែ​គេ​បាន​បាត់​មុខ​ពីស​ង្វៀន​ប្រដាល់​យូរហើយ ទើបតែ​លេច​មុខ​មកវិញ​លើក​នេះ ជួប​ធឹ​ម ទាន់​នេះឯង។

ចំពោះ អេ​រ៉ា​វ៉ាន់ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា បាន​ផ្តួល ម៉ន ខួច អ្នក​ប្រដាល់​ក្លិប​ការិយា​ល័យ​ទី​៥ កងទ័ពជើងគោក ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ ក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ។

ចំណែក សោម ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា បាន​វាយ​ឈ្នះ​ណាក់ សុខា អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ពិន្ទុ​។ ពួកគេ​ទាំងពីរ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu