Ad Code

ក្រុមបាល់ទាត់​នារី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ត្រៀម​ចូលរួម​កម្មវិធី​បាល់ទាត់​មួយ​ដើម្បី​អបអរ​ថ្ងៃ​សិទ្ធិនារី



យោង​តាម​ការ​បញ្ជាក់​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​លើក​ឡើង​ថា​ ក្លិប​សម្រេច​បញ្ជូន​ក្រុមបាល់ទាត់​នារី​របស់​ខ្លួន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​មួយ​ពោល​គឺ​កម្មវិធី​អបអរ​សាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ នៅ​ថ្ងៃ​សុក្រ ទី​៨ ខែមីនា ឆ្នាំ​២០១៩ នេះ​។

ប្រភព​បាន​បន្ត​ថា ​ក្រុម​នារី​នេះ​នឹង​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន GFA Soriya – Cambodia ដើម្បី​អបអរសាទរ​ទិវា​នារី​។ ក្រុម​នារី​ដែល​នឹង​ចូល​រួម​កម្មវិធី​នេះ​ត្រូវ​បាន​ចែកចេញជា​ពីរ​ក្រុម​គឺ​ក្រុម​នារី​ភ្នំពេញ​ក្រោ​ន និង​ក្រុម​នារី​ដែល​ជា​សមាជិក​បុគ្គលិក ក៏ដូចជា​ក្រុម​គ្រូៗ​នារី​ភ្នំពេញ​ក្រោ​ន​។ ភាគី​ទាំង​២​នឹង​ប្រកួត​បាល់ទាត់​មិត្តភាព​ជាមួយគ្នា​នៅ​តារាង​ហ្វូ​ត​សាល នៃ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី ជាន់​ទី​៤ វេលា​ម៉ោង​១​រសៀល​តទៅ​។

កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ ​ក៏​មាន​បើក​ឲ្យ​មហាជន​ចូលរួម​និង​ទស្សនា​ដោយ​សេរី​ផងដែរ ខណៈ​ការប្រកួត​នេះ​គឺធ្វើឡើង​ដើម្បី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨​មីនា នឹង​ដើម្បី​បង្ហាញថា​នារី​ក៏មាន​លទ្ធភាព​ក្នុង​ការ​លេង​បាល់ទាត់​ដូច​នឹង​បុរស​ដែរ​។ ការចូលរួម​របស់​អ្នក​ទាំងអស់គ្នា​អាច​បញ្ជាក់​ពី​លើកកម្ពស់​វិស័យ​បាល់ទាត់​នារី​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។

ទិវា​នារី​អន្តរជាតិ​(៨​មិនា​) គឺជា​ទិវា​មួយ ដែល​នារី​ជុំវិញ​ពិភពលោក ប្រារព្ធ​ពិធី ដើម្បី​រំឭក​អបអរសាទរ​សិទ្ធ របស់ខ្លួន​។ ជា​ឱកាស​មួយ​ត្រូវ​អបអរ ដោយមាន​ពិធីបុណ្យ​រំឭក​ខួប ប្រារព្ធ​ធ្វើ​ដោយ​នារី​ជុំវិញ​ពិភពលោក​។ អង្គការ សហប្រជាជាតិ ក៏​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​នេះ និង​ប្រទេស​ជាច្រើន បាន​កំណត់​ទិវា​នេះ ថា​ជា​ថ្ងៃបុណ្យ​ជាតិ​របស់ ខ្លួន​ផងដែរ​។

នៅពេល​នារី ក្នុង​ទ្វីប​ទាំងអស់​ដែលជា​ញឹកញាប់​តែង​ត្រូវ​បែងចែក​ដោយ​ព្រំដែន​ជាតិ និង​ដោយ​ជាតិ​ពន្ធ​ខុសគ្នា ដោយ​ភាព​ខុសគ្នា ខាង​ភាសា វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ មក​ជួប​ជុំគ្នា ដើម្បី​ធ្វើ​ពិធីបុណ្យ​រំឭក​ខួប​ទិវា របស់​ខ្លួន គេ អាច​រំឭក​ឡើងវិញ​អំពី​ប្រពៃណី​ដែល​តំណាង​ឲ្យ​យ៉ាងតិច​ប្រាំបួន​ទសវត្ស នៃការ​តស៊ូ​ដើម្បី​សមភាព យុត្តិធម៌​ សន្តិភាព​ និងអភិវឌ្ឍន៍៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu