Ad Code

សម្ដេច​តេ​ជោ ប្រកាស​ទៅ​អ្នក​សុំ​សិទ្ធិ​នយោបាយ កុំ​ធ្វើ​ព្រងើយកន្ដើយ រង់ចាំ​ដាក់​លក្ខខណ្ឌ ព្រោះ​ទ្វារ​អាច​បិទ​នៅមុន ឬ​ក្រោយ​បុណ្យចូលឆ្នាំ



​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​នយោបាយ​ជាថ្មី​ទៅកាន់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ ឲ្យ​ប្រញាប់ប្រញាល់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​កុំ​បាច់​រង់ចាំ និង ដាក់​លក្ខខណ្ឌ​អ្វី​ឲ្យ​សោះ​។ ព្រោះ​ទ្វារ​កំពុង​បើក​តែ​វា​ក៏​អាច​បិទ​ទៅវិញ​ផង ដែរ​ដូចនេះ​ជំរើស​មានតែ​២​ទេ ទី​១.​ត្រូវសុំ​សិទ្ធិ​នីតិ​សម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​និង ទី​២.​ត្រូវ​រង់ចាំ​រហូត​ចប់​ឳ​សាន​វាទ​នៃ​សាលក្រម​តុលាការ​កំពូល​នៅ​ខែវិច្ឆិកា​២០២២​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​ នៅក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ​ក្នុង​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ ប្រឡាយ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤ នា​ព្រឹក​ថ្ងៃទី​៤ ខែមីនា​។



​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា «​ទ្វារ​បាន​បើក​ហើយ អ្នក​ចូល​ឬ​មិន​ចូល​ស៊ីសង​លើ​អ្នក តែ​អ្នក​ក៏​ត្រូវ​គិតថា​ទ្វារ​ដែល​បាន​បើក​ហើយ​វា​ក៏ អាច​បិទ​ទៅវិញ​ដែរ ប្រសិន​អ្នក​ព្រងើយកន្តើយ ហើយ​ចង់​ទាមទារ​នេះ ទាមទារ​នោះ លក្ខខណ្ឌ​នេះ លក្ខខណ្ឌ​នោះ អ្នក​ត្រូវ​ចាំ​ថា អ្នក​ត្រូវ​រង់ចាំ​រហូតដល់ ឆ្នាំ២០២២ អ្នក​ត្រូវ​ចាំ​កុំ​រង់ចាំ​អ្វី​ទាំងអស់​។ ត្រូវ​ចាំ​ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ប្រទេស​ឯក​រាជ្យ​អធិបតេយ្យ​និង​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​រាជរដ្ឋាភិបាល​បាន​ខិតខំ​បើកទ្វារ​សម្រាប់​អស់​លោកអ្នក ប៉ុន្តែ​រឿង​អស់លោក អ្នក​ចូល ឬ​មិន​ចូល​ជា​រឿង​របស់​អស់​លោក​អ្នក។ ប៉ុន្តែ​អស់​លោក​អ្នក​កុំ​សង្ឃឹមថា​នឹង​មាន​ការ​លើក​ទោស ឬ ការលើកលែង​ការចោទប្រកាន់​ចំពោះ​អ្នកណា​នោះទេ​សុំ​ផ្តាំ​»​។ ជា​មួយ​គ្នា​នេះ​ដែរ ​សម្តេច​ក៏បាន​លើក​ឡើ​ថា «​មាន​អ្នកខ្លះ​បាន​លើក​ឡើង​ថា​ ចាំ​ក្រោយ​ថ្ងៃ ៣ មីនា ខ្ញុំ​សូម​ឲ្យ​លោក​ឯង​រង់​ចាំ​មើល​ឆ្នាំ ២០២២ និង​ឆ្នាំ២០២៣ ឯណោះ លោក​ឯង​ចូល​ ឬ​ មិន​ចូល​ជា​សិទ្ធិ​របស់​អ្នកឯង សិទ្ធិ​នយោបាយ​ត្រូវ​ហាមឃាត់ អ្នកឯង​ហ៊ាន​ធ្វើ​នយោបាយ​ខ្ញុំ​វ៉ៃ​ខ្នោះ និយាយ​ឲ្យ​ពិត រឿង​នេះ​វា​តែ​ប៉ុណ្ណឹង​។ ទ្វារ​បើក​ហើយ​បើ​អ្នកឯង​មិន​ចូល​ជា​រឿង​របស់​អ្នកឯង ហើយ​កុំ​រង់ចាំ​ថា​នឹង​មាន​ការ​សម្របសម្រួល​នយោបាយ​ណាមួយ​។ នេះ​មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ​តែ​ជា​រឿង​ផ្លូវច្បាប់​។ តុលាការ​ត្រូវ​កាត់ទោស​ជន​ដែល​កំពុង​ស្ថិត​នៅក្រោម​កា​រ​ស៊ើបអង្កេត​ពី​សំណាក់​តុលាការ​ជា​បន្ត​នៅពេល​គេ​បិទ​ការស៊ើបអង្កេត គេ​នឹង​ដំណើរការ​ក្តី​តាម​អំណាច​របស់​តុលាការ។ ខ្ញុំ​គ្រាន់តែ​ឲ្យ​សារ​ចុងក្រោយ​សម្រាប់​អ្នក​ហើយ​អ្នក​ព្រងើយកន្តើយ​ទ្វារ​នឹងត្រូវ​បិទ​នៅមុន​ចូលឆ្នាំ​ខ្មែរ ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ ហើយ​ទោះបីជា​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដាក់​លិខិត​សុំ​យ៉ាង​ណា​ក្តី​ក៏​ខ្ញុំ​មិន​អើពើ ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ឲ្យ​អ្នកឯង​បានដឹង ហើយ​បញ្ជាក់​នៅមុខ​ទូត​ជប៉ុន​ទៀតផង។ ព្រោះ​ខ្ញុំ​ដឹង​អ្នកខ្លះ​រង់ចាំ​ប៉ុន្មាន​ថ្ងៃ​ទៀត ប៉ុន្មាន​អាទិត្យ​ទៀត ប៉ុន្តែ​អ្នក​ត្រូវ​រង់ចាំ​ដល់​ខែវិច្ឆិកា ឆ្នាំ ២០២២ ដូច្នេះ​អ្នក​គ្មាន​លទ្ធភាព​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០២២​នោះទេ​...»​។

ជា​មួយ​នេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ព្រមាន​ចំពោះ​មនុស្ស​មួយចំនួន​ដែល​នៅតែ​បន្ត​ប្រើ​ពាក្យសំដី​បែប​ច្រឡើសបើស​ថា «​បើ​អ្នក​នៅ​បន្ត​ឈ្លើយ​ប្រើ​សំដី​ឈ្លើយ​ទ្វារ​នឹង​ត្រូវ​បិទ​នៅមុន​ចូលឆ្នាំ​ខ្មែរ ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៩​នេះ​ព្រោះ​ភាពព្រហើន គឺ​មិនអាច ឬ​វា​នឹង​ទៅតាម​ច្បាប់ គឺ​ច្បាប់ ប៉ុន្តែ​គេ​អាច​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ហើយ​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បដិសេធ ហើយ​ស្នើ​មក​នាយក​រដ្ឋមន្ត្រី​តែ​វា​ឈ្លើយ​ពេក​ទុក​ឲ្យ​នៅ​នឹង​ទៅ។ ខ្ញុំ​ដឹង​មាន​អ្នក​កំពុង​រត់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​ក៏​មាន​អ្នក​ស្ទាក់ស្ទើរ ហើយ​ជាពិសេស​អ្នក​ដែល​ស្ទាក់ស្ទើរ​នោះ​បាន​ទទួល​អនុសាសន៍​ពី​អ្នកវិភាគ​មួយ​ដែល​ថា​រង់​ចាំ​មើល​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​អាទិត្យ​ទៀត។ ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​ថាបើ​រង់ចាំ​ដូច្នេះ​សូម​រង់ចាំ​ដល់​រហូតដល់​ខែវិច្ឆិកា​ឆ្នាំ​២០២២ គឺជា​ថេរវេលា​នៃ​សាលដីកា​តុលាការ​កំពូល ដូច្នេះ​អ្នក​គ្មាន​ឱកាស​មក​បង្កើត​បក្សនយោបាយ​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទេ​»​។

​សម្តេច​តេ​ជោ​ក៏បាន​លើកឡើង​ថា ​សម្តេច​ក៏បាន​ប្រាប់​ទៅកាន់​តំណាង​គណបក្ស​នយោបាយ​ចំនួន ១៦ ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់​យោបល់​ថា មាន​ជម្រើស​ពីរ​សម្រាប់​អតីត​ប្រឆាំង​គឺ​ទី​១-​សុំ​សិទ្ធិ​ធ្វើ​នីតិសម្បទា​ហើយ​រៀបចំ​បក្សនយោបាយ ដើម្បី​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ ជំរើស​ទី​២-​រង់ចាំ​ឲ្យ​ផុត​សាលដីកា​តុលាការ​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០២២ ហើយ​ត្រូវ​រៀបចំ​បង្កើត​បក្សនយោបាយ ចូលរួម​បោះឆ្នោត​នៅ​ខែកក្កដា​ឆ្នាំ​២០២៣​។​ សម្តេច​បាន​បន្ត​ថា ប្រាក់ចំណេញ​គឺ​បាន​ទៅ​លោកអ្នក​ទេ​ព្រោះ​សន្លឹកឆ្នោត​ដែល​គេ​មិន​បោះ​ឲ្យ​គណបក្ស​ប្រជាជន​នោះ​គឺ បោះ​ឲ្យ​អស់លោក​ទេ​។ សូម​បញ្ជាក់​ថា ​នៅ​កម្ពុជា​មិនមែន​មានតែ​គណបក្ស​មួយ​នោះទេ​គឺមាន​រាប់សិប ហើយ​មាន​អ្នកខ្លះ​ទើប​បង្កើត​ថ្មី​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា សម្តេច​ក្តាប់​បាន​ថា​មាន​មន្ត្រី​អតីត​បក្ស​ប្រឆាំង​មួយចំនួន​បាន​ប្រជុំគ្នា​ថា​នឹង​ចូល​មក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ។ ឥឡូវ​មាន​អ្នកខ្លះ​នៅ​បាងកក អ្នកខ្លះ​នៅ​ភ្នំពេញ អ្នកខ្លះ​នៅ​សៀមរាប គេ​បាន​ប្រជុំ​គ្នា​ដែល​ភាគច្រើន​មានគំនិត​ចង់​សុំ​សិទ្ធិ​នយោបាយ​។ ប៉ុន្តែ​មាន​មនុស្ស​ម្នាក់​ដែល​មិន​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស ១១៨ នាក់ ឬ មិន​នៅក្នុង​ចំណោម ១១៥ ព្រោះ​មាន​៣​នាក់​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​រួចហើយ។ ម្នាក់​នោះ​គេ​ថា​ ដូច​ជា​មាន​សញ្ញា​សម្រាប់​ដោះស្រាយ​បញ្ហា​នយោបាយ ចំណុច​នេះ​សម្តេច​បាន​បញ្ជាក់​ច្បាស់​ថា​អត់​ទេ សម្តេច​គ្មាន​ត្រូវ​ការចរចា​នយោបាយ​អ្វី​ទាំងអស់ ខ្ញុំ​ត្រូវ​ទុក​សិទ្ធិ​ឲ្យ​តុលាការ​កាត់ក្តី​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង កំពុង​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ នេះ​ជា​សារ​នយោបាយ​ជាក់លាក់​ដែល​សម្តេច​មិនអាច​ធ្វើ​ផ្ទុយ​ពីនេះ​បានជា​ដាច់ខាត។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ឲ្យ​សារ​ទៅ​អ្នក​ទាំងឡាយ​ដែល​ឲ្យ​មតិ​នេះ​មតិ​នោះ សុំ​អ្នក​ត្រូវ​ចាំ​សិទ្ធិ​ចុះហត្ថលេខា​នៅលើ​ដៃ ហ៊ុន សែន បើ​អ្នក​ព្រហើន​ហើយ​វាយតម្លៃ​ខុស សូម្បី​ដាក់​សុំ​ក្នុងចំណោម ១៥ ហើយ​ដឹង​ថា មាន​មនុស្ស​ពីរ នាក់​ដែលជា​មនុស្ស​ក្បាលរឹង​ប្រឆាំងនឹង​សាលក្រម​តុលាការ​ស​ម្តេចក៏​អាចធ្វើ​ការទាត់ចោល​មនុ​ស្ស ២ នាក់​នោះ​ចេញ ហើយ​ដោះស្រាយ​ជូន​តែ ១៣ នាក់​ប៉ុណ្ណោះ នេះ​ជា​សិទ្ធិ​របស់​សម្តេច​ក្នុងការ​សម្រេច។ នៅ​ពេល​ដែល​អ្នក​មិនទាន់មាន​នីតិ​សម្បទា​ខាង​នយោបាយ​អ្នកធ្វើនយោបាយ​អ្នក​នឹង​ខុស​។ សម្តេច​តេ​ជោ​បញ្ជាក់​ថា នេះ​មិនមែន​ជា​ការ​បង្ក្រាប​ខាង​នយោបាយ​ទេ ជាការ​ដាស់តឿន​ដើម្បី​ពង្រីក​នូវ​លំហ​ខាង​នយោបាយ សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង ក្របខ័ណ្ឌ​នីតិរដ្ឋ​។



សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ រាជរដ្ឋាភិបាល​បាន​បើកទ្វារ ដែល​មុន​នេះ​គេ​សុំ​មក​យើង​មិនអាច​ផ្តល់​ឲ្យ ដោយសារតែ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មិនបាន​ផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី​សុំ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ផ្តល់​នីតិសម្បទា​ខាង​នយោបាយ។ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​កែ​ច្បាប់​ដើម្បី​ឲ្យ នាយករដ្ឋមន្ត្រី​មាន​សិទ្ធិ​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ផ្តល់​នីតិសម្បទា​ដល់​អ្នកនយោបាយ។

សូម​រំលឹក​ថា ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដែល​ជា​ការ​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ជាប់​បម្រាម អាច​ធ្វើ​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​ឡើងវិញ​នោះ ត្រូវ​បាន​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​ចេញ​ព្រះរាជក្រម ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩​។

រហូតមកដល់​ពេលនេះ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បំរាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​នោះ មាន​ចំនួន​៣​នាក់​ហើយ​ដែល​បាន​ដាក់​ពាក្យសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​ក្នុង​នោះ​រួមមាន​លោក គង់ បូរ៉ា​, លោក គង់ គាំ និង​លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់​នី​។

សូម​បញ្ជាក់​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន​១១៨​នាក់ ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាលដីកា​ផ្អាក​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​បិទផ្លូវ​តវ៉ា បន្ទាប់ពី​តុលាការ​រក​ឃើញ​ថា អតីត​គណបក្សប្រឆាំង​នេះ បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu