Ad Code

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់​កម្មវិធី​ចែករំលែក​បទពិសោធន៍​បាល់ទាត់​ដោយ​ជោគជ័យ​នៅ​ខេត្តស្វាយរៀង



​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​កីឡាករ​អស់​មួយរយៈ​ហើយ មិនតែប៉ុណ្ណោះ​ក្រុម​នេះ​ព្រមទាំង​បាន​ចុះ​ចែករំលែក​បទពិសោធន៍​បាល់ទាត់ (Football Clinic) បាន​ដោយ​ជោគជ័យ​នៅ​ទឹកដី​ខេត្តស្វាយរៀង កាលពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់​។



ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ចែករំលែក​បទពិសោធន៍​និង​មូលដ្ឋានគ្រឹះ​បាល់ទាត់​ដល់​កុមារ​ជាង​៥០​នាក់​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ស្វាយជ្រុំ ក្នុង​ខេត្តស្វាយរៀង ខណៈ​លោក​Conor Nestor គ្រូបង្វឹក ក្រុមការងារ​របស់​ក្លិប​និង​កីឡាករ​ទាំងអស់​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ផងដែរ​។ នេះ​ជា​សកម្មភាព​របស់​ក្លិប​ដែល​តែងតែ​ធ្វើជា​ប្រចាំ​នៅលើ​ទឹកដី​ខេត្ត​របស់ខ្លួន​។



ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ដឹកនាំ​ដោយ​លោក Conor Nestor ទទួល​ចំណាត់ថ្នាក់​មិនសូវ​បានល្អ​នោះទេ​ប្រចាំ​រដូវ​កាល​នេះ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បើ​ធៀប​នឹង​លទ្ធផល​តាម​ឆ្នាំ​កន្ល​ងមក​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​១០​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់​អង្គ​រថា​យ​ហ្គឺរ។



​សម្រាប់​ប្រកួត​បើក​រដូវ​កាល​ឆ្នាំ​២០១៩ ខាងមុខនេះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្ត​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ក្រសួងការពារជាតិ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០១៩ ក្នុង​សប្ដាហ៍​ទី​១​។ យ៉ាង​ណា​ក្តី​ក្រុម​ទាំងមូល​បាន​ចូល​ហ្វឹកហាត់​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​បាន​មួយ​រយៈ​ខ្លី​មក​ហើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu