Ad Code

សិស្សានុសិស្ស​ជាង​២២០០​នាក់ ទទួល​បាន​សម្ភារៈ​សិក្សា​ពី​សប្បុរសជន



ភ្នំពេញ​ ៖​ សិស្សានុសិស្ស​ជាង​២២០០​នាក់​រៀន​នៅ​សាលាបឋមសិក្សា​គោក​បញ្ជាន់​ស្ថិតនៅ​ភូមិ​ចោមចៅ​ទី​២ សង្កាត់​ចោមចៅ​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ទទួល​សម្ភារៈ​សិក្សា​រួម​មាន សៀវភៅ ប៊ិច​និង​សម្ភារៈ​កីឡា​មួយចំនួន​ ពី​សប្បុរសជន​ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​ប្រចាំថ្ងៃ​របស់​ពួកគេ​។



លោក ឡូន ផុន ជា​នាយក​សាលាបឋមសិក្សា​គោក​បញ្ជាន់ បាន​មានប្រសាសន៍ថា «​ជំនួសមុខ​ឲ្យ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ក្រុមហ៊ុន​អរ​សាំ​គ្លូ​ប៊​ល​អ៊ី​ន​វេស​ម៉ិ​ន​គ្រុប ដែល​បាន​ជួយឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​នៅក្នុង​សាលារៀន​របស់​យើង​។ វត្តមាន និង​ភាព​ស្មោះត្រង់​របស់​ពួកគេ គឺជា​គំរូ​ដ៏​ល្អ​ដែល​សហគមន៍​ជឿជាក់​ថា ​សហគ្រាស​ដទៃ​ទៀត​ នឹង​អនុវត្ត​តាម​។ ខ្ញុំ​សង្ឃឹមថា​ ក្រុមហ៊ុន នឹង​នៅតែ​បន្ត​សហការ​ចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍​សាលា​របស់​យើង​»​។



ចំណែក​ប្អូន​ធា​រី សិស្ស​ថ្នាក់​ទី​៥ នៃ​សាលាបឋមសិក្សា​គោក​បញ្ជាន់​បាន​មាន​ចំណាប់អារម្មណ៍​ថា ​«​ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​ទទួល​បាន​សៀវភៅ និង​សម្ភារៈ​សិក្សា​មួយចំនួន​ពី​ក្រុមហ៊ុន​អរ​សាំ​ថ្ងៃនេះ​។ ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​គ្រួសារ និង​ប្រទេសជាតិ​ខ្ញុំ​។ ខ្ញុំ​នឹង​មិន​ឲ្យ​ពួកគាត់​ខកបំណង​ទេ​។ ខ្ញុំ​សប្បាយចិត្ត និង​មាន​ភាព​កក់ក្តៅ​ណាស់ ពេល​បាន​ជួប​ពួកគាត់ ពីព្រោះ​ពួកគាត់ មាន​ភាព​រួសរាយ​រាក់ទាក់ និង​ចិត្តល្អ​ចំពោះ​យើង​គ្រប់គ្នា​។ ពួក​យើង​នឹង​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ទទួល​បាន​ជោគជ័យ​ដូចជា​ពួកគាត់​។ ខ្ញុំ​អរគុណ​បងៗ ហើយ​ស្រឡាញ់​បងៗ​ទាំងអស់គ្នា​ណាស់​»​។



ចំណែក លោកស្រី Evelyn Pek បាន​មានប្រសាសន៍ថា ​«​យើងខ្ញុំ​ទាំងអស់គ្នា​មាន​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ដែល​មាន​វត្តមាន​នៅ​ថ្ងៃ​នេះ​។ ក្រុមហ៊ុន​អរ​សាំ មិន​ត្រឹមតែ​ធ្វើការ​វិនិយោគ​លើ​វិស័យ​នានា​នៅក្នុង​ព្រះរាជាណាចក្រ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​ក៏បាន​ផ្តោត​ការ​យក​ចិត្តទុកដាក់​ខ្ពស់​ជាពិសេស ទៅលើ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកបដោយ​គុណភាព​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ យើង​ជឿជាក់​ថា ​ការ​វិនិយោគ​ទៅលើ​កុមារ គឺជា​ការ​វិនិយោគ​ដើម្បី​អនាគត​របស់​ប្រទេស​កម្ពុជា ពីព្រោះ​កុមារ​គឺជា​ទំពាំង​ស្នង​ឫស្សី និង​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​។ ថ្ងៃនេះ​យើងខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​បានរួម​ចំណែក​ក្នុង​ការជួយជ្រោមជ្រែង ដល់​សិស្សានុសិស្ស​ទាំងអស់គ្នា​ដែល​កំពុង​សិក្សា​នៅក្នុង​សាលាបឋមសិក្សា​គោក​បញ្ជាន់​នេះ»៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu