Ad Code

ប្រជាកសិករ​នៅក្នុង​ខេត្ត​ចំនួន ៤ នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ លែង​ខ្វល់​ពី បញ្ហា​សុំ​ស៊ីអូ ទម្រង់ ឌី ដើម្បី​នាំចេញ​កសិផល ចេញ​ទៀតហើយ



ក្រចេះ​ ៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ថា ដើម្បី​សម្រួល​ដល់​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ សម្រាប់​ខេត្ត​ដែល​ស្ថិត​នៅ​តាម​ព្រំដែន​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ក្រសួងពាណិជ្ជកម្ម បាន​ធ្វើ​ប្រតិភូកម្ម​សេវា​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ (CO) ទម្រង់ ឌី (D) តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ជូន​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី​។

លោក រដ្ឋមន្ត្រី​ថ្លែង​បែបនេះ​បាន ធ្វើឡើង កាលពី​ថ្ងៃទី​៩ មីនា នៅ​ក្នុង​ពិធី​ប្រកាស និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សេវា CO ទម្រង់ D នេះ ត្រូវ​បាន​រៀបចំឡើង​នៅ​សណ្ឋាគារ​លី​ជិ ខេត្តក្រចេះ ដោយ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​នៃ​ខេត្ត​ទាំង​បួន​ខាងលើ មន្ត្រីរាជការ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​វិស័យ​ឯកជន​ប្រមាណ ៣០០​នាក់​។



នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​រំលឹក​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុវត្ត​ក្របខណ្ឌ​យុទ្ធសាស្ត្រ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ សំដៅ​ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ និង​ប្រកបដោយ​និរន្តរភាព អាច​ឆ្លើយតប​តម្រូវ​ការ​អាទិភាព​របស់​ប្រជាពលរដ្ឋ និង​គោលការណ៍​អភិបាលកិច្ច​ល្អ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​។

លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា កន្លងមក​ក្រសួងពាណិជ្ជកម្ម បាន​ធ្វើ​ប្រតិភូកម្ម​សេវា CO ទម្រង់ D នេះ ទៅដល់​មន្ទីរ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត​ចំនួន ៥ ដូចជា ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និង​រតនគិរី រួម​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន២ នៅក្នុង​ខេត្តស្វាយរៀង​គឺ Manhattan តាយសេង និង​សាន​ដុង​-​សាន់​សែ​ល ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ជាពិសេស​ការនាំចេញ​កសិផល​របស់​ប្រជាកសិករ​ខ្មែរ​។



លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​បន្ថែម​ទៀត​ថា ការ​ដាក់​ឲ្យ​ដំណើរការ​សេវា CO ទម្រង់ D នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី ថ្ងៃនេះ គឺ​ដោយសារតែ​ជា​ខេត្ត​អាទិភាព ដែល​ស្ថិត​នៅ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្លាំង លើ​ការកាត់បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន នៅក្នុង​ខេត្ត​ទាំង​បួន​នេះ​។ ការ​ធ្វើ​ប្រតិភូកម្ម​នេះ គឺ​មិន​ត្រឹមតែ​ជា​ការ​ផ្ទេរ​ភាពជា​ម្ចាស់​នៃ​មុខងារ​ទេ ថែមទាំង​ជា​ការ​ទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង និង​ការអនុវត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ជាពិសេស​ការ​ចេញ CO ទម្រង់ D ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស​ជូន​អ្នក​នាំចេញ ដើម្បី​សម្រួល​ដល់​ការនាំចេញ​កសិផល ជៀសវាង​បាន​នូវ​ភាព​អសកម្ម​នានា និង​ការ​កកស្ទះ​ដោយ​ប្រការ​ណាមួយ​។

សូម​ជម្រាប​ថា កាលពី​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​ទំនិញ​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​ទឹកប្រាក់ ១២,៨៩៥​លាន​ដុល្លារ​អាមេរិក បាន​កើនឡើង ១៣.៧០% បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ ដែល​មាន​ទឹកប្រាក់​ត្រឹមតែ ១១,៣៤១​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក​ការនាំចេញ​កសិផល តាមរយៈ CO ទម្រង់ D ទៅកាន់​ទីផ្សារ​តំបន់​អាស៊ាន ក៏​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ គឺ​បាន​កើន​ពី​ទឹកប្រាក់ ៧២៨​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០១៦ ដល់​ទឹកប្រាក់ ១,៤០៦​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៨៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu